អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជារៀបចំគម្រោងអភិវឌ្ឍន៍ទូរទស្សន៍ពីអាណាឡូកទៅឌីជីថល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា
នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានរៀបចំកិច្ចប្រជុំពិភាក្សាអំពីគម្រោងអភិវឌ្ឍន៍ទូរទស្សន៍ ជាមួយប្រតិភូវិទ្យុសំឡេងវៀតណាម (VOV) ដឹកនាំដោយលោក ហ្សឿង ង៉ុកហាយ (Duong Ngoc Hai) ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ នៃវិទ្យុសំឡេងវៀតណាម VOV) និងសហការី ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សំបូរ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាជាច្រើនរូប។
ឯកឧត្តម សំបូរ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រសាសន៍អំពីតម្រូវការចាំបាច់មួយចំនួន ទាក់ទងទៅនឹងបច្ចេកទេសនានារបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា សម្តៅធ្វើយ៉ាងណាឲ្យការផ្សព្វផ្សាយ របស់ទូរទស្សន៍ជាតិ (ទទក) មានការរីកចម្រើនឡើងជាលំដាប់។ កិច្ចពិភាក្សា បានផ្តោតសំខាន់ទៅលើ តម្រូវការចាំបាច់របស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដូចជា ការអភិវឌ្ឍន៍របស់ទូរទស្សន៍ពីអាណាឡូក ទៅឌីជីថល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាទូរទស្សន៍នៅក្នុងតំបន់អាស៊ានផងដែរ។
ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានជម្រាបជូនអំពីកង្វះខាត និងការស្នើសុំ ផ្នែកបច្ចេកទេសមួយចំនួន ដូចជាកង្វះខាតផ្នែកបច្ចេកទេសមួយចំនួនក្នុងបន្ទប់ស្ទូឌីយ៉ូ ដែលជាបន្ទប់សំខាន់ ក្នុងការផលិតកម្មវិធីវប្បធម៌ សិល្បៈ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងព្រឹត្តិការណ៍សំខាន់ៗ ជាដើម។ បន្ថែមពីនេះ ឯកឧត្តម អគ្គនាយក បានមានប្រសាសន៍ និងពិភាក្សាបន្ថែមអំពីតម្រូវការ សម្ភារៈបច្ចេកទេស MCR ថាតើគួរជ្រើសរើសទម្រង់មួយណា ដើម្បីឲ្យការងារទាំងអស់មានភាពស៊ីសង្វាក់គ្នា ចាប់តាំងពីការផលិតរហូត ដល់ការចាក់ផ្សាយ ប្រកបដោយគុណភាពខ្ពស់។
បន្ទាប់ពីមានការពិភាក្សាយ៉ាងយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ទូរទស្សន៍ពីអាណាឡូកទៅឌីជីថលរបស់ទូរទស្សន៍ជាតិកម្ពុជា រួចមក ភាគីវៀតណាម បានអញ្ជើញចុះពិនិត្យទីតាំងផ្ទាល់ ដើម្បីសិក្សា និងវាយតម្លៃ ហើយបន្តធ្វើកិច្ចការងារជាមួយនឹងមន្ត្រីបង្គោលបន្ថែមទៀត ដើម្បីអនុវត្តកិច្ចការទាំងអស់នេះនាពេលខាងមុខ ឲ្យទទួលបានជោគជ័យ៕




