«អង្គការគ្រូពេទ្យគ្មានព្រំដែនស្វីស បញ្ជាក់ពីការត្រៀមខ្លួនជាស្រេច ក្នុងកិច្ចសហការជាមួយក្រសួងសុខាភិបាល ដើម្បីគាំទ្រដល់ការសង្គ្រោះវេជ្ជសាស្ត្រជូនប្រជាជនងាយរងគ្រោះ»
នៅព្រឹកថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ នាទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យប្រតិភូអង្គការគ្រូពេទ្យគ្មានព្រំដែនស្វីស (Médecins Sans Frontières Switzerland – MSF) ដឹកនាំដោយ លោកវេជ្ជបណ្ឌិត Adrian Guadarrama អ្នកគ្រប់គ្រងកម្មវិធីប្រចាំប្រទេសកេនយ៉ា តង់ហ្សានី អ៊ុយក្រែន កៀហ្ស៊ីស៊ីស្ថាន កាហ្សាក់ស្ថាន ហ្វីលីពីន និងកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងសុខាភិបាល និងអង្គការ MSF Switzerland ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងនាមជាដៃគូបច្ចេកទេស និងវេជ្ជសាស្ត្រ ក្នុងការគាំទ្រក្រសួងសុខាភិបាល ដើម្បីផ្ដល់សេវាសុខភាពចាំបាច់បំផុតជូនដល់ប្រជាជននៅមូលដ្ឋាន។ ឯកឧត្តសាស្រ្តាចារ្យ បានបញ្ជាក់ថា ក្រសួងសុខាភិបាលតែងតែចងចាំនូវការរួមចំណែករបស់អង្គការ MSF ដែលជានិមិត្តរូបនៃការជួយសង្គ្រោះ និងជាកម្លាំងចលករ ក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាលឱ្យកាន់តែប្រសើរឡើង។
ជាការឆ្លើយតប លោកវេជ្ជបណ្ឌិត Adrian Guadarrama បានជម្រាបជូនអំពីបេសកកម្មរបស់អង្គការ MSF ដែលជាអង្គការមនុស្សធម៌អន្តរជាតិ ឯករាជ្យ អព្យាក្រឹត និងផ្នែកវេជ្ជសាស្ត្រ ដែលផ្តល់ជំនួយវេជ្ជសាស្រ្តសង្គ្រោះជីវិត ដោយមិនគិតពីសាសនា ឬនិន្នាការនយោបាយ។ បច្ចុប្បន្ន អង្គការកំពុងបំពេញបេសកកម្មក្នុងប្រទេសចំនួន ១៦៩ ដែលនឹងបន្តតួនាទីជាដៃគូបច្ចេកទេស ដើម្បីគាំទ្រក្រសួងសុខាភិបាល ក្នុងការសម្រេចឱ្យបាននូវគោលដៅសុខាភិបាលជាតិ។
ទន្ទឹមនឹងនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់អង្គការ ឱ្យបន្តធ្វើការងារជិតស្និទ្ធជាមួយមន្ទីរសុខាភិបាលខេត្តគោលដៅ ដើម្បីកំណត់នូវមណ្ឌលសុខភាពអាទិភាពដែលត្រូវការការគាំទ្រ ក្នុងគោលដៅពង្រឹងការត្រៀមលក្ខណៈឆ្លើយតបគ្រាអាសន្នផ្នែកវេជ្ជសាស្ត្រ និងការសង្គ្រោះបន្ទាន់ ក៏ដូចជាការផ្តល់សេវាសុខភាពសំខាន់ៗ ដោយផ្តោតលើការពង្រឹងសមត្ថភាពមណ្ឌលសុខភាព និងការិយាល័យស្រុកប្រតិបត្តិ។
ជំនួបនេះបានបញ្ចប់ទៅដោយលទ្ធផលផ្លែផ្កា ដោយភាគីទាំងពីរបានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដើម្បីធានាឱ្យបាននូវសេវាសុខភាពដែលមានគុណភាព សមធម៌ និងប្រសិទ្ធភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។



