អង្គភាពប្រឆាំងអំពើពុករលួយរៀបចំ កិច្ចប្រជុំលើកទី៨ អាណត្តិទី៤ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) លើកទី៨ អាណត្តិទី៤ បានដំណើរការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព. ដើម្បី៖ ១-ឆ្លងកំណត់ហេតុកិច្ចប្រជុំលើកទី៧ អាណត្តិទី៤ ២-របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និង ៣- បញ្ហាផ្សេងៗ។
នៅក្នុងអំឡុងខែមីនាឆ្នាំ២០២៦នេះ អង្គភាពប្រឆាំងអំពើពុករលួយបានដំណើរការ
ពិនិត្យវិភាគនិងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះចំនួន៣៣ពាក្យប្ដឹងនិងបាន
បញ្ជូនសំណុំរឿងចំនួន ៣ករណី ដែលមានជនសង្ស័យចំនួនទៅសាលាដំបូងរាជធានីភ្នំពេញ និងសាលាដំបូងខេត្តកំពង់ឆ្នាំង។ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លើកទី៨ អាណត្តិទី៤ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម យុិនទៀង ពុទ្ធិរិទ្ធ ប្រធានស្តីទី ACU បានរាយការណ៍ថា នៅថ្ងៃទី២៧ ខែកុម្ភៈ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធអំពើបំផ្លាញ និងគៃបំបាត់ ទន្ទ្រាន ហ៊ុមព័ទ្ធ កាន់កាប់ ដុត កាប់ឆ្ការ រុករាន ឈូសឆាយ ព្រៃលិចទឹក ក្នុងភូមិសាស្រ្តស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ប្រព្រឹត្តដោយបុគ្គលម្នាក់ (គេចខ្លួន) និងមានជនសង្ស័យ ៣រូបជាប់សង្ស័យពីបទ សមគំនិតក្នុងអំពើបំផ្លាញ និងគៃបំបាត់។
នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធអំពើ រំលោភអំណាច មានទ្រព្យសម្បត្តិដោយខុសច្បាប់ និងមិនប្រកាសទ្រព្យសម្បត្តិ ប្រព្រឹត្តដោយមន្រ្តី អ.ប.ព. ចំនួន២ រូប និងអ្នកសមគំនិត ១រូប ដែលមានជនសង្ស័យ ៣រូប។ ក្នុងនោះទី១៖ ឈ្មោះ ជឹម អូន ជាមន្រ្តី នៃនាយកដ្ឋានស៊ើបអង្កេត និងចារកម្ម នៃអង្គភាពប្រឆាំងអំពើពុករលួយ ជាប់សង្ស័យក្នុងអំពើរំលោភអំណាចមានទ្រព្យសម្បត្តិដោយខុសច្បាប់និងមិនប្រកាសទ្រព្យ
សម្បត្តិ និងបំណុល, ទី២៖ ឈ្មោះ ជឹម សុខជឿន ជំនួយការរបស់ ជឹម អូន ជាប់សង្ស័យពីបទ សមគំនិតក្នុងអំពើរំលោភអំណាច និងទី៣ឈ្មោះ ភេន រចនា ភេទស្រី អាយុ ៣៦ ឆ្នាំ មន្រ្តី នៃនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុនៃអង្គភាពប្រឆាំងអំពើពុករលួយជាប់សង្ស័យពីបទសម គំនិតក្នុងអំពើរំលោភអំណាច។ ករណីអនុប្រធានសាខាគយ និងរដ្ឋាករ ខេត្តកោះកុង ឈរជើងនៅចំណុចអណ្តូងទឹកដែលល្បីល្បាញចាប់ឡានដឹកទំនិញមិនរើសតាំងពីទំនិញមានពន្ធ ទំនិញគ្មានពន្ធ គ្រឿងអេតចាយ ត្រី សាច់ បន្លែ គ្រឿងផ្ទះដែលរុះរើហើយ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៦ អ.ប.ព. បានកសាងសំណុំរឿងពាក់ព័ន្ធអំពើ រំលោភអំណាច និងសម្អាតប្រាក់ ដែលមានជនសង្ស័យ ៤រូប ទី១៖ ឈ្មោះ ម៉ៅ សាន់សូនា ភេទប្រុស អាយុ ៥៨ឆ្នាំមុខរបរអនុប្រធានសាខាគយនិងរដ្ឋាករខេត្តកោះកុងជាប់សង្ស័យក្នុងអំពើរំលោភអំណាច និងសម្អាតប្រាក់, ទី២៖ ឈ្មោះ ម៉ៅ ទិត្យា ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរ បុគ្គលិកជាប់កិច្ចសន្យា នៃសាខាគយ និងរដ្ឋាករ ខេត្តកោះកុង ជាប់សង្ស័យពីបទ សមគំនិតក្នុងអំពើរំលោភអំណាច និងសម្អាតប្រាក់, ទី៣៖ ឈ្មោះ ពត ស្រីនាង ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរមេផ្ទះ ជាប់សង្ស័យពីបទ សមគំនិតក្នុងការសម្អាតប្រាក់ និងទី៤៖ ឈ្មោះ ផល ដុល្លា ភេទ ប្រុស អាយុ ២៧ឆ្នាំ មុខរបរបុគ្គលិកធនាគារ ជាប់សង្ស័យពីបទ សមគំនិតក្នុងការសម្អាតប្រាក់ ៕



