អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ រៀបចំពិធីប្រកាសដាក់អោយអនុវត្តផែនការសកម្មភាពជាតិ ស្តីពី ការទប់ស្កាត់ និងឆ្លើយតប ចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ រៀបចំពិធីប្រកាសដាក់អោយអនុវត្តផែនការសកម្មភាពជាតិ ស្តីពី ការទប់ស្កាត់ និងឆ្លើយតប ចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០។
ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងជំរុញដំណើរការកែទម្រង់យ៉ាងពិតប្រាកដ ដើម្បីសម្រេចឱ្យបាននូវកិច្ចការពារកុមារ ដែលមានលក្ខណៈស្របតាមបទដ្ឋានជាតិ និងអន្តរជាតិ ក្នុងការលើកស្ទួយការគោរពសិទ្ធិ និងធានាយុត្តិធម៌សម្រាប់កុមារ។ ផែនការសកម្មភាពជាតិនេះ មានគោលបំណង លើកកម្ពស់ប្រសិទ្ធភាពកិច្ចការពារកុមារ តាមរយៈការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារគ្រប់រូបភាពឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ។ ជាទិសដៅ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជា នឹងបន្តខិតខំប្រឹងប្រែងឲ្យកាន់តែសកម្ម ដើម្បីធានាថា កុមារត្រូវបានការពារ និងមានសុវត្ថិភាពគ្រប់ទីកន្លែង ដូចជា នៅផ្ទះ នៅសាលារៀន កន្លែងថែទាំជំនួស និងក្នុងសហគមន៍ ព្រមទាំងធានាឲ្យបានថាកុមារទាំងអស់ នឹងរស់នៅក្នុងបរិយាកាសមួយប្រកបដោយភាពថ្លៃថ្នូរ ការអភិវឌ្ឍ ក្តីស្រលាញ់ និងកិច្ចការពារ សំដៅបញ្ចប់អំពើហិង្សាគ្រប់ទម្រង់លើកុមារ និងឈានទៅសម្រេចបានតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅត្រឹមឆ្នាំ២០៣០។
លោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថា ផែនការសកម្មភាពជាតិនេះ គឺជាផែនការដ៏សំខាន់ ក្នុងការសម្រេចឱ្យបាន នូវការបញ្ឈប់ការប្រើប្រាស់ អំពើហិង្សាលើកុមារ។ ការបញ្ឈប់អំពើហិង្សាលើកុមារ មិនមែនជាកាតព្វកិច្ចរបស់រដ្ឋាភិបាលតែឯងនោះទេ គឺត្រូ មានការការចូលរួមពីគ្រួសារ អង្គការសង្គមស៊ីវិល សហគមន៍ និងសង្គមជាតិទាំងមូល។ ឪពុកម្តាយ អាណាព្យាបាល អ្នកមើលថែទាំកុមារ ត្រូវទទួលបានការបណ្តុះបណ្តាលអំពីសិទ្ធិកុមារ វិធីសាស្រ្តចិញ្ចឹមកូនបែបវិជ្ជមាន ។
លោកជំទាវ បញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ និងកំពុងជំរុញ អនុវត្តគោលនយោបាយជាតិគាំពារសង្គម ដើម្បីលើកកម្ពស់សុខុមាលភាព និង សាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរមា។ តាមរយៈនេះ រាជរដ្ឋាភិបាល បានផ្តល់ប្រព័ន្ធគាំពារចំនួន២ ដែលមាន ប្រព័ន្ធជំនួយសង្គម ផ្តល់ការគាំពារដល់ប្រជាជន ដែលរស់នៅក្រោម និងក្បែរបន្ទាត់ភាពក្រីក្រ និង ប្រព័ន្ធសន្តិសុខសង្គម ផ្តល់ការគាំពារហានិភ័យ លើផ្នែកសោធន ថែទាំសុខភាព ហានិភ័យការងារ និងពិការភាពដល់ក្រុមប្រជាជននៃវិស័យ សេដ្ឋកិច្ច ទាំងក្នុងនិងក្រៅប្រព័ន្ធ។