អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ប្រកាសដាក់ឲ្យអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារឆ្នាំ២០២៤-២០២៨

ដើម្បីឆ្លើយតបទៅនឹង គោលនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលមានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ និងជាអង្គភាពបរិវត្ថកម្មឌីជីថលជាសេនាធិការ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី ផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ២០២៤-២០២៨ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រីជំនាញតំណាងក្រសួង-ស្ថាប័ន តំណាងនិយ័តករ និងអង្គភាពក្រោមឱវាទ អ.ស.ហ. តំណាងសមាគម គ្រឹះស្ថានអប់រំ និងក្រុមហ៊ុនឯកជន សមាជិក សមាជិកា ដែលបានធ្វើប្រតិបត្តិការ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារប្រមាណ១៥០រូប។
ឯកឧត្ដម សូ សុភា ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ឲ្យដឹងថា គោលបំណងសិក្ខាសាលានេះ គឺចង់ផ្សព្វផ្សាយអំពីការដាក់ឲ្យប្រើប្រាស់នូវផែនការយុទ្ធសាស្ត្រខាងលើ ព្រមទាំងលើកកម្ពស់ការយល់ដឹង និងជំរុញឲ្យមានការចូលរួមយ៉ាងផុសផុលពីគ្រប់អង្គសង្គមពាក់ព័ន្ធ ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រនេះប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធិភាព ។ ផែនការយុទ្ធសាស្ត្រនេះ ត្រូវបានរៀបចំឡើងក្នុងក្របខណ្ឌ អ.ស.ហ. ដែលបានធ្វើសមាហរណកម្ម និងសុខដុមនីយ-កម្ម ខ្លឹមសារចូលជាសាច់តែមួយ ហើយកំណត់នូវតួអង្គទទួលបន្ទុកជាក់លាក់ ទៅតាមនិយ័តករនិងអង្គភាពក្រោមឱវាទ អ.ស.ហ. នីមួយៗ។ ចំណុចសំខាន់ដែលនាំឱ្យមានការរៀបចំផែនការយុទ្ធសាស្ត្រនេះ គឺផ្អែកតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា កាលពីឆ្នាំ២០២៣ គោលនយាបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ ដោយបានចង្អុលបង្ហាញក្នុងវិធានការគោលនយោបាយទី១៦ នៃគោលដៅទី១។
ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានលើកឡើងថា ដើម្បីទទួលបាននូវភាពជោគជ័យ នៃការអនុវត្តផែនការយុទ្ធសាស្ត្រនេះ ស្របតាមស្នូលយុទ្ធសាស្ត្រនៃការកែទម្រង់និងការពង្រឹងអភិបាលកិច្ច, មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. និងនិយ័តករក្រោមឱវាទ អ.ស.ហ. ត្រូវចូលរួមឱ្យបានពេញលេញ ប្រកបដោយស្មារតីសកម្ម និងបុរេសកម្ម, សហថាមពល, សហការទទួលខុសត្រូវ, សហអភិវឌ្ឍន៍, សហនវានុវត្តន៍ គ្រប់តួអង្គសង្គម ព្រមទាំងប្រតិបត្តិតាមឱ្យបានខ្ជាប់ខ្ជួននូវ គុណតម្លៃស្ថាប័ននៃឧត្តមភាព និងបំពេញកិច្ចការស្របតាម អភិក្រមរដ្ឋាភិបាលទាំងមូល និងអភិក្រមជវភាព នៃប្រព័ន្ធតួអង្គតែមួយ។
មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. និងនិយ័តករក្រោមឱវាទ អ.ស.ហ. ត្រូវរៀបចំឱ្យមានផែនការសកម្មភាពគាំទ្រ តាមឆ្នាំនីមួយៗ ក៏ដូចជាផែនការសកម្មភាព ៣ឆ្នាំរំកិល ដោយផ្សារភ្ជាប់ជាមួយនឹងតម្រូវការហិរញ្ញវត្ថុ ព្រមទាំងរៀបចំនិងអនុវត្តថវិកាគាំទ្រដល់ការអនុវត្តវិធានការយុទ្ធសាស្ត្រដោយគោរពឱ្យបានខ្ជាប់ខ្ជូននូវគោលការណ៍ឬវិន័យហិរញ្ញវត្ថុសាធារណៈ។ ការអនុវត្តផែនការយុទ្ធសាស្ត្រនេះ ប្រកបដោយជោគជ័យ នឹងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារកាន់តែមានភាពរស់រវើក ដែលក្នុងនោះគ្រប់តួអង្គសង្គមអាចទាញយកអត្ថប្រយោជន៍បានជាអតិបរមានិងគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាពនិងសក្តិសិទ្ធិភាព។
សិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃនេះ ជាកម្មវិធីដ៏មានសារៈសំខាន់ មិនត្រឹមតែក្នុងន័យ នៃការប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រនេះដល់គ្រប់តួអង្គប៉ុណ្ណោះទេ ពិសេសជាគុណប្រយោជន៍ ដល់ការត្រៀមខ្លួន ក្នុងការអនុវត្តវិធានការយុទ្ធសាស្ត្រ ដែលបានដាក់ចេញប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធិភាព ព្រមទាំងការទាញយកអត្ថប្រយោជន៍ ជាអតិបរមាពីផែនការយុទ្ធសាស្ត្រនេះ ក៏ដូចជាពីបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ជាមួយនឹងការកាត់បន្ថយហានិភ័យឱ្យស្ថិតក្នុងកម្រិតអប្បបរមា។