អគ្គនាយក ARDB ចុះសិក្សាខ្សែច្រវាក់ផលិតកម្មកែច្នៃដំឡូងមីនៅចិន ដើម្បីជំរុញការនាំចេញកសិផលខ្មែរឱ្យកាន់តែខ្លាំងទៅទីផ្សារប្រទេសចិន

ប៉េហៃ៖ នារសៀលថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦, ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការីចុះទស្សនកិច្ចសិក្សាផ្ទាល់ពីខ្សែច្រវាក់ផលិតកម្មកែច្នៃដំឡូងមីរបស់ក្រុមហ៊ុនរដ្ឋចិន COFCO នៅទីក្រុងប៉េហៃ សាធារណរដ្ឋប្រជាមានិតចិន។

គោលបំណងសំខាន់នៃបេសកកម្ម៖
ការចុះបំពេញបេសកកម្មនេះ ធ្វើឡើងក្នុងគោលបំណងយុទ្ធសាស្ត្រចំនួន ៣ សំខាន់ៗ៖
១. ពង្រីកទីផ្សារនាំចេញ៖ ជំរុញការនាំចេញដំឡូងមីស្ងួតពីកម្ពុជាទៅកាន់ទីផ្សារចិនឱ្យបានកាន់តែច្រើនលើសឆ្នាំមុនៗ។
២. ពង្រឹងកិច្ចសហប្រតិបត្តិការ៖ ស្វែងយល់ពីតម្រូវការបច្ចេកទេស និងស្ដង់ដារកែច្នៃរបស់ក្រុមហ៊ុន COFCO ដែលជាអ្នកបញ្ជាទិញធំបំផុតមួយ ដើម្បីសម្រួលដល់ការផ្គត់ផ្គង់ពីកម្ពុជា។
៣. គាំទ្រផ្នែកហិរញ្ញវត្ថុ៖ បញ្ជាក់ពីការត្រៀមខ្លួនរបស់ ARDB ក្នុងការបន្តផ្តល់ហិរញ្ញប្បទានដល់អ្នកប្រមូលទិញដំឡូងមីនៅកម្ពុជា ដើម្បីបង្កើនលទ្ធភាពប្រមូលទិញសម្រាប់នាំចេញ។

ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត កៅ ថាច ក៏បានអញ្ជើញតំណាងក្រុមហ៊ុន COFCO មកទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យមើលសក្ដានុពលតំបន់ផលិតកម្មដំឡូងមីដោយផ្ទាល់។ ជាការឆ្លើយតប តំណាងក្រុមហ៊ុនបានយល់ព្រមនឹងពិនិត្យលទ្ធភាពមកកាន់កម្ពុជានាពេលឆាប់ៗខាងមុខនេះ។

គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន COFCO បាននិងកំពុងនាំចូលដំឡូងមីស្ងួតពីកម្ពុជាសម្រាប់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ដែលនេះជាសញ្ញាវិជ្ជមានសម្រាប់កសិករ និងអ្នកនាំចេញកម្ពុជា៕