អង្គសន្និបាតបូកសរុបការងាររបស់ក្រសួងព័ត៌មាន ឈានមកដល់ថ្ងៃទី២ បានបង្ហាញយ៉ាងច្បាស់ថា វិស័យព័ត៌មានបានបង្កើតភាពជាដៃគូ និងបំពេញតួនាទីជាស្ពានចម្លងផ្សារភ្ជាប់ទំនាក់ទំនង រវាងស្ថាប័នរដ្ឋ និងប្រជាជនបានកាន់តែជិតស្និទ្ធ និងផ្តល់ព័ត៌មានបានកាន់តែច្បាស់ពីភាពវិជ្ជមាន និងអវិជ្ជមាន, វិស័យព័ត៌មាន បានក្លាយជាបង្គោលចរមួយក្នុងចំណោមបង្គោលចរសំខាន់ៗ របស់ជាតិ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ,
(ភ្នំពេញ)៖ នៅក្នុងឱកាសនៃអង្គសន្និបាតបូកសរុបលទ្ធផលការងារ ក្នុងឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន បានបន្តកិច្ចពិភាក្សាគ្នាឈានបន្តដល់ថ្ងៃទី២ ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដឹកនាំអង្គសន្និបាត ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។
អង្គសន្និបាតបូកសរុបលទ្ធផលការងារ របស់ក្រសួងព័ត៌មាន ធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦
ក្រោមអធិបតីភាព ឯកឧត្តមក្រោមមូលបទ “ការពង្រឹងប្រសិទ្ធភាព និងសមត្ថភាពស្ថាប័នក្រោមរចនាសម្ព័ន្ធថ្មី”។
ចំណុចសំខាន់ៗដែលអង្គសន្និបាតលើកមកបង្ហាញឲ្យឃើញថា ក្នុងរយៈពេលជាង ២ឆ្នាំកន្លងមកនេះ ក្រសួងព័ត៌មាន បានជំរុញអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានឱ្យបំពេញតួនាទីតាមក្រមសីលធម៌ និងវិជ្ជាជីវៈ ក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មានប្រកបដោយគុណភាព និងសុវត្ថិភាព និងដើម្បីទប់ស្កាត់ជនឱកាសនិយមជ្រកក្រោមស្លាកសារព័ត៌មានដែលតែងតែធ្វើឱ្យបាត់បង់តម្លៃ និងកិត្យានុភាពរបស់អ្នកសារព័ត៌មាន ស្ថាប័ន សារព័ត៌មាន និងវិជ្ជាជីវៈសារព័ត៌មាន។
ជាការពិត ក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសកន្លងមកវិស័យព័ត៌មានបានរួមចំណែកយ៉ាងសំខាន់ រួមមាន៖
ទី១. ការចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យលើមូលដ្ឋាននីតិរដ្ឋ
ទី២. ការបញ្ជូនព័ត៌មានពិត និងលឿនរហ័ស
ទី៣. ការផ្តល់ព័ត៌មានបែបអប់រំ ចំណេះដឹង និងការកម្សាន្ត
ទី៤. ជាឆ្នាំត្រួតពិនិត្យតុល្យភាពសង្គមដ៏ស្មោះត្រង់ និង ទី៥. ការចូលរួមកែលម្អសង្គមតាមរយៈការផ្តល់ព័ត៌មានគិតគ្រប់ជ្រុងជ្រោយ និងប្រកបដោយតម្លាភាព និងជាអ្នកផ្តល់ធាតុចូលក្នុងការរៀបចំគោលនយោបាយយុទ្ធសាស្ត្រ និងផែនការរបស់រាជរដ្ឋាភិបាល។
ជារួម វិស័យព័ត៌មាន ជាកាតាលីករយ៉ាងសំខាន់ក្នុងការបង្កើតខ្លឹមសារ ចែកចាយព័ត៌មានអំពីសង្គមជាតិ និងបង្ហាញតថភាពសង្គម និងការអភិវឌ្ឍ។ ជាសមិទ្ធផលចម្បងៗដែលក្រសួងព័ត៌មាន សម្រេចបាននៅក្នុងឆ្នាំ២០២៥ មានដូចខាងក្រោម៖
១. ការដឹកនាំអនុវត្តផែនការយុទ្ធសាស្ត្រ
ដើម្បីសម្រេចបាននូវទិសដៅ ដូចបានកំណត់ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ឆ្នាំ២០២៤ -២០២៨គ្រប់អគ្គនាយកដ្ឋាន និងអង្គភាពក្រោមឱវាទទាំងអស់រួមទាំងមន្ទីរព័ត៌មានរាជធានី-ខេត្ត បានរៀបចំនូវផែនការសកម្មភាពរបស់ខ្លួន សម្រាប់សម្រួលដល់ការអនុវត្តជាក់ស្តែងតាមដំណាក់កាល នីមួយៗ ជាមួយនឹងសូចនាករ និងកាលបរិច្ឆេទជាក់លាក់ផងដែរ។
គ្រប់អគ្គនាយកដ្ឋាន និងអង្គភាពក្រោមឱវាទទាំងអស់រួមទាំងមន្ទីរព័ត៌មានរាជធានី-ខេត្ត បានចាប់ផ្តើមរៀបចំផែនការសកម្មភាព ដោយសហការជាមួយលេខាធិការដ្ឋានរបស់គណៈកម្មាធិការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ របស់ក្រសួងព័ត៌មាន និងក្រុមការងារតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្រ ផែនការអភិវឌ្ឍន៍ និងគោលនយោបាយរបស់ក្រសួងព័ត៌មាន។
ជាថ្មីម្តងទៀត ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា
សង្ឃឹមយ៉ាងមុតមាំថា សន្និបាតរយៈពេល ៣ថ្ងៃនេះ នឹងផ្តល់ឱកាសឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ចូលរួមសាទរសមិទ្ធផលសម្រេចបានរបស់ក្រសួងព័ត៌មាន នៅឆ្នាំចាស់ ក៏ដូចជារួមគ្នាជាគំនិតដើម្បីកំណត់ទិសដៅការងារជាយុទ្ធសាស្ត្រក្នុងការលើកស្ទួយវិស័យព័ត៌មាន និងសោតទស្សន៍ដែលជាធាតុដ៏សំខាន់ក្នុងការលើកកម្ពស់កិត្យានុភាពកម្ពុជានៅក្នុងតំបន់ និងនៅលើឆាក អន្តរជាតិ ជាពិសេសក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ ឯកឧត្តម ក៏មានជំនឿជឿជាក់យ៉ាងមុតមាំលើសមត្ថភាព ស្មារតីទទួលខុសត្រូវ និងសាមគ្គីភាពរបស់គ្រួសារ ក្រសួងព័ត៌មានថា នឹងបន្តរួមគ្នាដើរតួនាទីស្នូលក្នុងការចូលរួមលើកកម្ពស់វិស័យព័ត៌មាន និងសោតទស្សន៍ ឱ្យកាន់តែរីកចម្រើន និងកសាងលំហព័ត៌មាននៅកម្ពុជាប្រកបដោយគុណភាព សុវត្ថិភាព និងទំនួលខុសត្រូវ សម្រាប់ជាឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្ត្រី សូមថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន ដែលបានចូលរួមចំណែក ក្នុងការសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនរបស់ក្រសួងព័ត៌មាន នាពេលកន្លងមក៕



