អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវ«ចក្ខុវិស័យ និង យុទ្ធសាស្ត្រ ស្តីពីសុខដុមនីយកម្ម កិច្ចការកែទម្រង់គន្លឹះ នៃរាជរដ្ឋាភិបាល» 

នៅសណ្ឋាគារសូហ្វីតែលភ្នំពេញថ្ងៃទី ៨ ខែ កក្កដា អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ  និង ជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតំណាដ៍ខ្ពង់ខ្ពស់សម្តេចមហាបវធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធី ពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវ«ចក្ខុវិស័យ និង យុទ្ធសាស្ត្រ ស្តីពីសុខដុមនីយកម្ម កិច្ចការកែទម្រង់គន្លឹះ នៃរាជរដ្ឋាភិបាល»។

អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ថាការខិតខំរៀបចំបាន នូវឯកសារ «ចក្ខុវិស័យ និង យុទ្ធសាស្រ្ត ស្តីពីសុខដុមនីយកម្ម កិច្ចការកែទម្រង់គន្លឹះ នៃរាជរដ្ឋាភិបាល», រហូតត្រូវបានប្រកាស ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃនេះ, សបញ្ជាក់ឲ្យឃើញច្បាស់ អំពីប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាព នៃការសម្របសម្រួល និង កិច្ចសហការអន្តរការដ្ឋាន នៃកម្មវិធីកែទម្រង់គន្លឹះ របស់រាជរដ្ឋាភិបាល ដែលមានភាពប្រទាក់ក្រឡាគ្នា, ពោលគឺ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, កម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ, កម្មវិធីកែទម្រង់ប្រព័ន្ធយុត្តិធម៌, និង កម្មវិធីកែទម្រង់ច្បាប់ ។ 

កិច្ចការកែទម្រង់គន្លឹះ ទាំង ៥ នេះ ក្រសោបចូល នូវសមាសភាគ ដ៏សំខាន់ ចំនួន ៥ នៃ ការកែទម្រង់អភិបាលកិច្ច របស់កម្ពុជា រួមមាន៖ (១). ការគ្រប់គ្រងធនធានហិរញ្ញវត្ថុ ប្រកប ដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាព; (២). ការកំណត់បែងចែកមុខងារច្បាស់លាស់, ការ- ធ្វើប្រតិភូកម្មអំណាចត្រឹមត្រូវ និង ការសម្របសម្រួលអនុវត្តមុខងារ ប្រកបដោយប្រសិទ្ធ-ភាព; (៣). ការកសាងធនធានមនុស្ស និង ស្ថាប័នសាធារណៈ ប្រកបដោយគុណភាព, ភាពស្អាតស្អំ, ភាពឆ្លាតវៃ និង សមត្ថភាព; (៤). ការអភិវឌ្ឍប្រព័ន្ធច្បាប់ និង យុត្តិធម៌ គ្រប់ជ្រុងជ្រោយ និង ប្រកបដោយសង្គតិភាព និង ប្រសិទ្ធភាព; និង (៥). ការលើកកម្ពស់ការ-គោរពច្បាប់ ព្រមទាំង ភាពត្រឹមត្រូវ និង ប្រសិទ្ធភាព ក្នុងការអនុវត្តច្បាប់ ពីសំណាក់មន្រ្តីអនុវត្ត ច្បាប់ និង មន្រ្តីតុលាការ ។ 

ជាការពិត, ការកែទម្រង់ស៊ីជម្រៅ និង មុតស្រួច គឺជា​​របៀបវារៈអាទិភាព របស់រាជរដ្ឋា- ភិបាល,​ ​ទាំងក្នុងនីតិកាល បន្តបន្ទាប់កន្លងទៅ និង ក្នុងនីតិកាលទី ៧ នេះ នៃរដ្ឋសភា ។ សមិទ្ធផល នៃកិច្ចការកែទម្រង់ ក្នុងគ្រប់វិស័យខាងលើ, ដែលសម្រេចបានមក ពីការជំរុញអនុវត្តយ៉ាងសកម្ម ក្នុងឆន្ទៈមោះមុតឥតរាថយ នូវ យុទ្ធសាស្រ្តចតុកោណ ទាំង ៤ ដំណាក់កាល ជាបន្តបន្ទាប់ កន្លងទៅ, បានរួមចំណែក​យ៉ាងសំខាន់​ ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ទៅតាម មុខសញ្ញារបស់ខ្លួន, ក្នុងនោះ រួមមាន៖ ការធានាបាននូវស្ថិរភាព និង ចីរភាពនៃ​កំណើនសេដ្ឋកិច្ច, កា​រពង្រឹងអភិបាលកិច្ច,​ ការពង្រឹងជំនឿទុកចិត្ត ពីសាធារណជន មកលើវិស័យ​យុត្តិធម៌, ការលើកកម្ពស់ប្រសិទ្ធភាពនៃច្បាប់, ការលើ​កកម្ព​ស់គុណភាពនៃការផ្ដល់សេវាសាធារណៈ ។ល។ អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់អំពីទំនាក់ទំនង​ និង ភាពប្រទាក់ក្រឡាគ្នា, ដោយផ្ទាល់ និង ដោយប្រយោល, រវាងសមាសភាគ ទាំង ៥ នៃកិច្ចការកែទម្រង់អភិបាលកិច្ច របស់រាជរដ្ឋាភិបាល ដូចខាងក្រោម៖

