អង្គការសង្គមស៊ីវិលខេត្តព្រះសីហនុនិងខេត្តកោះកុង ប្តេជ្ញាគាំទ្ររាជរដ្ឋាភិបាលក្នុងការការពារបូរណភាព អធិបតេយ្យ និងឯករាជ្យភាពកម្ពុជា និងស្នើថៃឱ្យ​ដោះលែង​វីរកងទ័ពកម្ពុជាទាំង ១៨រូប ដោយឥត​លក្ខខណ្ឌ

(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានរៀបចំ​វេទិកាសន្ទនាស្តីពី «កិច្ចសហប្រតិបត្តិការ​ក្នុងភាព​ជា​ដៃគូ​ដើម្បីពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងបរិបទថ្មី» ដែលបាន​ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងលោក សុខ ភា អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ តំណាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃ​គណៈ​អភិបាលខេត្តព្រះសីហនុ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​តំណាងមកពីអង្គការ សមាគម សហគមន៍ និងសហជីព រួមទាំង​មន្ទីរជំនាញមកពីខេត្តព្រះសីហនុនិងខេត្តកោះកុង​ជាច្រើនរូប។

ជាកិច្ចចាប់ផ្តើម លោក សុខ ភា អភិបាលរង​នៃគណៈ​អភិបាល​ខេត្តព្រះសីហនុ បានថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅចំពោះអង្គការសង្គមស៊ីវិលខេត្តព្រះសីហនុ ដែល​បានចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ក្នុង​ការលើកម្ពស់ការកសាងសមត្ថភាព ការ​បណ្តុះ​បណ្តាល​​ធនធានមនុស្ស និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីភាពសុខសាន្តនិងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ ជាពិសេស​ចូលរួមអភិវឌ្ឍខេត្តព្រះសីហនុ​ឱ្យមានការ​រីកចម្រើន​បន្ថែម​ទៀត ស្របតាមគោល​នយោបាយ​របស់​រាជរដ្ឋាភិបាល ដើម្បីប្រែក្លាយ​ខេត្តព្រះសីហនុ​ឱ្យ​ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូពហុបំណង។ លោកក៏បាន​លើកទឹកចិត្ត​ឱ្យអង្គការ​សង្គមស៊ីវិល​បន្ត​ធ្វើសកម្មភាព​របស់ខ្លួន ដោយគោរពអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន និង​បង្កើន​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ស្ថាប័ន​ថ្នាក់ជាតិ មន្ទីរ-អង្គភាព និង​អាជ្ញាធរ​ថ្នាក់​ក្រោមជាតិ។

ថ្លែងក្នុងអង្គវេទិកាសន្ទនានាព្រឹកនេះ ឯកឧត្តម​ប្រធាន​ក្រុម​ប្រឹក្សាភិបាល វ.ស.ស. បានកោតសរសើរ​និង​វាយ​តម្លៃខ្ពស់​ចំពោះ​កិច្ចសហការល្អ​រវាង​អាជ្ញាធរ​មូលដ្ឋាន​និង​អង្គការ​សង្គមស៊ីវិល ទាំងក្នុង​ខេត្ត​ព្រះសីហនុ​និង​ខេត្ត​កោះកុង ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម​នៅ​ថ្នាក់​មូលដ្ឋាន ដើម្បីលើកកម្ពស់​ជីវភាព​និង​សុខុមាលភាព​ប្រជាពលរដ្ឋ។

ឯកឧត្តមបានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលបន្ត​យក​ចិត្តទុកដាក់​ខ្ពស់ និង​ចូលរួម​អភិវឌ្ឍ​សង្គមជាតិ​ឱ្យកាន់តែ​រីកចម្រើន​ថែមទៀត ស្របតាម​ចក្ខុវិស័យ​និង​គោលនយោបាយ​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល ក្រោមការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ជាងនេះទៀត ដើម្បីបង្ហាញអំពីតម្លាភាព សុចរិតភាព និងការបង្កើនទំនុកចិត្ត​ពី​សំណាក់​សាធារណជន​និង​ម្ចាស់ជំនួយ ឯកឧត្តម​បាន​លើក​ទឹកចិត្ត​​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​បន្ត​គោរព​ច្បាប់​ជា​ធរមាន ដើម្បីបន្តថែរក្សាសុខសន្តិភាព ស្ថិរភាព​យូរអង្វែង និង​ការ​អភិវឌ្ឍដោយចីរភាព។ ចំពោះ​ស្ថានភាព​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ​នា​ពេលបច្ចុប្បន្ន ឯកឧត្តម​ក៏​បាន​ជំរុញ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​ត្រូវតែ​បន្ត​ស្មារតី​រួមសាមគ្គី និង​បង្កើន​ស្មារតី​ស្នេហាជាតិ ព្រមទាំង​ជឿជាក់​ចំពោះ​ការ​ដោះស្រាយ​បញ្ហាព្រំដែន​របស់​រាជរដ្ឋាភិបាល តាមរយៈ​យន្ដការ​ការទូត និងសន្ដិវិធី ដើម្បី​លើកស្ទួយ​កិត្យានុភាព​ជាតិ និងឧត្តមប្រយោជន៍ជាតិ។

ឆ្លៀតក្នុងឱកាសនេះ អង្គការសង្គម​ស៊ីវិល​ខេត្តព្រះសីហនុ​និង​ខេត្តកោះកុង បានបង្ហាញស្មារតីសាមគ្គីជាធ្លុងមួយ ដោយ​បានចេញញត្តិ​គាំទ្រយ៉ាងពេញ​ទំហឹង​ចំពោះ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល ក្រោមមគ្គុទ្ទេសក៍​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងបុព្វហេតុ​ការពារអធិបតេយ្យ និងបូរណភាពទឹកដី។

អង្គការ​សង្គមស៊ីវិលដែលបាន​ចូលរួម​អង្គវេទិកា​នាព្រឹកមិញនេះ ក៏បានប្រកាសថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះឧក្រិដ្ឋកម្មសង្គ្រាម និងអំពើឈ្លានពាន យ៉ាង​គឃ្លើន​ពីសំណាក់​កងទ័ពថៃ​មកលើ​បូរណភាព​ទឹកដី​កម្ពុជា ដែលនេះជាការរំលោភ​បំពានលើ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងច្បាប់អន្ដរជាតិ​ពាក់ព័ន្ធ។

អង្គការសង្គម​ស៊ីវិល​ទាំងពីរខេត្តនេះ​ក៏បានអំពាវនាវយ៉ាង​ទទូចដល់បណ្តាប្រទេសមហាអំណាច និងសហគមន៍​អន្តរជាតិ​នានា ជួយអន្ដរាគមន៍​ជំរុញឱ្យ​រដ្ឋាភិបាល​និង​យោធាថៃ​គោរពអនុវត្តបទឈប់បាញ់ ដែលជា​ការធានា​សន្តិភាព​យូរអង្វែង​នៅតំបន់ព្រំដែនកម្ពុជា-ថៃ និងជា​ការ​រួមចំណែក​ថែរក្សាសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និង​វិបុលភាព​ក្នុងតំបន់ ព្រមទាំង​ដោះលែង​ដោយ​ឥត​លក្ខខណ្ឌ​នូវវីរកងទ័ពកម្ពុជាទាំង ១៨រូប ដែលត្រូវ​បាន​កង​ទាហានថៃចាប់ខ្លួនដោយខុសច្បាប់ និងជា​ការរំលោភ​បំពានលើបទឈប់បាញ់ កាលពីវេលាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។