អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Chen Huaiyu, ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារនីហរ័ណ-អាហរ័ណចិន (China Eximbank) និងសហការី

ព្រឹកថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២៦, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Chen Huaiyu, ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារនីហរ័ណ-អាហរ័ណចិន (China Eximbank) និងសហការី

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះឯកឧត្តម Chen Huaiyu ដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដែលជាសក្ខីភាពបញ្ជាក់ពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង China Eximbank ក៏ដូចជារដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ។ ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ដែលមានជាយូរលង់មកហើយ ជាមិត្តដែកថែប និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ចិន កាន់តែរីកធំធាត់ឡើង ចាប់ពីកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ មកជាសហគមន៍វាសនារួមកម្ពុជា-ចិន និងបច្ចុប្បន្នបានលើកកម្រិតដល់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួមក្នុងយុគសម័យថ្មី គ្រប់រដូវកាល ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដារខ្ពស់ ។ ជាក់ស្តែង, China Eximbank ដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា ក៏បានចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ដែលក្នុងរយៈពេលជាង ២ ទស្សវត្សន៍កន្លងមក, ទំហំឥណទានសម្បទានពី China Eximbank មានចំនួនសរុប​ប្រមាណ ៥ ៩០០ លាន ដុល្លារ​អាម៉េរិក ដោយបានធ្វើហិរញ្ញប្បទានដល់​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋា-រចនាសម្ព័ន្ធ​រូបវន្ត​​​​សរុបចំនួន ៧១ គម្រោង ក្នុងនោះ មាន​វិស័យហេដ្ឋារចនាសម្ព័ន្ធស្ពាន-ថ្នល់ ចំនួន ៣៨ គម្រោង មានប្រវែង​សរុបប្រមាណជាង ៣ ០០០ គម, ស្ពានឆ្លងទន្លេសាបចំនួន ២ កន្លែង, ស្ពានឆ្លងទន្លេមេគង្គចំនួន ៤ កន្លែង, និងស្ពានឆ្លងទន្លេបាសាក់ចំនួន ៤ កន្លែង, វិស័យ​ប្រព័ន្ធ​ធារាសាស្រ្តចំនួន ១៧ គម្រោង, វិស័យ​អគ្គិសនីចំនួន ១២ គម្រោង ព្រមទាំងវិស័យ​ផ្សេង​ទៀត​ចំនួន ៤ គម្រោង ។

ឯកឧត្តម Chen Huaiyu ក៏បានសម្តែងនូវអំណរគុណចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង​របស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ។ ចំណងមិត្តភាព​យូរអង្វែង និងទំនាក់ទំនងដ៏ល្អ ដែលបានពូនជ្រុំដោយថ្នាក់ដឹកនាំប្រទេសទាំងពីរ ធ្វើឱ្យប្រទេសទាំងពីរទទួលបាននូវសមិទ្ធិផលជាផ្លែផ្កាច្រើនពីកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ។ ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរនូវជំហររឹងមាំរបស់ China Eximbank ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់ដំណើររបស់កម្ពុជាឆ្ពោះទៅវិបុលភាពសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព ។

ភាគីទាំងពីរ ក៏បានពិភាក្សាអំពី​ការកិច្ចសហការជិតស្និទ្ធបន្តទៀត ដើម្បីឱ្យ​ការងារសាងសង់​គម្រោង​គ្រប់គ្រង​ធនធានទឹកចម្រុះហ្វូណនតេជោ អាចសម្រេចបានតាមការរំពឹងទុក ។ ​ភាគីមិត្ត នឹងបន្តជួយគាំទ្រ​ស្វែងរកដៃគូ​វិនិយោគបន្ថែមទៀត​​ក្នុងដំណាក់កាលបន្តបន្ទាប់នៃដំណើរការ​ព្រែកជីក, កិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុសម្រាប់គម្រោង, ក៏ដូចជា កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀត ដូចជា ការទាក់ទាញវិនិយោគិនពីវិស័យឯកជន, ថាមពលអគ្គិសនី, បញ្ញាសប្បនិមិត្ត, ពាណិជ្ជកម្ម, ទំនាក់ទំនង និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេសទំាងពីរ ផងដែរ ។ ទន្ទឹមនេះ, ភាគីទាំងពីរ ក៏បានប្តេជ្ញាជំរុញ​កិច្ចសហប្រតិបត្តិការហិរញ្ញប្បទានសម្រាប់​គម្រោង​អាទិភាព​នានាដែលមានស្រាប់​ នៅក្នុងគម្រោងសហការអភិវឌ្ឍន៍កម្ពុជា-ចិន (Existing Projects in the Pipeline) ជាបន្តទៀត ដើម្បីបន្តរួមចំណែក​ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព ដែលឆ្លើយតបនឹងអាទិភាព ក៏ដូចជាបន្ស៊ីគ្នារវាងគម្រោងអភិវឌ្ឋន៍ជាមួយផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិកម្ពុជា ។

ជាទីបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ និងជូនពរឯកឧត្តម Chen Huaiyu និងសហការី នៃ China Eximbank សូមទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចរបស់ខ្លួននៅកម្ពុជា ។