អង្គការលំនៅឋានមនុស្សជាតិកម្ពុជា ប្រារព្ធពិធី​​អ្នក​ស្ម័គ្រ​ចិត្តសង់ផ្ទះ​​អន្តរជាតិធំបំផុតប្រចាំឆ្នាំ និងប្រគល់ផ្ទះថ្មីចំនួយ១៣ខ្នង​ជូនពលរដ្ឋកម្ពុជា

ភ្នំពេញ – នៅថ្ងៃទី២២ឧសភា ឆ្នាំ ២០២៥ អង្គការលំនៅឋានមនុស្សជាតិកម្ពុជាបានប្រារព្ធពិធីបិទបញ្ចប់ព្រឹត្តិការណ៍អ្នកស្ម័គ្រចិត្តដ៏ធំបំផុតប្រចាំឆ្នាំរបស់ខ្លួនដែលមានការចូលរួមពីអ្នកស្ម័គ្រចិត្តអន្តរជាតិពីប្រទេសអូស្ត្រាលីចំនួន១៥០នាក់ និងបានប្រគល់ផ្ទះថ្មីចំនួន១៣ខ្នង ជូនគ្រួសារកម្ពុជានៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ កម្មវិធីនេះអាចប្រារព្ធឡើងបានយ៉ាងល្អ ដោយសារតែមានការគាំទ្រពី អង្គការលំនៅឋានមនុស្សជាតិអូស្ត្រាលី អង្គការលំនៅឋានមនុស្សជាតិប្រចាំអាស៊ីប៉ាស៊ី ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា អជ្ញាធរមូលដ្ឋានកម្ពុជា។

លោក ផល វ៉ាន់ឌី នាយកប្រចាំប្រទេសនៃអង្គការលំនៅឋានមនុស្សជាតិកម្ពុជា បានមានប្រសាសន៍ថា អង្គការលំនៅឋានកម្ពុជាពិតជាមានមោទនភាពក្នុងការទទួលសា្វគមន៍អ្នកស្ម័គ្រចិត្តអន្តរជាតិជាង១៥០នាក់ដែលបានធ្វើដំណើរឆ្លងទ្វីបមកសង់ផ្ទះជូនពលរដ្ឋកម្ពុជា។ ក្រុមអ្នកស្ម័គ្រចិត្តបានធ្វើការងារសង់ផ្ទះផ្ទាល់ជាមួយនឹង​​ម្ចាស់ផ្ទះ​រយៈពេល៤ថ្ងៃពេញគឺចាប់ពីថ្ងៃទី ១៩​ ដល់ថ្ងៃទី២២ ឧសភា ២០២៥។ ថ្ងៃនេះយើងបានប្រារព្ធពិធីប្រគល់ផ្ទះចំនួន១៣ខ្នងគ្រួសារដែលមានតម្រូវការ ហើយផ្ទះទាំងអស់នេះគឺជាក្តីសង្ឃឹម តំណាងឱ្យសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងការចាប់ផ្តើមថ្មីសម្រាប់គ្រួសារទាំង១៣។ ​យើងក៏ឆ្លៀតឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Grant Thornton អូស្ត្រាលី និងអ្នកស្ម័គ្រចិត្តគ្រប់រូបដែលបានធ្វើដំណើរឆ្លងពីចម្ងាយ ដើម្បីបង្កើតឲ្យមានការផ្លាស់ប្តូរនៅក្នុងសហគមន៍របស់យើង។

ឯកឧត្តម ប្រាក់ អង្គារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋានក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានមានប្រសាន៍ថាក្រសួងរៀបចំដែនដី និងអង្គការលំនៅឋានមនុស្សជាតិគឺជាដៃគូសហការគ្នាក្នុងការងារលំនៅឋានជាច្រើនឆ្នាំមកហើយ មកទល់នឹងពេលនេះពួកយើងនៅតែមានធ្ចើការងារជាមួយគ្នាយ៉ាងជិតស្និទដើម្បីអភិវឌ្ឍវិស័យលំនៅឋានក្នុងប្រទេសកម្ពុជា។ ហើយថ្ងៃនេះខ្ញុំពិតជារំភើបនិងត្រេកអរនៅពេលឃើញអ្នកស្ម័គ្រចិត្តអូស្ត្រាលីបានមកសង់ផ្ទះជូនពលរដ្ឋខែ្មរ ដែលនេះគឺជាសកម្មភាពដែលមានអត្ថន័យណាស់សម្រាប់គ្រួសារកម្ពុជាព្រោះតាមសាសានារបស់ខ្មែរ ការផ្តល់ជូនផ្ទះគឺជាការធ្វើបុណ្យមួយដ៏ធំធេងណាស់សម្រប់អ្នក។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់អ្នកស្ម័គ្រចិត្តអូស្ត្រាលីទាំងអស់។

