អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាធិបតីដាក់ឱ្យដំណើរការ “ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា”

 នៅព្រឹកថ្ងៃចន្ទ ១៤ កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នេះ, ក្រុមប្រឹក្សាជាតិគាំពារសង្គម បានរៀបចំពិធីប្រកាសដាក់ឱ្យដំណើការ “ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា” ឬ “Digital Social Protection Platform”  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម និងដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំ ក្រសួង-ស្ថាប័នពាក់ព័ន្ធ, អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត, ឯកអគ្គរដ្ឋទូត, តំណាងដៃគូអភិវឌ្ឍន៍, អង្គការសង្គមស៊ីវិល និងស្ថាប័នសិក្សាស្រាវជ្រាវ  ចំនួនប្រមាណ ៣៥០ នាក់ ព្រមទាំងមានការចូលរួមតាមរយៈប្រព័ន្ធវីដេអូប្រជុំពីចម្ងាយ ដោយអភិបាលក្រុង/ស្រុក/ខណ្ឌ និងមេឃុំ/ចៅសង្កាត់ និងមន្ត្រីអនុវត្តកម្មវិធីទូទាំងប្រទេសចំនួនប្រមាណ ៥ ០០០ នាក់ទៀត។ 

 ការដាក់ឱ្យដំណើរការ “ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា” ឬ “Digital Social Protection Platform” មានគោលដៅបង្ហាញពីសមិទ្ធផល និងការបោះជំហាននៃកិច្ចការបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ដោយសង្កត់ធ្ងន់លើការគិតគូរផ្នែកគោលនយោបាយ រហូតដល់ការរៀបចំ និងដាក់ឱ្យដំណើរការនូវថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ដែលជាការរៀបចំយ៉ាងល្អិតល្អន់ សម្រាប់រយៈពេលវែង លើផ្នែកប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងបច្ចេកវិទ្យាឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ជាពិសេសការរៀបចំពង្រីកវិសាលភាពនៃការអនុវត្តថ្នាលឌីជីថលរួមនេះ ជាជំហានៗនៅទូទាំងប្រទេស ដើម្បីបង្កើនប្រសិទ្ធភាព, ស័ក្តិសិទ្ធិភាព, គណនេយ្យភាព, និងតម្លាភាពបន្ថែមទៀត សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម។ 

ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ជាថ្នាលឌីជីថលរួម  របស់រាជរដ្ឋាភិបាល ដែលមានលក្ខណៈសមាហរណ (Integrated Digital Platform) និងត្រូវបានអភិវឌ្ឍឡើង សម្រាប់ធ្វើអន្តរប្រតិបត្តិការក្នុងការចុះបញ្ជី និងផ្ទៀងផ្ទាត់អត្តសញ្ញាណពលរដ្ឋគោលដៅ និងអ្នកទទួលផលក្នុងប្រព័ន្ធគាំពារសង្គម និងត្រូវបានដាក់ឱ្យដំណើរការ តាមរយៈអនុក្រឹត្យលេខ ៣៨ អនក្រ.បក ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

 ថ្នាលឌីជីថលរួមនេះ បានដាក់ឱ្យដំណើរការដោយធ្វើសុខដុមនីយកម្មកម្មវិធីគាំពារសង្គមសំខាន់ៗ រួមមាន៖ ការចុះបញ្ជីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព, កម្មវិធីអាហារូបករណ៍តាមសាលារៀន, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានផ្ទុកមេរោគអេដស៍, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ តាមម្តាយ, កម្មវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងមុខងារបោះពុម្ពបណ្ណសមធម៌ភ្លាមៗ, កម្មវិធីកំណត់អត្តសញ្ញាណជនមានពិការភាព និងមុខងារបោះពុម្ព QR Code នៃកាតសម្គាល់ជនមានពិការភាព, កម្មវិធីជាតិជំនួយសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ, និងកម្មវិធីបើកផ្តល់ប្រាក់របបសន្តិសុខសង្គមជូន អតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក។

