អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន KANVERSE និងក្រុមហ៊ុន THANAVARMAN MEDIA 21 Co.Ltd

អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានរៀបចំពិធីចុះអនុស្សារណៈនៃការយោគយល់ (MOU) ចំនួន២ ដោយក្នុងនោះ មានអនុស្សារណៈនៃការយោគយល់រវាងទូរទស្សន៍ជាតិកម្ពុជា ជាមួយនឹង THANAVARMAN MEDIA 21 Co.Ltd និងអនុស្សារណៈនៃការយោគយល់រវាងទូរទស្សន៍ជាតិកម្ពុជា ក្រុមហ៊ុន KANVERSE និងក្រុមហ៊ុន THANAVARMAN MEDIA 21 Co.Ltd។
ពិធីនេះបានចុះហត្ថលេខាដោយឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា លោកស្រី HAY Dara នាយកប្រតិបត្តិនៃក្រុមហ៊ុន THANAVARMAN MEDIA 21 Co.Ltd និងលោក Seo Min Kyo នាយកប្រតិបត្តិនៃក្រុមហ៊ុន KANVERSE នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។

គោលបំណងនៃការចុះអនុស្សារណៈនៃការយោគយល់នេះ គឺដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងភាគីនានា ក្នុងការគាំទ្រគម្រោងសម្រាប់ការបង្កើតប្រព័ន្ធអប់រំ រួមបញ្ចូលគ្នាសម្រាប់ការអប់រំ វប្បធម៌ និងការគ្រប់គ្រងសមត្ថភាព និងបង្កើតមាតិកាទាក់ទងទៅនឹងវិស័យអប់រំ ផលិតកម្មវិធីលើទូរទស្សន៍ ដោយផ្តោតលើវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ក៏ដូចជាទាក់ទាញវិស័យទេសចរណ៍ វិនិយោគជាដើម។
ចំពោះអនុស្សារណៈនៃការយោគយល់រវាងទូរទស្សន៍ជាតិកម្ពុជា ក្រុមហ៊ុន KANVERSE និងក្រុមហ៊ុន THANAVARMAN MEDIA 21 Co.Ltd វិញ មានគោលបំណង ដើម្បីលើកកម្ពស់អន្តរកម្មរវាងភាគីនានា ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការនៃ “គម្រោងសម្រាប់ការបង្កើតប្រព័ន្ធផ្សព្វផ្សាយ រួមបញ្ចូលគ្នា សម្រាប់ការ ផ្លាស់ប្តូរវប្បធម៌ ការអប់រំ និងការគ្រប់គ្រងសមត្ថភាព”។
អនុស្សារណៈនេះ ក៏ជាកិច្ចសហប្រតិបត្តិការក្នុងការផលិតកម្មវិធី ដែលយើងទទួលបានសិទ្ធិពីស្ថានីយ៍ ទូរទស្សន៍ SBS របស់សាធារណរដ្ឋកូរ៉េ។ ក្រុមហ៊ុន KANVERSE គឺជាក្រុមហ៊ុនដែលមានបទពិសោធន៍ និងបច្ចេកទេស ទាក់ទងនឹងការរៀបចំកម្មវិធីចម្រៀង។

ភាគីទាំងបី នឹងត្រៀមរៀបចំកម្មវិធីប្រឡងចម្រៀង ដោយចាប់ផ្តើមជ្រើសរើសបេក្ខភាពដែលមានសំឡេង ទេពកោសល្យ ចូលរួមបង្ហាញសមត្ថភាព ប៉ុន្តែក្នុងវគ្គដំបូង គឺជាការបង្ហាញសំឡេង ហើយ គណៈកម្មការទាំងជាតិ និងអន្តរជាតិ នឹងធ្វើការវាយតម្លៃ ថាតើបេក្ខភាពអាចឈានទៅ ដល់ដំណាក់កាលណា។ ចុងក្រោយគឺមានតែបេក្ខភាពចំនួន៣រូបប៉ុណ្ណោះដែលមានសមត្ថភាពទាំងសំឡេង ទាំងចំណេះដឹង ទាំងរូបរាងកាយ ដើម្បីយកទៅប្រកួតជាលក្ខណៈអន្តរជាតិ ចំនួន១៣ប្រទេស នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ៕