អគ្គស្នងការនគរបាលជាតិកម្ពុជា ទទួលបានរថយន្តនិងឯកសណ្ឋានពន្លត់អគ្គិភ័យ និងឯកសណ្ឋានការពារសារធាតុគីមីជាច្រើន ពីប្រទេសកូរ៉េខាងត្បូង

អគ្គស្នងការនគរបាលជាតិកម្ពុជា ទទួលបានរថយន្តនិងឯកសណ្ឋានពន្លត់អគ្គិភ័យ និងឯកសណ្ឋានការពារសារធាតុគីមីជាច្រើន ពីប្រទេសកូរ៉េខាងត្បូង

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបាន រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង រថយន្តសង្រ្គោះបន្ទាន់ចំនួន២គ្រឿង ឯកសណ្ឋានពន្លត់អគ្គិភ័យ១០០ឈុត រួមទាំងឯកសណ្ឋានការពារសារធាតុគីមីចំនួន២ម៉ឺនឈុត ពី រដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ តាមរយៈអង្គការGO&DO(NGO) ដើម្បីចូលរួមចំណែកជាមួយ កងកម្លាំងនៃប្រតិបត្តិការលើការងារពន្លត់អគ្គិភ័យនេះកាន់តែងាយស្រួលក្នុងការអនុវត្តការងារ ជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋពេលជួបបញ្ហាអគ្គិភ័យបានទាន់ពេលវេលា ជាពិសេសការរួមចំណែកក្នុងការការពារ អាយុជីវិត ទ្រព្យសម្បត្តិ បរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម។

ពិធីទទួលរថយន្តនិងឯកសណ្ឋានពន្លត់អគ្គិភ័យ និងឯកសណ្ឋានការពារសារធាតុគីមីនេះធ្វើឡើង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃទី ២៥ ខែវិច្ឆកា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ ។

នៅក្នុងពិធីនេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត បានមានប្រសាសន៍ថា ជំនួយឥតសំណង របស់ប្រជាជន និងរដ្ឋាភិបាលកូរ៉េនេះ គឺពិតជាមានតម្លៃសម្រាប់ប្រជាជនកម្ពុជា និងបានបង្ហាញអំពីការយកចិត្តទុកដាក់ដោយសប្បុរសធម៌ពីប្រជាជន និងរដ្ឋាភិបាលកូរ៉េផងដែរ។មួយវិញទៀតជំនួយនេះក៏ជាការរួមចំណែកលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិ ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជាផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត តាំងនាមឲ្យនគរបាលជាតិកម្ពុជាទាំងមូល សូមថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលកូរ៉េដែលបានបន្តផ្តល់ជំនួយឥតសំណងនេះដល់កម្ពុជា ដោយឯកឧត្តមបានបញ្ជាក់ថា សម្ភារៈទាំងនេះនឹងបម្រើដល់ប្រជាជនកម្ពុជាទាំងបច្ចុប្បន្ន និងទៅអនាគតឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ឯកឧត្ដមសង្ឃឹមនិងជឿជាក់ថា ទៅថ្ងៃខាងមុខ រដ្ឋាភិបាលនៃប្រទេសកូរ៉េ និងបន្តផ្ដល់ការគាំទ្រ ជួយជាជំនួយឯកសណ្ឋានការពារសារធាតុគីមីនេះបន្ថែមទៀត ខណៈកងកម្លាំងយើងនៅមានការខ្វះខាតឯកសណ្ឋានការពារសារធាតុគីមីនេះច្រើន ក្នុងការអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យក្នុងករណីធំៗមួយចំនួន ដូចជា រោងចក្រ អាគារខុនដូរ និងទីតាំងសហគ្រាសធំៗមួយចំនួន ដែលភាគច្រើនទីតាំងទាំងអស់នោះមានភាពស្មុកស្មាញ និងសារធាតុគីមីផងដែរ។

យោងតាមការបញ្ជាក់របស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា គ្រោះថ្នាក់អគ្គិភ័យរយៈពេល៩ខែ ឆ្នាំ២០២៥ ចំនួន៦៥៤/៨៧៣លើក ធៀបនឹង៩ខែឆ្នាំ២០២៤ ថយចុះ២១៩លើក៖ ការខូចខាតឆេះផ្ទះចំនួន៤៨១/៥៣៥ខ្នង, តូបចំនួន៩៨/៥០៨, ស្លាប់១៤/១១ នាក់, របួស៤៣/ ២៤នាក់, មូលហេតុ ចរន្តអគ្គិសនី ៤២,២៦%, ប្រើភ្លើង ៣៩,១៨% និង កត្តាផ្សេងៗ ១៨,៥៦%៕