អង្គកឋិនទានសាមគ្គី ដង្ហែទៅកាន់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដើម្បីវេរប្រគេនព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅវត្តធម្មបណ្ឌិត គីរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

នៅព្រឹកថ្ងៃ១២កើត ខែកត្តិក ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ធម្មបណ្ឌិត ញឹក ប៊ុនថា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាពុទ្ធបរិស័ទ អញ្ជើញប្រារព្ធពិធីបុណ្យដង្ហែអង្គកឋិនទានសាមគ្គី បន្ទាប់ពីបានរៀបចំពិធីចម្រើនព្រះបរិត្ត នៅរសៀលថ្ងៃ១១កើត ខែកត្តិក ដោយបានរៀបចំជាក្បួនដង្ហែចេញពីវត្តបទុមវតីរាជវរារាម ឆ្ពោះទៅកាន់វត្តធម្មបណ្ឌិត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីវេរប្រគេនព្រះសង្ឃ បន្ទាប់ពីបានគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងព័ទ្ធសីមានេះ ។

អ្នកឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ធម្មបណ្ឌិត ញឹក ប៊ុនថា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាពុទ្ធបរិស័ទ បានបំពេញសទ្ធាដ៏ជ្រះថ្លា ក្នុងការកសាង អង្គកឋិនទាន ទៅវេរប្រគេនព្រះសង្ឃគង់នៅវត្តធម្មបណ្ឌិត ដើម្បីជួយទ្រទ្រង់ជីវភាពព្រះសង្ឃ និងរួមចំណែកកសាង ព្រះចូឡាមណីចេតិយ ប្រាសាទតម្កល់ព្រះត្រៃបិដកទី២ និងសមិទ្ធផលនានាទុកជាសម្បត្តិបុណ្យមហាសាល និងជាមរតកជាតិដល់កូនចៅជំនាន់ក្រោយគោរពបូជា។

ក្នុងពេលដែលអង្គកឋិនទាន បានដង្ហែទៅដល់វត្តធម្មបណ្ឌិតនេះ អ្នកឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ធម្មបណ្ឌិត ញឹក ប៊ុនថា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាពុទ្ធបរិស័ទ បានប្រារព្ធពិធីដង្ហែប្រទក្សិណជាកិច្ចគោរពបូជា ចំពោះព្រះរតនត្រ័យទសបារមី ថែរក្សា និងថ្វាយគ្រឿងសក្ការៈបូជា នមស្សកាព្រះរតនត្រ័យ សមាទានសីល និងវេរប្រគេន អង្គកឋិនទាននេះ ព្រមទាំងបានរៀបចំទៅតាមកម្មវិធិដ៏ប្រពៃផ្សេងៗទៀត តាមប្រពៃណីរបស់ព្រះពុទ្ធសាសនា។

គួររំលឹកថា បុណ្យកសាងអង្គកឋិនទាន មានប្រវត្តិកំណើតតាំងពីសម័យព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើងទ្រង់គង់នៅមកម្លេះ។ អាស្រ័យដោយបុណ្យ កសាងអង្គកឋិនទានទទួលបាននូវផល្លា អានិសង្សជាច្រើនប្រការ ដូចជាបានប្រកបនូវព្រះពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ ទទួលបាននូវកិត្តិយសដ៏ខ្ពង់ខ្ពស់អ្នកផងទាំងឡាយ តែងតែគោរពរាប់អាន ចំពោះអ្នកដែលមានសទ្ធា ជ្រះថ្លា ជាអរិយទ្រព្យដ៏ប្រសើរថ្លៃថ្លា សម្រាប់អនាគតជាតិជាដើម ព្រមទាំងធ្វើឲ្យសង្គមជាតិ បានប្រកប ទៅដោយសីលធម៌ សាមគ្គីធម៌ ត្រជាក់ត្រជុំ ចម្រុងចម្រើនផងនោះ ត្រូវបានព្រះមហាក្សត្រ និងបុព្វបុរសខ្មែរគ្រប់ជំនាន់ បានគោរព និងប្រារព្ធឡើងជាងរៀងរហូតមក ។

ប្រទេស និងប្រជាជនកម្ពុជាមានភព្វសំណាងល្អណាស់ ដែលស្ថិតក្នុងម្លប់សន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជាវីរៈបុរសដ៏ឆ្នើម មានឧត្តមគតិបណ្ឌិត មានបទពិសោធន៍ឆ្លៀសវៃ រឹងមាំមុតស្រួចទាំងលើឆាកជាតិ និងអន្តរជាតិ ក្នុងការដឹកនាំទាំងខាងពុទ្ធចក្រ និងអាណាចក្រ ឱ្យរុងរឿងលើឆាកជាតិ និងអន្តរជាតិ៕