ភ្នំពេញ ៖ បន្ទាប់ពីបានចាប់ផ្ដើមសាងសង់ជាផ្លូវការកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ ការងារសាងសង់មន្ទីរពេទ្យ សាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល ដែលមានកម្ពស់៨ជាន់សម្រេចបានលទ្ធផល ៤៨,៧១ភាគរយ គឺគិតត្រឹមខែមករា ឆ្នាំ២០២៦។ នេះបើយោងតាមការបញ្ជាក់ របស់ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។
មន្ទីរពេទ្យនេះមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានផ្ទៃដីសរុប ២២ ២៤៣ ម៉ែត្រការ៉េ បណ្តោយ ៨៣,៨០ ម៉ែត្រ និងទទឹង ៥៩,៨០ ម៉ែត្រ និងកម្ពស់ ៨ ជាន់ មានសមត្ថភាពទទួលជំងឺសម្រាកសរុបបាន ២០០ គ្រែ។ គម្រោងមន្ទីរពេទ្យសាកលវិទ្យាល័យ បានទទួលការអនុម័តពីរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យប្រើប្រាស់ថវិកាកម្ចីសម្បទានរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េនូវទឹកប្រាក់ឥណទានចំនួន ៦៦,៥៧ លានដុល្លារ។ កិច្ចសន្យាសាងសង់មានរយៈពេល ២៨ខែ ដែលគ្រោងនឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២៧ ខាងមុខ។
ក្នុងឱកាសដឹកនាំក្រុមការងារពិនិត្យវឌ្ឍនភាពសាងសង់ និងដោះស្រាយបញ្ហាផ្សេងៗទាក់ទងនឹងការងារសាងសង់ របស់មន្ទីរពេទ្យនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលកាលពីថ្ងៃទី២០មករា លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ បានមានប្រសាសន៍ថា មន្ទីរពេទ្យនេះ គ្រោងសាងសង់ក្នុងដំណាក់កាលដំបូង ចំនួន ២០០គ្រែ និងគ្រោងពង្រីកបន្ថែម សម្រាប់ដំណាក់កាលទី២ ចំនួន ២០០ គ្រែបន្ថែមទៀតជាមួយនឹងការបំពាក់ឧបករណ៍ បរិក្ខារវេជ្ជសាស្រ្ត និងប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យទំនើប សម្រាប់ការបណ្តុះបណ្តាល ការស្រាវជ្រាវ នវានុវត្តន៍ និងការផ្តល់សេវាពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ៕



