អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចូលរួមផ្តល់បទបាឋកថា ក្នុងឱកាសកម្មវិធីខួប ១៥ឆ្នាំ របស់ក្រុមហ៊ុនអេមរុរ៉ាយស៍

ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍្ត ៨កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចូលរួមផ្តល់បទបាឋកថាខ្លី ក្នុងកម្មវិធីខួប១៥ឆ្នាំ នៃការកកេីត អេមរុរ៉ាយស៍ (AMRU RICE)។

ឯកឧត្តមបណ្ឌិតប្រតិភូ បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន AMRU RICE ដែលបានចូលរួមក្នុងការកែច្នៃ និងនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារពិភពលោក ប្រកបដោយស្តង់ដារគុណភាពទទួលជាអន្តរជាតិ។

ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតប្រតិភូ បានលេីកឡេីងពីចំណុចសំខាន់មួយចំនួនរួមមាន៖

– អង្ករកម្ពុជា គឺមិនមែនត្រឹមតែជាផលិតកសិកម្មនោះទេ ប៉ុន្តែអង្ករតំណាងឱ្យ(១)ជីវភាពរស់នៅរបស់ប្រជាកសិករ (២)ភាពខ្លាំងនៃសេដ្ឋកិច្ចកម្ពុជា និង(៣)មោទនភាពជាតិ។

– អង្ករខ្មែរមួយគ្រាប់ៗ បានបង្ហាញអំពីភាពអត់ធ្មត់ និងការតស៊ូរបស់ប្រជាកសិករខ្មែរ ពីវាលស្រែ ដល់រោងម៉ាស៊ីនកិនស្រូវ និងពីកំពុងផែកម្ពុជាដល់ទីផ្សារអន្តរជាតិ។

– វិស័យស្រូវអង្ករ គឺជាវិស័យមួយដែលទាមទារឲ្យមានការអត់ធ្មត់ ការខិតខំប្រឹងប្រែង ការតស៊ូ និងការបត់បែនតាមស្ថានភាពនៃការប្រែប្រួលអាកាសធាតុ។ ដែលតម្រូវអោយកសិករទាំងអស់ត្រូវតែគិតគូអំពីការធ្វេីកសិកម្ម ប្រកបដោយចីរភាព (sustainable agriculture) សំដៅធានានូវសន្តិសុខស្បៀង៕