អគារសិក្សាអគារសិក្សាថ្មី១ខ្នង ៦បន្ទប់ ក្នុងគម្រោង «លើកស្ទួយជីវភាព និងការកែលម្អស្ថានភាពទឹកស្អាត និងអនាម័យរបស់ប្រជាពលរដ្ឋ ក្នុងខេត្តឧត្តរមានជ័យ» ត្រូវបានសម្ពោធដាក់ឲ្យដំណើរការ

អង្គការសមាហរណកម្មអភិវឌ្ឍន៍សហគមន៍ (ស៊ីដូ) ខេត្តឧត្តរមានជ័យ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី១ខ្នង ៦បន្ទប់ និងផ្តល់គម្រោងសាងសង់ អគារសិក្សា២ខ្នង ស្មើនឹង១២បន្ទប់ និងផ្តល់ស្រូវពូជដល់កសិករចំនួន៩៤គ្រួសារ ក្នុងគម្រោង«លើកស្ទួយជីវភាព និងការកែលម្អស្ថានភាពទឹក ស្អាត និងអនាម័យរបស់ប្រជាពលរដ្ឋ ក្នុងខេត្តឧត្តរមានជ័យ» ក្រោមអធិបតីភាពលោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្តឧត្ដរមានជ័យ លោក ភីត ម៉ាស៍ (Mr. Piet Mars) អគ្គនាយកមូលនិធិហ្វារ៉ូស ដែលពិធីប្រព្រឹត្តិធ្វើឡើងស្ថិតនៅភូមិម៉ាលីស្រោងឃុំបេង ស្រុកបន្ទាយអំពិលខេត្តឧត្ដរមានជ័យ នៅព្រឹកថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២៦នេះ។

លោក អឿន រតនា ប្រធានអង្គការCIDO បានបញ្ជាក់ថា ក្រៅពីការសម្ពោធអគារសិក្សា ១ខ្នង ៦បន្ទប់នាពេលនេះ អង្គការក៏បានប្រកាសផ្ដល់គម្រោងសាងសង់អគារសិក្សាបន្ថែមចំនួន ២ខ្នងទៀត (ស្មើនឹង ១២បន្ទប់) ព្រមទាំងបានចែកស្រូវពូជដល់កសិករចំនួន ៩៤គ្រួសារផងដែរ។ សកម្មភាពទាំងនេះ គឺជាផ្នែកមួយនៃគម្រោង «លើកស្ទួយជីវភាព និងការកែលម្អស្ថានភាពទឹកស្អាត និងអនាម័យរបស់ប្រជាពលរដ្ឋ ក្នុងខេត្តឧត្តរមានជ័យ» ដែលទទួលបានកញ្ចប់ថវិកាជំនួយសរុបចំនួន ១,០០៧,១៨៩ ដុល្លារអាមេរិក ពីមូលនិធិហ្វារ៉ូស នៃប្រទេសហូឡង់។ គម្រោងនេះមានរយៈពេលអនុវត្ត ៣ឆ្នាំ (២០២៥-២០២៧) ក្នុងគោលបំណងដើម្បីលើកស្ទួយជីវភាព បង្កើនប្រាក់ចំណូល កែលម្អអនាម័យ និងទឹកស្អាត និងឆ្លើយតបបន្ទាន់នៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋអំឡុងពេលនិងក្រោយពេលមានវិបត្តិសង្គ្រាមព្រំដែន។

លោកស្រី មុំ ពុទ្ធីតា បានសង្កត់ធ្ងន់ថា៖ «ការវិនិយោគលើវិស័យអប់រំ តាមរយៈការផ្ដល់អគារសិក្សាដែលមានស្ដង់ដារនាពេលនេះ គឺជាការបណ្ដុះគ្រាប់ពូជបញ្ញាដ៏សំខាន់សម្រាប់កុមារនៅក្នុងតំបន់ដាច់ស្រយាល និងតំបន់ព្រំដែន ដើម្បីឱ្យពួកគេមានអនាគតភ្លឺស្វាង និងក្លាយជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ»។

លោកស្រី អភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើដល់ប្អូនៗសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋក្នុងសហគមន៍ ត្រូវរួមគ្នាថែរក្សាសមិទ្ធផលទាំងនេះឱ្យបានគង់វង្ស ដើម្បីបម្រើដល់ការសិក្សារបស់កូនចៅយើងបានយូរអង្វែង និងបានជំរុញឱ្យកសិករដែលទទួលបានពូជស្រូវ ត្រូវខិតខំបង្កបង្កើនផល ដើម្បីកែលម្អសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរឡើងផងដែរ៕