អង្គការសង្គមស៊ីវិល និងវិស័យឯកជន ខិតខំប្រឹងប្រែងរួមគ្នា ជំរុញការអភិវឌ្ឍដោយរួមបញ្ចូលការច្នៃប្រឌិត និងពង្រឹងផលប៉ះពាល់នៅក្នុងមូលដ្ឋាន តាមរយះការបង្កើតធនធានមនុស្សប្រកបដោយចីរភាព

វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ ហៅកាត់ថា (API) និង API Development Consulting បានរៀបចំសម្ពោធដាក់ឱ្យដំណើរការផែនការយុទ្ធសាស្ត្រ ឆ្នាំ២០២៦ ស្តីពី ការតភ្ជាប់ភាពជាដៃគូ និងគម្រោងនវានុវត្តន៍ឌីជីថល ប្រកបដោយភាពច្នៃប្រឌិត ក្នុងគោលបំណងចង់បង្កើតបណ្តាញទំនាក់ទំនង ការកសាងទំនាក់ទំនង និងការស្វែងយល់ពីឱកាសថ្មីៗ សម្រាប់កិច្ចសហការ និងភាពអភិវឌ្ឍន៍ នៅក្នុងប្រទេសកម្ពុជា ក្រោមជំនួយឧបត្ថម្ភថវិកាពី សហភាពអឺរ៉ុប Oxfam, Sida, WaterAid, Mission Alliance, Wilde Ganzen និង Change the Game Academy ។

ក្នុងពិធីនេះប្រមូលផ្តុំអ្នកពាក់ព័ន្ធមកពី តំណាងស្ថានទូត ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល តំណាងវិស័យឯកជន សមាគមអាជីវកម្ម និងអតីតនិស្សិតនៃ Change the Game Academy ព្រមទាំងថ្នាក់ដឹកនាំ មកពីសាកលវិទ្យាល័យនានាជាច្រើន។

លោក សឿង ចាន់ដារ៉ា ប្រធានក្រុមប្រឹក្សាភិបាលរបស់ វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ ថ្លែងថា ផែនការយុទ្ធសាស្ត្រ API ឆ្នាំ២០២៦ ស្តីពី ការតភ្ជាប់ភាពជាដៃគូ និងគម្រោងនវានុវត្តន៍ឌីជីថល  បានបង្ហាញពីចក្ខុវិស័យ និងអាទិភាព ដែលបានផ្លាស់ប្តូរថ្មីរបស់ API ដើម្បីជំរុញការអភិវឌ្ឍ ដោយមានការរួមបញ្ចូលការច្នៃប្រឌិត និងពង្រឹងផលប៉ះពាល់ក្នុងមូលដ្ឋាន។  អ្វីសំខាន់ ដែលអាចជំរុញឲ្យផែនការយុទ្ធសាស្ត្រនេះ អាចសម្រេចទៅបានដោយជោគជ័យ គឺកើតចេញពីការខិតខំប្រឹងប្រែងរួមគ្នា និងភាពជឿជាក់ ពីភាគីពាក់ព័ន្ធទាំងអស់ ផ្អែកលើបទពិសោធន៍ដ៏ធំធេងរបស់ API កន្លងមក។

លោក ឡាំ សុជាតិ នាយកប្រតិបត្តិនៃ វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ បញ្ជាក់ថា “ព្រឹត្តិការណ៍នេះ មិនមែនគ្រាន់តែជាការសម្ពោធប៉ុណ្ណោះទេ ប៉ុន្តែជាការអំពាវនាវឱ្យមានការតភ្ជាប់ និងកិច្ចសហការ។ ភាគីពាក់ព័ន្ធពីគ្រប់វិស័យ រួមមានដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ស្ថាប័នអប់រំ រាជរដ្ឋាភិបាល វិស័យឯកជន និងអ្នកជំនាញឯករាជ្យ មកស្វែងយល់អំពីរបៀបដែលយើងអាចធ្វើការជាមួយគ្នាតាមរយៈការអនុវត្តកម្មវិធីរួម កិច្ចសហប្រតិបត្តិការបច្ចេកទេស ការស្រាវជ្រាវ ការបណ្តុះបណ្តាល នវានុវត្តន៍ ការប្រើប្រាស់សេវាកម្ម និងភាពជាដៃគូអាជីវកម្ម។”

លោក ស៊ូ សុខគុង ប្រធានអង្គការ WaterAid កម្ពុជា ក៏បានឲ្យដឹងដែរថា  គម្រោងខាងលើក៏មានកិច្ចសហការជាមួយ API និងដៃគូសហការនានាអនុវត្តរួមគ្នា ដែលមានរយះពេល៣ឆ្នាំ លើខេត្តចំនួន២ ដែលមានស្រុកកំពង់ត្របែក និងស្រុកកំពង់ត្រឡាច ជាពិសេស ទទួលបានការគាំទ្រពី API ក្នុងការបណ្តុះបណ្តាលជំនាញតស៊ូមតិ ការស្វែងរកការគាំទ្រ និងផែនការគោលនយោបាយ ដែលផ្តោតទៅលើផ្នែកសំខាន់ៗ ដោយពង្រឹងទៅលើសំលេងសង្គមស៊ីវិល ពង្រឹងសេវាគណនេយ្យភាពសង្គម ការគាំទ្រនិងការកែប្រែគោលនយោបាយ ជាពិសេស ពាក់ព័ន្ធទៅលើការគ្រប់គ្រងហិរញ្ញវត្ថុ។

ក្នុងវេទិកានេះដែរក៏បានចូលរួមមតិ និងចែករំលែកបទពិសោធន៍ពី តំណាងអង្គការសង្គមស៊ីវិល អ្នកអភិវឌ្ឍន៍ ស្ថាប័នសិក្សា និងវិស័យឯកជន ដែលជាដៃគូរសហការ រួមជាមួយគំនិតផ្តួចផ្តើមដែលទទួលបានការគាំទ្រពីដៃគូក្នុងវិស័យទឹកស្អាត និង អនាម័យ ការចូលរួមរបស់ប្រជាពលរដ្ឋ ការប្រែប្រួលអាកាសធាតុ ការតាមដាន និងវាយតម្លៃ និងការគាំទ្រអាជីវកម្មក្រៅប្រព័ន្ធ។