អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព ACU) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងប្រមូលធាតុចូល សម្រាប់សេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយ ដំណាក់កាលទី៤ (២០២៥-២០៣០)

អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព ACU) បានរៀបចំពិធីស្តីពីកិច្ចប្រជុំផ្សព្វផ្សាយ និងប្រមូលធាតុចូល សម្រាប់សេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយ ដំណាក់កាលទី៤ (២០២៥-២០៣០) ក្រោមអធិបតីភាព ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិតទេសរដ្ឋមន្រ្តី ឧិម យ៉ិនទៀង ប្រធាន(អ.ប.ព ACU) នៅសណ្ឋាគារ Hyatt Regency Phnom Penh ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥
ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិតទេសរដ្ឋមន្រ្តី ឧិម យ៉ិនទៀង ប្រធាន(អ.ប.ព ACU) មានប្រសាសន៍បើកកិច្ចប្រជុំថាៈ ខ្ញុំសូមថ្លែងអំណរគុណចំពោះវត្តមាននៃអង្គប្រជុំ ក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយ និងប្រមូលធាតុចូលសម្រាប់សេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយ ដំណាក់កាលទី៤ (២០២៥-២០៣០) ដើម្បីណែនាំ និងផ្សព្វផ្សាយបន្តនៅតាមក្រសួងស្ថាប័ន អង្គភាព ផ្ទាល់ខ្លួន នូវសកម្មភាព និងការងារសំខាន់ៗជាច្រើន ពាក់ព័ន្ធនឹងការចូលរួមជាមួយរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ក្លៀវក្លា និងថាមពលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការអនុវត្តគោលនយោបាយ និងកម្មវិធីប្រយុទ្ធប្រឆាំងអំពើពុករលួយ ក៏ដូចជា ការផ្តល់ធាតុចូលបន្ថែមលើផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយ ដំណាក់កាលទី៤ (២០២៥-២០៣០) ដែលនឹងត្រូវអនុម័តដោយក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) នាពេល ខាងមុខ សម្រាប់ឱ្យ អ.ប.ព. ប្រើប្រាស់ជាផែនទីបង្ហាញផ្លូវក្នុងការអនុវត្ត តួនាទី ភារកិច្ច ដែលច្បាប់ បានប្រគល់ឱ្យ។ យោងតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ឆ្នាំ២០១១ ស្ថាប័នប្រឆាំងអំពើពុករលួយត្រូវ បានបង្កើតឡើងដោយក្នុងនេះរួមមានអង្គ ០២ គឺ ក.ជ.ប.ព. និង អ.ប.ព.។ ក.ជ.ប.ព. ដែលរួមមាន សមាសភាព ១១ រូប មកពីគ្រប់ស្ថាប័នពាក់ព័ន្ធសំខាន់ៗ មានតួនាទីត្រួតពិនិត្យមើល ផ្តល់អនុសាសន៍ តម្រែតម្រង់ទិស និងដាក់ចេញផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយ ដើម្បី អ.ប.ព. អនុវត្តតាម ហើយការអនុវត្តការងាររបស់ អ.ប.ព. នឹងត្រូវ ក.ជ.ប.ព. រាយការណ៍ប្រចាំឆមាស – ឆ្នាំ ជូនទៅ នាយករដ្ឋមន្ត្រី។ អ.ប.ព. ជាស្ថាប័នឯករាជ្យមានតួនាទីអនុវត្តច្បាប់បង្ក្រាបបទល្មើសពុករលួយ ដឹកនាំការងារអប់រំ និងបង្ការទប់ស្កាត់ និងជំរុញការចូលរួម និងសហប្រតិបត្តិការពីសំណាក់គ្រប់ភាគី ពាក់ព័ន្ធទាំងអស់ក្នុងសង្គម។ អង្គទាំង ០២ មានតួនាទីដាច់ដោយឡែកពីគ្នា តែបំពេញឱ្យគ្នាដើម្បី គោលដៅរួមរបស់រាជរដ្ឋាភិបាល ដែលតែងតែដាក់ចេញគោលនយោបាយ និងកម្មវិធីដឹកនាំជាច្រើន អាណត្តិមកហើយ គាំទ្រ និងជំរុញការកសាងសង្គមស្អាតស្អំ – ស្ថាប័នស្អាតស្អំ សំដៅទទួលបាននូវ បរិយាកាសអំណោយផលដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយចីរភាពយូរអង្វែង ទាក់ទាញ ការវិនិយោគ និងកាត់បន្ថយភាពក្រីក្រ។ សកម្មភាពដែលបានរំលេចឡើងក្នុងសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ រួមមាន ការងារខ្លះដែលបន្តពីផែនការមុន ខ្លះមិនទាន់បានអនុវត្ត ខ្លះត្រូវបានកែសម្រួល និងខ្លះត្រូវ បានកំណត់ថ្មីស្របតាមបរិបទជាក់ស្តែង និងការវិវត្តផ្លាស់ប្តូរថ្មី។ យើងខ្ញុំមានជំនឿថា ជាមួយនឹង ធាតុចូលបន្ថែម ទាំងក្នុងថ្ងៃនេះ និងពេលបន្ទាប់មុនផែនការយុទ្ធសាស្ត្រត្រូវបានអនុម័ត ពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកអង្គប្រជុំ យើងនឹងទទួលបាននូវផែនការមួយ ដែលកាន់តែឆ្លើយតប ទៅនឹងតម្រូវការ និងក្តីប្រាថ្នាចង់បានរបស់យើងទាំងអស់គ្នា នោះគឺការនាំយកមកជូនជាតិ ជូនពលរដ្ឋ នូវសង្គមកម្ពុជាមួយកាន់តែល្អ និងសស្អាត។ ការងារ៥ឆ្នាំទៅមុខនឹងបន្តផ្តោតលើការដ្ឋានយុទ្ធសាស្ត្រ ៦ គឺ (១).អប់រំ (២).បង្ការ ទប់ស្កាត់ (៣).អនុវត្តច្បាប់បង្ក្រាប (៤).ក្របខណ្ឌគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ (៥).កិច្ចសហការជាតិ អន្តរជាតិ និងការរឹបអូសផលនៃបទល្មើស (៦).ពង្រឹងសមត្ថភាព និងសុចរិតភាព ស្ថាប័នសាធារណៈ និងការត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្ត្រ ជាមួយនឹងការពង្រឹងការអនុវត្តរបបរាយការណ៍ និងការផ្សព្វផ្សាយអំពីសមិទ្ធផលការអនុវត្តផែនការយុទ្ធសាស្ត្រជាតិឱ្យ បានទូលំទូលាយ។ ក្នុងយុទ្ធសាស្ត្រទាំង ៦ ការដ្ឋាននេះ សកម្មភាពគន្លឹះៗ ចំនួន១៥ នឹងត្រូវរំលេច ឡើងសំដៅពង្រឹងប្រសិទ្ធភាពការងារ ពង្រីកវិសាលភាពនៃការអនុវត្តគាំទ្រដល់កិច្ចប្រឹងប្រែងកំណែ ទម្រង់រដ្ឋឱ្យបានកាន់តែមានផ្លែផ្កា បង្កើនកិច្ចសហប្រតិបត្តិការនិងការផ្តុំកម្លាំង ដើម្បីប្រយោជន៍ សាធារណៈ ក៏ដូចជាដើម្បីឆ្លើយតបទៅនឹងកាតព្វកិច្ចកម្ពុជាមានក្នុងឆាកអន្តរជាតិផងដែរ៕