ទី១). មុខងារ៖ បច្ចុប្បន្ន, ការវិភាគមុខងារ និង រចនាសម្ព័ន្ធ របស់ក្រសួង-ស្ថាប័នគឺជាកិច្ចការកែទម្រង់គន្លឹះ ដែលស្ថិតក្នុងក្របខណ្ឌនៃការអនុវត្តវិធានការគន្លឹះ ក្នុងការកែ-ទម្រង់រដ្ឋបាលសាធារណៈ នៃរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា ។ ចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិ, ការផ្ទេរមុខងារទាមទារឲ្យមានការគិតគូរជាកញ្ចប់ ជាមួយនឹងការផ្ទេរធនធានហិរញ្ញវត្ថុ និង ធនធានមនុស្សដើម្បីគាំទ្រដល់ការអនុវត្តមុខងារដែលត្រូវបានផ្ទេរ ប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាព ។ 

ទី២). ហិរញ្ញវត្ថុ៖ ក្នុងបរិបទដែលសមិទ្ធកម្ម ក្លាយជាគោលដៅនៃការគ្រប់គ្រង ក្នុងរដ្ឋបាលសាធារណៈកម្ពុជា, ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ, ថវិកា គឺជាឧបករណ៍ស្នូល មួយ នៃគោលនយោបាយ ឬ អាចនិយាយម្យ៉ាងទៀតថា ថវិកា ត្រូវផ្សារភ្ជាប់ទៅនឹងគោល-នយោបាយ ។ ជារួម, ថវិកា ត្រូវបានប្រើប្រាស់ ដើម្បីសម្រេចសមិទ្ធផលដែលត្រូវបានគ្រោងទុក ។ នេះគឺជាគោលនយោបាយនៃ ថវិកាសមិទ្ធកម្ម ក្នុងក្របខណ្ឌនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ដោយឡែក, ក្នុងក្របខណ្ឌនៃកិច្ចការកែទម្រង់គន្លឹះ នៃរាជរដ្ឋាភិ-បាល, ហិរញ្ញវត្ថុ ឬ ថវិកា ត្រូវគាំទ្រ និង មានសង្គតិភាព ទៅនឹងគោលនយោបាយកែ-ទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ, គោលនយោបាយកែទម្រង់មុខងារសាធារណៈ, គោលនយោបាយកែទម្រង់ប្រព័ន្ធយុត្តិធម៌, និង គោលនយោបាយកែទម្រង់ច្បាប់ ។

ទី៣). ធនធានមនុស្ស៖ ការអភិវឌ្ឍធនធានមនុស្ស ក្នុងមុខងារសាធារណៈ គឺជាកិច្ចការចម្បង ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ, ដែលជាអាទិភាពខ្ពស់បំផុតមួយ ក្នុង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ។ សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា, រាជរដ្ឋាភិបាល បានដាក់ចេញសម្រាប់អនុវត្ត នូវអាទិភាពគន្លឹះ ចំនួន ៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ រួមមាន៖ ក). ពង្រឹងប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ, ខ). ពង្រឹងសមត្ថភាពមន្ត្រី និង សមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ, និង គ). ដាក់ឲ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ។ អាទិភាពគន្លឹះ ទាំង ៣ នេះ ផ្ដោតលើការពង្រឹងធនធានមនុស្ស ក្នុងមុខងារសាធារណៈ, ពោលគឺ មន្ត្រីរាជការនៅគ្រប់ជាន់ថ្នាក់ ។