ម្ចាស់ផ្ទះម្នាក់ក្នុងចំណោមម្ចាស់ផ្ទះថ្មីទាំង១៣ គឺអ្នកស្រី ឡឹម ចាន់ថន បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅដល់អង្គការលំនៅឋាន និងដៃគូពាក់ពន្ធ័ដែលបានសង់ផ្ទះថ្មីជូនគ្រួសារគាត់។ ជាស្ត្រីមាម៉ាយ មានកូន៥នាក់ក្នុងបន្ទុក ចាន់ថន និយាយបន្ថែមថា គាត់ស្ទើរតែរកពាក្យដើម្បីបង្ហាញពីអារម្មណ៍សប្បាយរីករាយពេលនេះបានទេ ព្រោះ ផ្ទះ​នេះ​មាន​ន័យជ្រាលជ្រៅណាស់សម្រាប់​គាត់ ជាពិសេសផ្ទះនេះនឹង​ផ្តល់​ឱ្យ​កូនៗ​របស់​គាត់នូវ​កន្លែង​រស់នៅ​ប្រកបដោយ​សុវត្ថិភាព​ធន់នឹងទឹកភ្លៀងនៅរដូវវស្សា។ អ្នកស្រីក៏បានរៀបរាប់ពីបទពិសោធន៍ដែលមានអត្ថន័យ នៃការធ្វើការងារជាមួយអ្នកស្ម័គ្រចិត្តសាងសង់ផ្ទះថ្មីរបស់គាត់ ដែលការងារនេះបានបង្កើន ទំនាក់ទំនង និងអនុស្សាវរីយ៍ល្អៗ រវាងគាត់និងអ្នកស្ម័គ្រចិត្ត ហើយគាត់អាចមានឱកាសអរគុណចំពោះពួកគេដែលបាន ចូលរួមលើកស្ទួយជីវភាពរបស់គាត់។

រយៈពេលជិតមួយសប្តាហ៍ អ្នកស្ម័គ្រចិត្ដបានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមគ្រួសារ ដោយបានចូលរួមតាមរយៈអាហារសាមគ្គី ការផ្លាស់ប្តូរវប្បធម៌ និងការលេងល្បែងប្រជាប្រិយ។ លោក Greg Keith នាយកប្រតិបត្តិនៃក្រុមហ៊ុន Grant Thornton អូស្ត្រាលី មានប្រសាសន៍ថា “ក្រុមហ៊ុន Grant Thornton បានចាប់ដៃគូជាមួយ អង្គការលំនៅឋានមនុស្សជាតិត អស់រយៈពេល ១០ ឆ្នាំមកហើយ។ នេះគឺជាគម្រោងទីបីរបស់យើង ហើយជាលើកទីពីររបស់យើង ដែលបានមកសាងសង់នៅក្នុងប្រទេសកម្ពុជា” ។ “គុណតម្លៃនៃក្រុមហ៊ុន Grant Thornton របស់យើងត្រូវបានតំណាងដោយអក្សរកាត់ថា CARE—កិច្ចសហការ ភាពត្រឹមត្រូវ ទំនួលខុសត្រូវ និងឧត្តមភាព។ ហើយការងាររបស់អង្គការលំនៅឋានមនុស្សជាតិ បង្កប់នូវគុណតម្លៃដូចគ្នា មានការគាំពាំស្ត្រី ជនងាយរងគ្រោះ និងជួយអ្នកដែលត្រូវការជំនួយ។»

គួររំលឹងផងដែរថា៖ ការប្រគល់ផ្ទះចំនួន១៣ខ្នង ជូនដល់គ្រួសារគោលដៅ គឺជាផ្នែកមួយនៃគម្រោងរបស់ អង្គការលំនៅឋានមនុស្សជាតិកម្ពុជា។ ជាក់ស្តែង ក្នុងឆ្នាំសារពើពន្ធ២០២៥អង្គការលំនៅឋានកម្ពុជា បានសាងសង់ និងជួសជុលផ្ទះជាង១៥០ខ្នង នៅខេត្តសៀមរាប បាត់ដំបង និងរាជធានីភ្នំពេញ ដែលគម្រោងទាំងនេះបានធ្វើអោយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាមានភាពប្រសើរឡើង។ បន្ថែមពីលើ ការងារអភិវឌ្ឍន៍លំនៅឋាន អង្គការក៏បានគាំទ្រសហគមន៍តាមរយៈ កម្មវីធីអភិវឌ្ឍ WASH (ទឹក អនាម័យ និងអនាម័យ) និងកម្មវិធីបង្កើនធន់សហគមន៍ទៅនឹងការប្រែប្រូលអាកាសធាតុ និង ការសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល និងអង្គការដៃគូ ដើម្បីលើកកម្ពស់លំនៅឋានដែលមានតម្លៃសមរម្យ និងការគាំពារមតិសម្រាប់សិទ្ធិកាន់កាប់ដីធ្លីផងដែរ។

ជារៀងរាល់ឆ្នាំ អង្គការលំនៅឋានកម្ពុជា ទទួលស្វាគមន៍អ្នកស្ម័គ្រចិត្តប្រមាណ ១០០០នាក់ ជាតិនិងអន្តរជាតិ ដើម្បីធ្វើការរួមគ្នាសាងសង់ផ្ទះនិងក្តីសង្ឃឹមជូនពលរដ្ឋកម្ពុជា។ ហើយកម្មវីធីថ្ងៃនេះគឺជាសក្ខីភាពនៃភាពជាដៃគូ ដ៏សំខាន់ពីចូលរួមរបស់ក្រុមហ៊ុនឯកជនក្នុងកសាងការផ្លាស់ប្តូរជាវិជ្ជមានយូរអង្វែង។