អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា លើកឡើងអំពីផែនការការងារ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦

ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា មានប្រសាសន៍ថា ទូរទស្សន៍ជាតិកម្ពុជា បានខិតខំអភិវឌ្ឍន៍ស្ថាប័នរបស់ខ្លួនពីមួយឆ្នាំទៅមួយឆ្នាំ ឲ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវ។ 

ឯកឧត្តម ឃឹម វុទ្ធី បានលើកឡើងបែបនេះ ក្នុងឱកាសនៃការអញ្ជើញដឹកនាំកិច្ចប្រជុំអំពីផែនការការងារត្រៀមរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អគ្គនាយករង អគ្គនាយិការង ប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប នៅព្រឹកថ្ងៃទី០៣​ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឯកឧត្តម បានមានប្រសាសន៍អំពីការត្រៀមរៀបចំសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដើម្បីឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់អាចអនុវត្តការងារ និងរៀបចំនូវកិច្ចការងារសម្រាប់កិច្ចប្រជុំសន្និបាតបូកសរុបការងារប្រចាំឆ្នាំនេះ។ ឯកឧត្តមអគ្គនាយក បានបន្តថា នាយកដ្ឋាននីមួយៗនៃអគ្គនាយកដ្ឋាន ក្នុងនាមជាសេនាធិការរបស់អង្គភាព មាននតួនាទីភារកិច្ចយ៉ាងសំខាន់ ដើម្បីឲ្យអគ្គនាយកដ្ឋានអាចពង្រឹង និងពង្រីកវិសាលភាព និងដំណើរការទៅមុខបានយ៉ាងជោគជ័យ។

ឯកឧត្តមបានលើកឡើងអំពីផែនការការងារសម្រាប់ឆ្នាំ២០២៦ខាងមុខ ធ្វើយ៉ាងណាឲ្យទូរទស្សន៍ជាតិកាន់តែមានការអភិវឌ្ឍន៍បន្ថែម ក្នុងការធ្វើទំនើបកម្មស្ថាប័ន ព្រមទាំងបានបំពេញតួនាទីស្នូល យុទ្ធសាស្ត្រក្នុងការដឹកនាំគ្រប់គ្រង គំនិតផ្តួចផ្តើមក្នុងភាពច្នៃប្រឌិត ការរៀបចំ និងទទួលគម្រោងស្រាវជ្រាវ និងការផ្សព្វផ្សាយរបស់អង្គភាព។

បន្ថែមពីនេះ ឯកឧត្តម បានផ្តល់នូវអនុសាសន៍ និងចង្អុលបង្ហាញអំពីកិច្ចការងារសំខាន់ៗមួយចំនួនទៀត ដែលនឹងត្រូវបំពេញនៅចុងឆ្នាំ២០២៥នេះ សំដៅធ្វើយ៉ាងណាឲ្យអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ទទួលបានលទ្ធផលជោគជ័យ មុននឹងឈានទៅបំពេញការងារថ្មីនៅឆ្នាំខាងមុខ៕