អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម រួមជាមួយតំណាងស្ថាប័នអន្តរជាតិធំៗ ចុះពិនិត្យស្ថានភាពជំរុំគ្រួសារភៀសសឹក និងហេដ្ឋរចនាសម្ព័ន ដែលរងផលប៉ះផលតាមព្រំដែនកម្ពុជា-ថៃ ជាថ្មី

 នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥, ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានដឹកនាំក្រុមការងារជំនាញនៃអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម រួមជាមួយ តំណាងស្ថាប័នអន្តរជាតិធំៗ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពពលរដ្ឋភៀសសឹកនៅ ជំរុំបាត់ថ្កៅ ភូមិបាត់ថ្កៅ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និង ស្ថានភាពខូតខាតហេដ្ឋារចនាសម្ព័ន ក៏ដូចជាទ្រព្យសម្បត្តិរបស់ ពលរដ្ឋនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងក្រុងសំរោង និង ស្រុកបន្ទាយអំពិល ជាថ្មីម្តងទៀត បន្ទាប់ស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃស្ថិតក្នុងស្ថានភាពផុយស្រួយ ក្នុងរយៈពេលជាង ៣ ខែមកនេះ។

ក្នុងដំណើរនេះមានការទទួលស្វាគមន៍ដោយ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងមានការចូលរួមពីតំណាងស្ថានប័នដៃគូរអភិវឌ្ឍន៍អន្តរជាតិមួយចំនួនដូចជាតំណាង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP), កម្មវិធីស្បៀងអាហារពិភពលោក (WFP), ទីភ្នាក់ងារអាល្លឺម៉ងសម្រាប់ការអភិវឌ្ឍ (GIZ), និង អង្គការយូនីសេហ្វ (Unicef) ខណៈតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ រួមមាន មូលនិធិជាតិជំនួយសង្គម, និងក្រសួងផែនការ ផងដែរ ៕