អគ្គនាយកថ្មីនៃក្រុមហ៊ុន Cambrew Carlsberg Cambodia បញ្ជាក់ពីការតាំងចិត្តខ្ពស់ក្នុងការចូលរួមការវិនិយោគនៅប្រទេសកម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសបង្កើតឱកាសការងារជូន ដល់ប្រជាជនកម្ពុជា
អគ្គនាយកថ្មីនៃក្រុមហ៊ុន Cambrew Carlsberg Cambodia បញ្ជាក់ពីការតាំងចិត្តខ្ពស់ក្នុងការចូលរួមការវិនិយោគនៅប្រទេសកម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសបង្កើតឱកាសការងារជូន ដល់ប្រជាជនកម្ពុជា,
(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគូរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នាទីស្តីការក្រសួង លោក Michiel Oerlemans អគ្គនាយកថ្មីនៃក្រុមហ៊ុន Cambrew (Carlsberg Cambodia) បានបញ្ជាក់ពីការតាំងចិត្តខ្ពស់ដើម្បីចូលរួមចំណែកធ្វើការវិនិយោគនៅប្រទេសកម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា ជាពិសេសបង្កើតឱកាសការងារជូន ដល់ប្រជាជនកម្ពុជា។
លោកអគ្គនាយកថ្មីនៃក្រុមហ៊ុន Cambrew បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនរបស់ប្រទេសកម្ពុជា មានការកើនឡើងជាលំដាប់ទាំងផ្នែកសេដ្ឋកិច្ច ក្រោ មការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងបន្តវេនដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា លើការងារអភិវឌ្ឍន៍ប្រទេសកម្ពុជា។ លោក Michiel Oerlemans បានជម្រាបជូនថា ក្នុងឱកាសមកបំពេញការងារនៅកម្ពុជា គឺបានមើលឃើញពីសក្តានុពលរបស់ប្រទេសកម្ពុជា ដែលបានបោះជំហានយ៉ាងស្វាហាប់ រហ័សរហួន លើការអភិវឌ្ឍ ប្រទេស ជាពិសេសមានប្រជាជនវ័យក្មេងដែលពោរពេញដោយសមត្ថភាព ដែលជាកម្លាំងចលករមួយដ៏រឹងមាំ ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់វិស័យឯកជន ដែលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ថ្លែងនូវការអរគុណចំពោះក្រុមហ៊ុន Cambrew ដែលបានមកធ្វើការបណ្តាក់ទុនវិនិយោគនៅកម្ពុជាបង្កើតឱកាសការងារដល់យុវជន និងអរគុណដល់ក្រុមហ៊ុនផលិតស្រាបៀរ Carlsberg និង Angkor ក៏ដូចជាបណ្តាក្រុមហ៊ុនដ៏ទៃទៀត ដែលបានចូលរួមគោរពច្បាប់ និងការប្រកួតប្រជែងដោយស្មោះត្រង់ មានសណ្តាប់ធ្នាប់ល្អ និងចូលរួមលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសធ្វើអោយការផ្សព្វផ្សាយប្រកបដោយការទទួលខុសត្រូវដើម្បីតម្កល់ផលប្រយោជន៍រួម និងផលប្រយោជន៍សេដ្ឋកិច្ចជាតិ។
ក្នុងឱកាសនេះដែរ ឯកឧត្តម ប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ស្នើដល់បណ្តាក្រុមហ៊ុនផលិតគ្រឿងទាំងអស់នៅកម្ពុជា ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ ដើម្បីធានាបានកិច្ចការពារអ្នកប្រើប្រាស់និងជំរុញការប្រកួតប្រជែងដោយសុចរិត។
ឯកឧត្តម បានគូសបញ្ជាក់ថា កិច្ចការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងនៅកម្ពុជា គឺមានសារៈសំខាន់ដែលរាជរដ្ឋាភិបាល បានគិតគួរយកចិត្តទុកដាក់ខ្ពស់ដើម្បីជំរុញ និងលើកកម្ពស់សុខុមាលភាព សណ្តាប់ធ្នាប់សាធារណៈឱ្យកាន់តែល្អប្រសើរ តាមរយៈការគ្រប់គ្រងការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងអោយមានសណ្តាប់ធ្នាប់ល្អ។
ពាក់ព័ន្ធការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង, លោក Michiel Oerlemans បានសំដែងនូវការគាំទ្រគោលការណ៍ និងយន្តការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដើម្បីរៀបចំសណ្តាប់ធ្នាប់នៃការផ្សាយពាណិជ្ជកម្ម និងលើកកម្ពស់សុខុមាលភាពសាធារណៈ ៕



