អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ “ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ” លើកទី២៨ អាណត្តិទី១

នាព្រឹកថ្ងៃទី៦ ខែមករា គ.ស. ២០២៦, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សា អ.ស.ហ. លើកទី២៨ អាណត្តិទី១ នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ  ដោយ​មានការចូលរួមពី ឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវ និងលោក ដែ​ល​ជាសមាជិក -សមាជិកា នៃក្រុមប្រឹក្សា  អ.ស.ហ. ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈ  ដូចខាងក្រោម៖ 

របៀបវារៈទី១. សេចក្តីព្រាងប្រកាសស្តីពី ”ការគ្រប់គ្រងគុណភាពសវនកម្ម និងការអះអាង” របស់និយ័តករគណនេយ្យនិងសវនកម្ម

និយ័តករគណនេយ្យនិងសវនកម្ម បានរៀបចំសេចក្តីព្រាងប្រកាសស្តីពី ការគ្រប់គ្រងគុណភាពសវនកម្ម និងការអះអាង ក្នុងគោលបំណងបំពេញចន្លោះខ្វះខាតនូវរបបគតិយុត្តដែលបញ្ញត្តិអំពីក្របខ័ណ្ឌនៃតួនាទីភារកិច្ច នីតិវិធី យន្តការ ប្រភេទនៃទណ្ឌកម្មដែលអាចដាក់លើក្រុមហ៊ុនដែលផ្តល់សេវាខ្វះគុណ​ភាព ឬគុណភាពនៃសេវាសវនកម្មធ្លាក់ចុះជាដើម។ ប្រកាសនេះកំណត់អំពីយន្តការនៃការគ្រប់គ្រងគុណភាពសវនកម្ម និងការអះអាង ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពជឿទុកចិត្តបាននៃការត្រួតពិនិត្យគុណភាពសវនកម្ម និងការអះអាង ក្នុងគោលដៅលើកកម្ពស់ជំនឿទុកចិត្តរបស់សាធារណជនលើរបាយការណ៍សវនកម្មនិងរបាយការណ៍ការអះអាង ក្នុងព្រះរាជាណាចក្រកម្ពុជា។ ប្រកាសនេះមាន ៨ ជំពូក និង ៤២ ប្រការ ដោយមានវិសាលភាពអនុវត្តចំពោះក្រុមហ៊ុនសវនកម្ម និងសវនករជារូបវន្តបុគ្គល នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាលទ្ធផល, ក្រុមប្រឹក្សា អ.ស.ហ. បានពិនិត្យ និងអនុម័តជាគោលការណ៍លើសេចក្តីព្រាងប្រកាសនេះ ជាមួយនឹងការណែនាំកែសម្រួល និងសិក្សាស្រាវជ្រាវបន្ថែមលើចំណុចដែលអង្គប្រជុំបានលើកឡើង និងសម្រច ព្រមទាំងរាយការណ៍ជូនកិច្ចប្រជុំក្រុមប្រឹក្សា អ.ស.ហ. ឡើងវិញ នាពេលបន្ទាប់។

របៀបវារៈទី២. សេចក្តីព្រាងប្រកាសស្តីពី “កាតព្វកិច្ចដាក់តម្កល់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ និងដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ” របស់និយ័តករគណនេយ្យនិងសវនកម្ម

និយ័តករគណនេយ្យនិងសវនកម្ម បានធ្វើវិសោធនកម្ម និងរៀបចំសេចក្តីព្រាងប្រកាសស្តីពី កាតព្វកិច្ចដាក់តម្កល់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ និងដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ ស្របតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម និងស្មារតីនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។ ប្រកាសនេះកំណត់កាតព្វកិច្ចដាក់តម្កល់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ និងលក្ខខណ្ឌសវនកម្មឯករាជ្យលើរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ព្រមទាំងកាតព្វកិច្ចពាក់ព័ន្ធនានា សម្រាប់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ ដើម្បីពង្រឹងអនុលោមភាព ប្រសិទ្ធភាព គណនេយ្យភាព តម្លាភាព និងស័ក្តិសិទ្ធភាព។ ប្រកាសនេះមាន ៨ ជំពូក និង ២៧ ប្រការ ដោយមានវិសាលភាពអនុវត្តចំពោះសហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ វៀរលែងសហគ្រាសជាអ្នកជាប់ពន្ធតូច នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាលទ្ធផល, ក្រុមប្រឹក្សា អ.ស.ហ. បានពិនិត្យ ផ្ទៀងផ្ទាត់ និងណែនាំដល់និយ័តករគណនេយ្យនិងសវនកម្ម បន្តពិគ្រោះយោបល់ជាមួយអគ្គនាយកដ្ឋានពន្ធដារ លើចំណុចដែលអង្គប្រជុំបានលើកឡើង និងសម្រេច ព្រមទាំងសិក្សាស្រាវជ្រាវបន្ថែមពីឧត្តមានុវត្តអន្តរជាតិ និងរាយការណ៍ជូនកិច្ចប្រជុំក្រុមប្រឹក្សា អ.ស.ហ. ឡើងវិញ នាពេលបន្ទាប់។

