អង្គការរ៉ាឆាសហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងអង្គការ GIZ រៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ និងការអនុវត្តន៍គម្រោងពហុវិស័យសន្តិសុខស្បៀងនិងអាហាររូបត្ថម្ភ នៅសណ្ឋាគារកំពង់ធំ រ៉ូយ៉ាល់ ខេត្តកំពង់ធំ

ឯកឧត្តម ជា សំណាង អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលាចែករំលែកបទពិសោធន៍ និងការអនុវត្តន៍គម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ នៅសណ្ឋាគារកំពង់ធំ រ៉ូយ៉ាល់ ខេត្តកំពង់ធំ ។ 

ឯកឧត្តម ជា សំណាង អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទបានមានប្រសាសន៍ចែករំលែកបទពិសោធន៍ ស្ដីពីការអនុវត្តគម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ (MUSEFO) នៅខេត្តកំពង់ធំ ដែលគម្រោងនេះក្រោមជំនួយថវិកាពីរដ្ឋាភិបាលនៃសហព័ន្ធអាល្លឺម៉ង់ តាមរយៈអង្គការ GIZ ។

ឯកឧត្តម បានបន្តថា ការធានាសន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសស្ត្រីក្នុងវ័យបន្តពូជ និងកុមារអាយុ ក្រោម ២ឆ្នាំ និងធានាឱ្យពួកគេមានលទ្ធភាពទទួលបានរបបអាហារសុខភាពគ្រប់គ្រាន់និងគ្រប់ពេលវេលា គឺជារឿងចាំបាច់ដែលក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាលកម្ពុជា ត្រូវខិតខំដឹកនាំសម្របសម្រួល កៀរគរធនធានគ្រប់បែបយ៉ាងដើម្បីសម្រេច ឱ្យបានទៅតាមចក្ខុវិស័យនៃយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ ២០២៤-២០២៨ “ធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូបទទួលបានស្បៀងអាហារគ្រប់គ្រាន់ និងការពារ ចំពោះបញ្ហាអាហារូបត្ថម្ភគ្រប់ទំរង់ តាមរយៈប្រព័ន្ធប្រកបដោយចិរភាព និងមានភាពធន់ ដែលលើកកម្ពស់សុខភាព សុខុមាលភាព និងសមធម៌ ស្របតាមរបៀបវារៈឆ្នាំ២០៣០ នៃគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាពនៅកម្ពុជា” ។ ទន្ទឹមនោះ យុទ្ធសាស្ត្រជាតិនេះ ក៏មានគោលដៅកាត់បន្ថយអត្រា ក្រិសក្រិនកុមារ (គឺកុមារមានកម្ពស់មិនសមាមាត្រនឹងអាយុ) ពី២១,៩% មកនៅត្រឹម ១៩% និងកាត់បន្ថយអត្រាកុមារស្គមស្គាំង (គឺកុមារស្គមមិនសមាមាត្រនឹងកម្ពស់) ពី ៩,៦% មកនៅត្រឹម ៥,៨% ក្នុងនោះក៏រួមទាំងទប់ស្កាត់នៃការលើសទំងន់របស់កុមារ និងស្ត្រីដែលមានអាយុចន្លោះពី ២០-៤៩ ឆ្នាំ ដែលបច្ចុប្បន្ននេះមាន ៣២,៦% ឱ្យមកនៅត្រឹម ២៧% នៅឆ្នាំ២០២៨។

ក្នុងនោះយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតជាប្រមុខ បានដាក់ចេញនូវបាវចនា ៥ គឺកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងអាទិភាពគន្លឹះ ៥ រួមមាន មនុស្ស, ផ្លូវ, ទឹក, ភ្លើង និង បច្ចេកវិទ្យាឌីជីថល ដែលទាំងអស់នេះសំដៅជំរុញឱ្យកម្ពុជាយើងសម្រេចបានចក្ខុវិស័យ ឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់ ។

សូមបញ្ចាក់ថា  សិក្ខាសាលាចែករំលែកបទពិសោធន៍ពីការអនុវត្តគម្រោងពហុវិស័យសន្តិសុខស្បៀង និង អាហារូបត្ថម្ភ GIZ MUSEFO រៀបចំឡើងក្នុងគោលបំណង៖

១) ដើម្បីចែករំលែក និងចងក្រងឯកសារបទពិសោធន៍ជាក់ស្តែង សមិទ្ធិផល និងបញ្ហាប្រឈមនានាដែលបានជួបប្រទះក្នុងអំឡុងពេលអនុវត្តសកម្មភាពធនាគារស្បៀងអាហារ និងសន្សំសម្រាប់ការផ្លាស់ប្តូរ នៅក្នុងសហគមន៍គោលដៅ។

២)ដើម្បីប្រមូលមតិកែលម្អពីភាគីពាក់ព័ន្ធក្នុងមូលដ្ឋាន រួមទាំងក្រុមប្រឹក្សាឃុំ ក្រុមចាប់ផ្តើមអាជីវកម្ម និងអ្នកឯកទេស អំពីលទ្ធផលគម្រោង យុទ្ធសាស្ត្រសម្រាប់និរន្តរភាព និងតម្រូវការគាំទ្រជាបន្តបន្ទាប់។

៣)ដើម្បីកំណត់នូវអនុសាសន៍ដែលអាចអនុវត្ត យន្តការគាំទ្រក្រោយគម្រោង និងរួមចំណែកដល់របាយការណ៍បញ្ចប់របស់គម្រោងធនាគារស្បៀងអាហារ។

៤) ដើម្បីពង្រឹង និងលើកកម្ពស់ការចូលរួមរបស់អ្នកផ្តល់សេវាថែទាំសុខភាព បុគ្គល គ្រួសារ និងសហគមន៍លើក្របខ័ណ្ឌការអនុវត្តកម្មវិធីជំរុញសុខភាពបឋម។