អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទទួលជួប ជាមួយ លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីលប្រចាំនៅព្រះរាជណាចក្រកម្ពុជា
នាព្រឹកថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២៦, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គ-បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Vivian Loss Sanmartin ក្នុងខណៈដែលលោកជំទាវត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ដែលមានវេសនដ្ឋានប្រចាំនៅព្រះរាជណាចក្រកម្ពុជា ។
ជាមួយនឹងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព និងសហការី ក៏ដូចជាការថ្លែងអំណរគុណចំពោះសាធារណរដ្ឋសហព័ន្ធប្រេស៊ីល, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់អំពីការរីកចម្រើនទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ប្រេស៊ីល តាមរយៈការដាក់និវេសនដ្ឋានទូតផ្ទាល់នៅភ្នំពេញ កាលពីឆ្នាំ២០២៤ ។ ជាមួយគ្នានេះ, ទំហំពាណិជ្ជកម្មកម្ពុជា-ប្រេស៊ីល មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ពិសេស ក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានប្រមាណ ១៨៦ លានដុល្លារអាម៉េរិក កើនឡើងជាង ៨១% បើធៀបនឹងឆ្នាំ ២០២៤ ដោយការនាំចេញផលិតផលសំបកកង់ និងសម្លៀកបំពាក់របស់កម្ពុជាទៅកាន់ប្រេស៊ីល ។
លោកជំទាវ Vivian Loss Sanmartin ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលឆ្លៀតពីការងារមមារញឹកអនុញ្ញាតឲ្យ លោកជំទាវ និងសហការី ជួប ពិភាក្សាការងារ ។ រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្តេជ្ញាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិ-ការជាមួយកម្ពុជា តាមរយៈការបន្តជំរុញការវិនិយោគ ពង្រីកទំហំពាណិជ្ជកម្ម ការផ្សាភ្ជាប់ធុរកិច្ច និងកិច្ចសហ-ប្រតិបត្តិការលើវិស័យឯកជននានា ដើម្បីទាញយកសក្តានុពលសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ។
ភាគីទាំងពីរ ក៏បានពិភាក្សាអំពីសក្តានុពលនៃប្រទេសទាំងពីរ ដែលអាចឈានទៅពង្រីកកិច្ចសហ-ប្រតិបត្តិការទ្វេភាគី និងតំបន់ឲ្យកាន់តែស៊ីជម្រៅថែមទៀតក្នុងរយៈពេលមធ្យម និងវែងខាងមុខ ក្នុងនោះមាន វិស័យ កសិកម្ម វិស័យថាមពល និងបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ។ កម្ពុជា បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា, កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែងបង្កើនពិពិធកម្ម និងពង្រឹងភាពធន់, កម្មវិធីជំរុញការកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ ដែលមានគោលដៅជំរុញការកាត់បន្ថយនីតិវិធីរដ្ឋបាលដែលស្មុគស្មាញ, ការធ្វើឌីជីថលភាវូបនីយកម្មសេវាសាធារណៈ, ការបង្កើនទំនុកចិត្តខ្ពស់ដល់វិនិយោគិន, និងការបង្កើនភាពធន់ ផងដែរ ។ ប្រេស៊ីល មានឧត្តមភាពលើវិស័យកសិកម្ម វិស័យថាមពល និងវិស័យធនាគារ ដែលអាចចែករំលែកបទពិសោធន៍ និងចំណេះដឹងដល់កម្ពុជាក្នុងការស្រាវជ្រាវ ក៏ដូចជាការផ្លាស់ប្តូរជំនាញ ជាដើម ។ ឈលើសក្តានុពលទាំងនេះ, កម្ពុជា-ប្រេស៊ីល គួរចាប់ផ្តើមពិនិត្យលទ្ធភាពសិក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី តាមរយៈការរៀបចំកិច្ចព្រម-ព្រៀងស្ដីពីការជំរុញ និងការការពារទៅវិញទៅមកនូវការវិនិយោគ, លទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងរៀបចំយន្តការនៃការមិនយកពន្ធត្រួតគ្នា (Double Taxation Agreements) ជាដើម ។
ជាទីបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនប្រេស៊ីល ដែលបានបន្តរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងបានសម្តែងនូវជំនឿជាក់ថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ នឹងបន្តរីកចម្រើនថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍រួម និងវិបុលភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ។