 ជាមួយគ្នានេះ, ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា បានបំពាក់បន្ថែមនូវមុខងារ “ស្វែងរករហ័ស ឬ Fast Search” ដែលជាមុខងារធ្វើអន្តរប្រតិបត្តិការជាមួយមូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម និងមូលដ្ឋានទិន្នន័យរបស់ប្រតិបត្តិករគាំពារសង្គម តាមរយៈលេខ “សម្គាល់គាំពារសង្គម ឬ SPID” អាចផ្តល់នូវសមត្ថភាព និងសុក្រឹត្យភាពខ្ពស់ ក្នុងការស្វែងរកអត្តសញ្ញាណចុះបញ្ជីរបស់អ្នកទទួលផល និងពលរដ្ឋគោលដៅភ្លាមៗ ដោយអាចប្រើប្រាស់បណ្ណសម្គាល់ខ្លួន មួយណាក៏បាន រួមមានលេខអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ, បណ្ណសមធម៌, កាតសម្គាល់ជនមានពិការភាព, ឬកាត ប.ស.ស. ឬអាចប្រើប្រាស់ការស្កែនផ្ទៃមុខ ឬស្កែនខ្ចៅដៃ។ ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ក៏បានបំពាក់ផងដែរ នូវមុខងារចាប់យកតួអក្សរ ពីរូបភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដោយស្វ័យប្រវត្តិ (OCR on National Khmer ID Card) ដែលបង្កើនភាពងាយស្រួល និងឆាប់រហ័សដល់រំហូរនៃការចុះបញ្ជីក្នុងប្រព័ន្ធគាំពារសង្គម ភ្ជាប់ជាមួយនឹងការផ្តល់នូវដំណឹងក្នុងកាលិកពិត (Real-time Notification) ទៅទូរសព្ទដៃរបស់មេឃុំ/ចៅសង្កាត់ បង្កើនលទ្ធភាពក្នុងការត្រួតពិនិត្យ និងអនុម័តការស្នើសុំចុះបញ្ជីគាំពារសង្គមភ្លាមៗ ផងដែរ។

ក្នុងរបាយការណ៍សម្រាប់អង្គពិធី, ឯកឧត្តមបណ្ឌិត ចន​ ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច, អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពាសង្គម និងជាប្រធានអនុគណៈកម្មាធិការទទួលបន្ទុកបរិវត្ដកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម បានមានប្រសាសន៍ថា ជាមួយនឹងគំនិតផ្ដួចផ្ដើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានចង្អុលបង្ហាញឱ្យគិតគូរ និងរៀបចំប្រព័ន្ធចុះបញ្ជី និងការគ្រប់គ្រងទិន្នន័យគាំពារសង្គម

សំដៅធានាប្រសិទ្ធភាព ទាំងក្នុងក្របខណ្ឌនៃការអនុវត្តបែបប្រទាក់ក្រឡាផង និងផ្ដល់ភាពងាយស្រួលសម្រាប់មន្ត្រីអនុវត្តកម្មវិធី និងអ្នកទទួលផលផង ដោយចាប់យកអភិក្រម “ធ្វើសុខដុមនីយកម្ម” ជាជាងយកអភិក្រម “ធ្វើសមាហរ័ណកម្ម” ដោយកិច្ចការនេះត្រូវបានធ្វើការអភិវឌ្ឍជាបន្តបន្ទាប់ រហូតសម្រេចបាននូវ “ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា” ដែលជាកម្មវត្ថុនៃការប្រកាសដាក់ឱ្យអនុវត្តនៅថ្ងៃនេះ។