របៀបវារៈទី៣.  ​សេចក្តីព្រាងប្រកាសស្តីពី “ការដាក់ទណ្ឌកម្មខាងវិន័យចំពោះបុគ្គលរាយការណ៍ ក្នុងវិស័យបរធនបាលកិច្ចដែលមិនអនុវត្តតាមច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម” របស់និយ័តករបរធនបាលកិច្ច

និយ័តករបរធនបាលកិច្ច បានរៀបចំសេចក្តីព្រាងប្រកាសស្តីពី ការដាក់ទណ្ឌកម្មខាងវិន័យចំពោះបុគ្គលរាយការណ៍ក្នុងវិស័យបរធនបាលកិច្ចដែលមិនអនុវត្តតាមច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ ស្របតាមមាត្រា៣៧ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ប្រកាសនេះកំណត់អំពីវិធានការទណ្ឌកម្មខាងវិន័យ ចំពោះបុគ្គលរាយការណ៍ក្នុងវិស័យបរធនបាលកិច្ចដែលពុំអនុវត្តតាមកាតព្វកិច្ចប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដើម្បីធានា និងបង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ប្រកាសនេះ ៤ ជំពូក និង ១៩ ប្រការ ដោយមានវិសាលភាពអនុវត្តចំពោះបុគ្គលរាយការណ៍ក្នុងវិស័យបរធនបាលកិច្ចដែលស្ថិតក្រោមការត្រួតពិនិត្យរបស់និយ័តករបរធនបាលកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមិនអនុវត្តតាមច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មជាធរមាន។

ជាលទ្ធផល, ក្រុមប្រឹក្សា អ.ស.ហ. បានពិនិត្យ និងអនុម័តជាគោលការណ៍លើសេចក្តីព្រាងប្រកាសស្តីពី ការដាក់ទណ្ឌកម្មខាងវិន័យចំពោះបុគ្គលរាយការណ៍ ក្នុងវិស័យបរធនបាលកិច្ចដែលមិនអនុវត្តតាមច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ជាមួយនឹងការណែនាំពិនិត្យ​ទម្រង់ និងសម្អាតអក្ខរាវិរុទ្ធ តាមការចាំបាច់ មុននឹងដាក់ឆ្លងនីតិវិធីបន្ទាប់។

របៀបវារៈទី៤.  ​សេចក្តីព្រាងប្រកាសស្តីពី “ការដោះស្រាយវិវាទក្នុងវិស័យបរធនបាលកិច្ច”  របស់និយ័តករបរធនបាលកិច្ច

និយ័តករបរធនបាលកិច្ច បានរៀបចំសេចក្តីព្រាងប្រកាសស្តីពី ការដោះស្រាយវិវាទក្នុងវិស័យបរធនបាលកិច្ច ឆ្លើយតបទៅនឹងការតម្រូវឱ្យមានលិខិតបទដ្ឋា​នគតិយុត្តក្រោមច្បាប់ស្តីពីបរធនបាលកិច្ចលើការរៀបចំយន្តការ បែបបទ និងនីតិវិធីនៃការផ្សះផ្សានិងដោះស្រាយវិវាទពាក់ព័ន្ធនឹងប្រតិបត្តិការបរធនបាលកិច្ច ស្របតាមទិដ្ឋភាពបច្ចេកទេសផ្សះផ្សា និងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការសម្រាប់វិស័យពិសេសនីមួយៗ។ ប្រកាសនេះកំណត់អំពីយន្តការនិងនីតិវិធីនៃការផ្សះផ្សា និងការដោះស្រាយវិវាទដោយក្រុមប្រឹក្សាដោះស្រាយវិវាទបរធនបាលកិច្ច (ក.ដ.ប.) ពាក់ព័ន្ធនឹងប្រតិបត្តិការបរធនបាលកិច្ច និងការផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច ប្រកបដោយប្រសិទ្ធភាព និងសមធម៌ ក្នុងគោលដៅការពារវិនិយោគិន ភាគីបរធនបាលកិច្ច ព្រមទាំងបុគ្គលចូលរួម ដទៃទៀតក្នុងវិស័យបរធនបាលកិច្ច។ ប្រកាសនេះមាន ៩ ជំពូក និង ៤៧ ប្រការ ដោយមានវិសាលភាពអនុវត្តចំពោះវិវាទពាក់ព័ន្ធនឹងប្រតិបត្តិការបរធនបាលកិច្ចរបស់បរធនបាល ប្រតិបត្តិករបរធនបាល និងការផ្តល់សេវាបរធនបាលកិច្ចរបស់អ្នកចូលរួមដទៃទៀតក្នុងវិស័យបរធនបាលកិច្ច ដែលទទួលបានអាជ្ញាបណ្ណ ការអនុញ្ញាត ការចុះបញ្ជី និងការទទួលស្គាល់ពីនិយ័តករបរធនបាលកិច្ច។

