អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងវិទ្យុ និងទូរទស្សន៍ខេត្តក្វាងស៊ី កំពុងដំណើរការផលិតវីដេអូឯកសារស្តីអំពី «ការអភិរក្សឆ្លងព្រំដែន»

ក្នុងឱកាសដែលឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា អញ្ជើញទទួលជួប សម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក លូវ ជូ អ្នកដឹកនាំរឿងនៃឆានែលអន្តរជាតិនៃស្ថានីយ៍វិទ្យុ និងទូរទស្សន៍ក្វាងស៊ី បានលើកឡើងអំពីការសហការរៀបចំផលិត ភាពយន្តឯកសារមានឈ្មោះថា “ការអភិរក្សឆ្លងព្រំដែន” ដើម្បីថតសកម្មភាពជាក់ស្តែងនៅក្នុងតំបន់អភិរក្សផ្សោត និងមានកិច្ចសម្ភាសន៍ ជាមួយមន្ត្រីជំនាញអភិរក្សផ្សោត និងមន្ទីរពាក់ព័ន្ធក្នុងខេត្តក្រចេះ រវាងទូរទស្សន៍ខេត្តក្វាងស៊ីនៃប្រទេសចិន និងទូរទស្សន៍ជាតិកម្ពុជា។

ជាកិច្ចចាប់ផ្តើម លោក លូវ ជូ អ្នកដឹកនាំរឿងនៃឆានែលអន្តរជាតិនៃស្ថានីយ៍វិទ្យុ និងទូរទស្សន៍ក្វាងស៊ី បានលើកឡើងអំពីកិច្ចការដែលកំពុងតែអនុវត្តក្នុងការផលិតវិដេអូឯកសារពាក់ព័ន្ធទៅនឹង ការអភិរក្សឆ្លងព្រំដែន ដែលផ្តោតសំខាន់ទៅលើការអភិរក្សសត្វផ្សោត ដែលមានអ្នកជំនាញពីប្រទេសចិន សហការ និងផ្លាស់ប្តូរបទពិសោធន៍ជាមួយនឹងអ្នកជំនាញកម្ពុជា ក្នុងការអភិរក្សសត្វផ្សោត ដែលជារតនសម្បត្តិរបស់ជាតិកម្ពុជា។

លោក លូវ ជូ បានមានប្រសាសន៍ផងដែរថា ភាពយន្តឯកសារនេះ គ្រោងនឹងបញ្ចប់ការថត នៅត្រឹម ដំណាច់ឆ្នាំ២០២៥ខាងមុខនេះ ហើយសង្ឃឹមថា ទស្សនិកជននៃប្រទេសទាំងពីរចិន-កម្ពុជា នឹងគាំទ្រនូវសមិទ្ធផល ដែលទូរទស្សន៍ទាំងពីរបានសហការផលិតប្រកបដោយប្រសិទ្ធភាពនេះ។

ជាការឆ្លើយតប ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានមានប្រសាសន៍កោតសរសើរអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការសហការរៀបចំផលិតវីដេអូឯកសារនេះ ដែលបង្ហាញឲ្យឃើញអំពីវិសាលភាពរបស់ប្រទេសទាំងពីរ។

ឯកឧត្តម អគ្គនាយក បានមានប្រសាសន៍លើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹងចំពោះទូរទស្សន៍នៃប្រទេសទាំងពីរកម្ពុជា-ចិន ក្នុងការផលិតវិដេអូឯកសារស្តីអំពី “ការអភិរក្សឆ្លងព្រំដែន” នៅក្នុងតំបន់អភិរក្សសត្វផ្សោតតាមដងទន្លេមេគង្គនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម បានលើកឡើងផងដែរអំពីការសហការយ៉ាងជិតស្និតរវាងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងវិទ្យុ និងទូរទស្សន៍ខេត្តក្វាងស៊ី ដែលកន្លងមកបានសហការយ៉ាងជិតស្និតក្នុងការផលិតវីដេអូឯកសារ ការផ្លាស់ប្តូរបទពិសោធន៍ ការផ្លាស់ប្តូរដំណើរទស្សនកិច្ចការងារ ការចែករំលែកព័ត៌មាន វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់នៃប្រទេសទាំងពីរកម្ពុជា-ចិន។

សូមជម្រាបថា ការផលិតនូវសមិទ្ធផលថ្មីរួមគ្នានេះ នឹងបង្ហាញពីភាពរឹងមាំ និងទំនួលខុសត្រូវរបស់ប្រទេសទាំងពីរ ក្នុងការអភិរក្សសត្វផ្សោតខ្នាតតូច និងសកម្មភាពសុខុមាលភាពសាធារណៈ ដែលជាគំរូថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការអភិរក្សប្រភេទសត្វក្នុងចំណោមប្រទេសនានា ដែលឯកភាព និងគាំទ្រគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ៕