ហេតុការណ៍បំផ្ទុះពាសពេញផ្ទៃអាកាសានៃតំបន់ Gaza កើតឡើងជាថ្មី ខណៈអ្នកជំនាញវាយតម្លៃថាគ្រោះទុរ្ភិក្សកំពុងគំរាមកំហែង ពលរដ្ឋប៉ាឡែស្ទីនជាង២លាននាក់

កាលពីយប់ថ្ងៃអង្គារនេះមានហេតុការណ៍បំផ្ទុះគ្រាប់ជាច្រើនដងនៅលើអាកាសទូទាំងតំបន់ Gaza ខណៈដែលអ៊ីស្រាអែលនៅតែបន្តប្រតិបត្តិការយោធាថ្មីរបស់ខ្លួន បើទោះបីជារងសម្ពាធពីអន្តរជាតិលើបញ្ហានេះក៏ដោយ។ យោងទៅតាមមន្ត្រីសុខាភិបាលប្រចាំតំបន់ Gaza បានបញ្ជាក់ថា៖ ការវាយប្រហារពីលើអាកាសរបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡែស្ទីនចំនួន៨៥នាក់ភ្លាមៗ ដែលជាភាគច្រើនជាស្រ្តីនិងកុមារ។ គួររំលឹកផងដែរថាមន្ត្រីអ៊ីស្រាអែលបានអនុញ្ញាតឲ្យរថយន្តជំនួយមនុស្សធម៍ចូលទៅក្នុងតំបន់ Gaza រួចហើយដែរ ប៉ុន្តែវាមានចំនួនតិចតួចណាស់។ តែទោះជាយ៉ាងណាក៏ដោយ រយៈពេល២ថ្ងៃបន្ទាប់ពីជំនួយបានចូលទៅដល់ Gaza សម្ភារៈមូលដ្ឋានដែលត្រូវការជាចាំបាច់នៅតែមិនទាន់បានទៅដល់ប្រជាជននៅទីនោះនៅឡើយទេ។ អ្នកជំនាញបានព្រមានថា៖ ប្រជាជនជាង២លាននាក់នៅ Gaza កំពុងស្ថិតក្នុងហានិភ័យខ្ពស់នៃគ្រោះទុរ្ភិក្សដោយសារការរារាំងមិនឲ្យមានជំនួយចាំបាច់ និង មិនគ្រប់គ្រាន់ចូលទៅកាន់តំបន់ Gaza របស់អ៊ីស្រាអែលជិត៣ខែមកនេះ៕
សម្រួលអត្ថបទ៖ ឡុង បញ្ញា