ជាលទ្ធផល, ក្រុមប្រឹក្សា អ.ស.ហ. បានពិនិត្យ និងអនុម័តជាគោលការណ៍លើសេចក្តីព្រាងប្រកាសស្តីពី ការដោះស្រាយវិវាទក្នុងវិស័យបរធនបាលកិច្ច ជាមួយនឹងការណែនាំពិនិត្យ​ទម្រង់ និងសម្អាតអក្ខរាវិរុទ្ធ តាមការចាំបាច់ មុននឹងដាក់ឆ្លងនីតិវិធីបន្ទាប់។

របៀបវារៈទី៥.  ​សេចក្តីព្រាងប្រកាសស្តីពី “ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាដោះស្រាយវិវាទបរធនបាលកិច្ច”  របស់និយ័តករបរធនបាលកិច្ច

និយ័តករបរធនបាលកិច្ច បានរៀបចំសេចក្តីព្រាងប្រកាសស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាដោះស្រាយវិវាទបរធនបាលកិច្ច ក្នុងគោលបំណងបង្កើតក្រុមប្រឹក្សាដោះស្រាយវិវាទបរធនបាលកិច្ច ដែលសរសេរជាអក្សរកាត់ថា “ក.ដ.ប.” ដើម្បីដោះស្រាយវិវាទពាក់ព័ន្ធនឹងប្រតិបត្តិការបរធនបាលកិច្ច ដែលអនុលោមតាមច្បាប់ស្តីពីបរធនបាលកិច្ច។ ប្រកាសនេះកំណត់អំពីការបង្កើត ការរៀបចំ និងដំណើរការរបស់ “ក្រុមប្រឹក្សាដោះស្រាយវិវាទបរធនបាលកិច្ច” ដើម្បីដោះស្រាយវិវាទពាក់ព័ន្ធនឹងប្រតិបត្តិការបរធនបាលកិច្ច តាមបែបបទ និងនីតិវិធីជាធរមាន ប្រកបដោយ ប្រសិទ្ធភាព គណនេយ្យភាព និងភាពឆាប់រហ័ស សំដៅលើកកម្ពស់កិច្ចគាំពារវិនិយោគិនក្នុងវិស័យបរធនបាលកិច្ច។ ប្រកាសនេះមាន ៣ ជំពូក និង ១១ ប្រការ។

ជាលទ្ធផល, ក្រុមប្រឹក្សា អ.ស.ហ. បានពិនិត្យ និងអនុម័តជាគោលការណ៍លើសេចក្តីព្រាងប្រកាសស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាដោះស្រាយវិវាទបរធនបាលកិច្ច ជាមួយនឹងការណែនាំពិនិត្យ​ទម្រង់ និងសម្អាតអក្ខរាវិរុទ្ធ តាមការចាំបាច់ មុននឹងដាក់ឆ្លងនីតិវិធីបន្ទាប់។

របៀបវារៈទី៦.  ​សេចក្តីព្រាងប្រកាសស្តីពី “ការបើកសាខារបស់បរធនបាល”  របស់និយ័តករបរធនបាលកិច្ច

ប្រកាសនេះកំណត់អំពីលក្ខខណ្ឌ និងនីតិវិធីនៃការអនុញ្ញាតបើកសាខាបរធនបាល ដោយអនុ​លោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន ក្នុងវិស័យបរធនបាលកិច្ច។ ប្រកាសនេះមាន ៦ ជំពូក និង ២៤ ប្រការ ដោយមានវិសាលភាពអនុវត្តចំពោះបរធនបាល ដែលទទួលបានអាជ្ញាបណ្ណ ឬការអនុញ្ញាតពីនិយ័តករបរធនបាលកិច្ចឱ្យធ្វើប្រតិបត្តិការបរធនបាលកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។

ជាលទ្ធផល, ក្រុមប្រឹក្សា អ.ស.ហ. បានពិនិត្យ និងអនុម័តជាគោលការណ៍លើសេចក្តីព្រាងប្រកាសស្តីពី ការបើកសាខារបស់បរធនបាល ជាមួយនឹងការណែនាំពិនិត្យ​ទម្រង់ និងសម្អាតអក្ខរាវិរុទ្ធ តាមការចាំបាច់ មុននឹងដាក់ឆ្លងនីតិវិធីបន្ទាប់។