ឡើងកំដៅដូច Heat Wave នៅអឹរ៉ុប! សង្រ្គាមប៉ាគីស្ថាន-អាហ្វហ្កានីស្ថានអាចនឹងកើតឡើងទៀតទេ? ក្រោយពីកងកម្លាំងប៉ាគីស្ថានសម្លាប់ជនស៊ីវិលអាហ្វហ្គានីស្ថាន៣៦នាក់ដែលគ្រប់គ្រងដោយតាលីបង់

ការវាយប្រហារតាមអាកាសពេញមួយយប់មិញ និងប្រតិបត្តិការលើដីដោយកងកម្លាំងប៉ាគីស្ថានបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ៣៦ នាក់ និងរបួសជាង ១៦០ នាក់ផ្សេងទៀត នេះបើយោងតាមមន្ត្រីអាហ្វហ្គានីស្ថានបាននៅថ្ងៃចន្ទនេះ ខណៈដែលភាពតានតឹងរវាងប្រទេសជិតខាងប៉ាគីស្ដាន និង អហ្វាហ្កានីស្ថានកំពុងបាននឹងឡើងកម្តៅដូចរលកកំដៅនៅទ្វីបអឺរ៉ុបដែរ។ មន្ត្រីអាហ្វហ្គានីស្ថានម្នាក់បាននិយាយថា ការវាយប្រហារទាំងនោះ នឹងត្រូវបានឆ្លើយតបដោយការសងសឹកក្នុងពេលឆាប់ខាងមុខ។ កងកម្លាំងសន្តិសុខប៉ាគីស្ថានបានធ្វើប្រតិបត្តិការលើដីតាមបណ្តោយព្រំដែនប៉ាគីស្ថាន-អាហ្វហ្គានីស្ថានកាលពីល្ងាចថ្ងៃអាទិត្យនេះ បន្ទាប់មកក៏មានការវាយប្រហារប្រឆាំងនឹងកន្លែងលាក់ខ្លួនរបស់ពួកសកម្មប្រយុទ្ធ និងកន្លែងសុវត្ថិភាពរបស់ពួកគេ ដោយបានសម្លាប់ពួកយុទ្ធជនសកម្មចំនួន២៩នាក់ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងព័ត៌មានប៉ាគីស្ថាន លោក Attaullah Tarar។ ចំណែកភាគីប៉ាគីស្ថានបាននិយាយថា ប្រតិបត្តិការនេះត្រូវបានចាប់ផ្តើមដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធជាច្រើនទៀតនៅទូទាំងប្រទេសប៉ាគីស្ថាន។ អាហ្វហ្គានីស្ថានបានថ្កោលទោសការវាយប្រហារទាំងនោះថាជា “ទង្វើដ៏កំសាកនៃការឈ្លានពាន” និង “ជាទង្វើដ៏ឃោរឃៅលើជនស៊ីវិល”។ លោក Hamdullah Fitrat អ្នកនាំពាក្យរងរបស់រដ្ឋាភិបាលតាលីបង់ដែលកំពុងគ្រប់គ្រងអាហ្វហ្គានីស្ថានបាននិយាយថា កងកម្លាំងប៉ាគីស្ថានបានកំណត់គោលដៅលើផ្ទះមួយខ្នងនៅក្នុងស្រុក Chamkani ខេត្ត Paktia ដោយបានសម្លាប់បុរសវ័យចំណាស់ម្នាក់ និងកុមារម្នាក់ ខណៈដែលសមាជិកគ្រួសារផ្សេងទៀតបានរងរបួស។ នៅពេលដែលអ្នកស្រុកបានប្រមូលផ្តុំគ្នាដើម្បីជួយសង្គ្រោះមនុស្ស ស្រាប់តែតំបន់នោះត្រូវបានវាយប្រហារជាថ្មីម្តងទៀត ដោយបានសម្លាប់អ្នកភូមិចំនួន ២៨ នាក់ និងរបួស ១៥៨ នាក់។ លោក​បាន​និយាយ​ថា មនុស្ស​៦​នាក់ ដែល​ភាគច្រើន​ជា​ស្ត្រី និង​កុមារ ត្រូវ​​សម្លាប់​នៅ​ក្នុង​ភូមិ​មួយ​ក្នុង​ស្រុក Giyan ខេត្ត Paktika នៅ​ពេល​ដែល​ផ្ទះ​មួយ​ខ្នង​ទៀត​ត្រូវ​បាន​វាយប្រហារដែរ។ ផ្ទះ​ជន​ស៊ីវិល​មួយ​ខ្នង​ក្នុង​ខេត្ត Kunar ក៏​ត្រូវ​បាន​វាយប្រហារ​ ប៉ុន្តែមិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​ទេ គ្រាន់តែ​បាន​សម្លាប់​សត្វ​ពាហនៈអស់​ប្រហែល៣០ក្បាល។ ប្រតិបត្តិការ​សន្តិសុខ​ប៉ាគីស្ថាន​បាន​កើត​ឡើង​បន្ទាប់​ពី​ការ​វាយប្រហារ​របស់​ក្រុម​សកម្មប្រយុទ្ធ​ដែល​កំណត់​គោលដៅ​ទីស្នាក់ការ​តំបន់​របស់​កង​កម្លាំង​ប្រដាប់អាវុធ​នៅ​ក្នុង​ទីក្រុង Karachi ដែល​បាន​សម្លាប់​ទាហាន​បី​នាក់។ កងកម្លាំង​សន្តិសុខ​បាន​សម្លាប់​អ្នក​វាយប្រហារ​៣​នាក់ និង​ចាប់ខ្លួន​អ្នក​វាយប្រហារ​ម្នាក់​ទៀត ដែល​យោធា​បាន​កំណត់​អត្តសញ្ញាណ​ថា​ជា​ជនជាតិ​អាហ្វហ្គានីស្ថាន​ម្នាក់​ដែល​ស្ថិត​ក្នុង​ស្ថានភាព​មានរបួស។ អង្គការ Jamaat-ul-Ahrar បាន​អះអាង​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​នៅ​ក្នុង​ទីក្រុង Karachi ដូចគ្នា៕

សម្រួលអត្ថបទ៖ សុផារិន្ទ