នៅក្នុងឱកាសនោះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ឬ DSPP ជាសមិទ្ធផលរួម ដែលបានកសាងមូលដ្ឋានគ្រឹះដ៏មានសំខាន់មួយ ក្នុងការអភិវឌ្ឍ និងអនុវត្តគោលនយោបាយជាតិគាំពារសង្គម របស់រាជរដ្ឋាភិបាល ដែលនេះមិនត្រឹមតែជាការបំពាក់បន្ថែមនូវថ្នាលឌីជីថលដ៏ទំនើប សម្រាប់មន្ត្រីអនុវត្តកម្មវិធី នៅរដ្ឋបាលថ្នាក់ក្រោមជាតិប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងបំពាក់ឧបករណ៍ចុះបញ្ជីឌីជីថល ដែលរួមមានកុំព្យូទ័រយួរដៃ, កាមេរ៉ាថតផ្ទៃមុខ និងឯកសារ,​​ ម៉ាស៊ីនស្កែនខ្ចៅដៃ, និងម៉ាស៊ីនបោះពុម្ពខ្នាតតូច ជូនដល់ឃុំ/សង្កាត់ទូទាំងប្រទេស ជាដំណាក់កាលៗ បន្ថែមលើថេប្លែតដែលត្រូវបានផ្តល់ជូន នាពេលកន្លងទៅ។ នេះ ជាការធ្វើទំនើបកម្ម និងឌីជីថលូបនីយកម្ម ដល់កម្រិតអ្នកអនុវត្តផ្ទាល់ នៅថ្នាក់ក្រោមជាតិ។ សមិទ្ធផលទាំងនេះនឹងរួមចំណែកដល់ការសម្រេចបាននូវរដ្ឋាភិបាលឌីជីថល ក្នុងពេលខាងមុខ, ជាពិសេសការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាគាំពារសង្គម សំដៅកាត់បន្ថយជាអតិបរមានូវប្រតិបត្តិការចុះបញ្ជី និងការបើកផ្តល់អត្ថប្រយោជន៍ស្ទួន, ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលច្រើនកន្លែង និងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលមានមុខងារស្រដៀងគ្នា, និយាយជារួម, និងនិយាយដោយឡែក សំដៅ «កាត់បន្ថយជាអតិបរមា នូវការបែកខ្ញែកនៃការគ្រប់គ្រងទិន្នន័យគាំពារសង្គម បែបវិមជ្ឈការ, ត្រៀមលក្ខណៈឆ្លើយតបនឹងគ្រោះអាសន្ន និងលើកកម្ពស់អភិបាលកិច្ចឌីជីថល» ក្នុងទិសដៅប្រែក្លាយប្រព័ន្ធគាំពារសង្គមកម្ពុជាទាំងមូល ឱ្យក្លាយជាប្រព័ន្ធមួយ ដែលមានភាពប្រទាក់ក្រឡាល្អ និងមានប្រសិទ្ធភាពខ្ពស់ សម្រាប់ការអនុវត្ត រយៈពេលវែង។

 ជាមួយសមិទ្ធិផលដែលសម្រេចបាននេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកទឹកចិត្ត និងផ្តល់អនុសាសន៍មួយចំនួនដល់ក្រសួង-ស្ថាប័ន និងក្រុមការងារពាក់ព័ន្ធ ដែលទទួលបន្ទុកអនុវត្តគោលនយោបាយជាតិគាំពារសង្គម រួមទាំងលេខាធិការដ្ឋានអនុគណៈកម្មាធិការទទួលបន្ទុកបរិវត្ដកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម នែអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ឱ្យបន្តការគាំទ្រ និងចូលរួមអនុវត្តឱ្យបានពេញលេញ និងស្រុះគ្នា ប្រកបដោយស្មារតីបុរេសកម្ម។

 ជាទីបញ្ចប់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណក្រសួង- ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងរដ្ឋបាលឃុំ/សង្កាត់, ដៃគូអភិវឌ្ឍន៍នានា ចំពោះការចូលរួមចំណែកគាំទ្រ និងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងកិច្ចការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម ជាពិសេសថ្នាលគាំពារសង្គមឌីជីថលកម្ពុជា សំដៅជំរុញនិងធានាប្រសិទ្ធភាព, និងស័ក្តិសិទ្ធិភាពនៃការអនុវត្តគោលនយោបាយជាតិគាំពារសង្គម របស់រាជរដ្ឋាភិបាល។