ទី៤). ប្រព័ន្ធយុត្តិធម៌៖ ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ អាចមានលក្ខណៈពិសេស ពីទិដ្ឋភាព ទាំង ៣ ខាងលើ នៅត្រង់ថា ការងារនេះ ផ្ដោតលើវិស័យយុត្តិធម៌ ឬ និយាយម្យ៉ាងទៀតថា ការកែទម្រង់នេះ គឺជាសកម្មភាពការងារ នៅក្នុងអំណាចមួយដោយឡែក ផ្សេងពីអំណាចនីតិប្រតិបត្តិ ឬ រាជរដ្ឋាភិបាល, ពោលគឺ អំណាចតុលាការ ។ យ៉ាងណាមិញ, ពាក់ព័ន្ធនឹងមុខងារ, ហិរញ្ញវត្ថុ ឬ ថវិកា, និង ធនធានមនុស្ស ឬ មន្ត្រីរាជការ, ការងារកែ-ទម្រង់ប្រព័ន្ធយុត្តិធម៌ នៅតែមានទំនាក់ទំនង, ដោយផ្ទាល់ និង ដោយប្រយោល, ជាមួយនឹងការកែទម្រង់ ៤ ផ្សេងទៀត ដោយខានមិនបាន ។ ការកែទម្រង់ប្រព័ន្ធយុត្តិធម៌, ដែលមានគោលដៅជាយុទ្ធសាស្រ្ត ផ្តោតលើការពង្រឹងគោលការណ៍នីតិរដ្ឋ, ការពង្រឹងការ-ប្រយុទ្ធប្រឆាំងអំពើបំពាន ដោយអយុត្តិធម៌ក្នុងសង្គម, និង ការពង្រឹងជំនឿទុកចិត្តពីសាធារណជន មកលើវិស័យ​យុត្តិធម៌, គឺជាកត្តារួមចំណែកដ៏សំខាន់, មិនត្រឹមតែក្នុងការ-ពង្រឹងអភិបាលកិច្ច និង លើកកម្ពស់ប្រសិទ្ធភាពនៃច្បាប់ និង ប្រព័ន្ធយុត្តិធម៌ ក្នុងសង្គមជាតិប៉ុណ្ណោះទេ, ប៉ុន្តែសំខាន់ជាងនេះទៀត ក៏រួមចំណែកផងដែរ ក្នុងការធានាថែរក្សាស្ថិរភាពសង្គម, សណ្តាប់ធ្នាប់សាធារណៈ និង ភាពសុខដុមរមនា ក្នុងសង្គមជាតិ ដែលជាបុព្វលក្ខ- ខណ្ឌ សម្រាប់ជោគជ័យនៃកិច្ចការកែទម្រង់ដទៃទៀត របស់រាជរដ្ឋាភិបាល ។ និង

ទី៥). ច្បាប់៖ ការកែទម្រង់ច្បាប់ ផ្ដោតលើវដ្តនៃច្បាប់, ទាំងក្នុងដំណាក់កាលរៀបចំ, ដំណាក់កាលអនុវត្ត និង ដំណាក់កាលត្រួតពិនិត្យប្រសិទ្ធភាពនៃការអនុវត្ត, ក្នុងគោល-បំណងពង្រឹង និង លើកកម្ពស់គោលការណ៍នីតិរដ្ឋ, សន្ដិសុខគតិយុត្ត, ឧត្តមានុភាពគតិ-យុត្ត, ព្រមទាំងគុណភាព និង ប្រសិទ្ធភាពនៃច្បាប់ ។ គុណភាព, សង្គតិភាព, ប្រសិទ្ធភាព និង ស័ក្ដិសិទ្ធភាព នៃការរៀបចំ និង ការអនុវត្តច្បាប់ នឹងក្លាយជាកម្លាំងចលករប្រកប ដោយថាមភាព ដែលគាំទ្រដល់ទិដ្ឋភាព ចំនួន ៤ ផ្សេងទៀតខាងលើ ។អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍សម្តែងនូវកតញ្ញុតាធម៌ និង កតវេទិតាធម៌ យ៉ាងជ្រាលជ្រៅបំផុត គោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានត្រួសត្រាយមាគ៌ា នៃសុខដុមនីយកម្ម កិច្ចការកែទម្រង់ ៣ បូក ១ ក្នុងនីតិកាលទី ៦នៃរដ្ឋសភា កន្លងទៅ ។ ការណ៍នេះ បានធ្វើឲ្យរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា មានមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីធ្វើបច្ចុប្បន្នកម្ម, រក្សាចលនការ និង ជំរុញបន្ថែមទៀត នូវជវភាពនៃការកែទម្រង់ សំដៅពង្រឹងអភិបាលកិច្ច ឲ្យបានកាន់តែប្រសើរឡើង និងសូមគោរពថ្លែងអំណរគុណ និង ការដឹងគុណ ដ៏ជ្រាលជ្រៅផងដែរ ចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, នាយករដ្ឋមន្រ្តី នៃព្រះរាជាណា-ចក្រកម្ពុជា, ដែលបានផ្តល់ការគាំទ្រ និង បានផ្តល់អនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់ លើការ- អនុវត្ត ចក្ខុវិស័យ និង យុទ្ធសាស្ត្រ នេះ ឲ្យបានជោគជ័យ តាមការរំពឹងទុក ។