ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និន្នាការនៃការបរិភោគសាច់ឆៅពីសំណាក់ប្រជាជនកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់។ មូលហេតុមួយចំនួននៃទំនោរនេះ គឺកត្តាឱជារស
និងការជឿតៗគ្នាថាសាច់ឆៅផ្តល់អត្ថប្រយោជន៍ដល់សុខភាព ក៏ដូចជាការជួយបំប៉ន និងអាចព្យាបាលរោគាផ្សេងៗ។ ក៏ប៉ុន្តែ ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា សត្វព្រៃ ព្រមទាំងសាច់សត្វស្រុកចិញ្ចឹមទាំងប្រភេទ រួមមាន ជ្រូក មាន់ ទា គោ ត្រី និងប្រភេទគ្រឿងសមុទ្រ អាចមានផ្ទុកនូវវីរុស បាក់តេរី ប៉ារ៉ាស៊ីត និងជាតិពុលមួយចំនួន ប្រសិនបើយើងទទួលទានសាច់សត្វទាំងនោះ ដោយមិនចម្អិនបានឆ្អិនល្អ ឬបរិភោគឆៅ។
លោក អ៊ូ សុខា ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ទួលទំពួង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ជឿថា សាច់ឆៅ ឬសាច់មិនសូវឆ្អិនគ្រប់ប្រភេទ ទាំងសាច់គោ មឹក បង្គារ ពងមាន់ ពងទា មានរសជាតិឆ្ងាញ់ ហើយថែមទាំងប៉ូវកម្លាំងទៀត។ ស្រដៀងគ្នានេះដែរ លោក ជា វណ្ណៈ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ស្រះចក រាជធានីភ្នំពេញ យល់ឃើញថាសាច់ឆៅមានរសជាតិឆ្ងាញ់ជាងសាច់ឆ្អិន។ ក៏ប៉ុន្តែ គាត់ទាំង២រូបបានកត់សម្គាល់ពីបញ្ហាសុខភាពដូចគ្នាក្រោយបរិភោគម្ហូបពីសាច់ឆៅ។ ក្នុងនោះ ដូចជាបញ្ហារាគរូស និងការឡើងកន្ទួលរមាស់ជាដើម។ ក្រោយឆ្លងកាត់បទពិសោធន៍ស្រដៀងគ្នានេះ គាត់ទាំង២រូបបានណែនាំថា សម្រាប់អ្នកនិយមបរិភោគសាច់ឆៅ គួរកាត់បន្ថយការបរិភោគ ហើយពេលបរិភោគគួរបរិភោគក្នុងបរិមាណតិចតួច។ ជាពិសេស គាត់ទាំង២រូប បានលើកទឹកចិត្តឱ្យអ្នកបរិភោគស្វែងរកសាច់ពីទីកន្លែងលក់ដែលមានអនាម័យល្អ និងស្តង់ដារច្បាស់លាស់ ដើម្បីធានាថាសាច់ទាំងនោះឆ្លងកាត់ការសម្លាប់មេរោគត្រឹមត្រូវ។
ជាការពិត មិនថានៅតាមភោជនីយដ្ឋាន ឬនៅតាមផ្ទះមួយចំនួននោះទេ ការអនុវត្តស្តង់ដារអនាម័យ រាប់ចាប់តាំងពីប្រភពសាច់ ការរក្សាទុក និងពេលរៀបចំ ម្ហូបអាហារពីសាច់សត្វឆៅ នៅតែជាបញ្ហាចោទនៅឡើយ។ ម្យ៉ាងទៀត ការគិតគូរពីសុខភាពអ្នកបរិភោគពីអ្នកចម្អិននៅមានកម្រិតនៅឡើយ។ កត្តាទាំងនេះ បង្កបញ្ហាប្រឈមផ្នែកសុខភាពមួយចំនួនដល់អ្នកបរិភោគ។ ដូចបណ្តាប្រទេសដទៃលើពិភពលោកដែរ កម្ពុជាមានមុខម្ហូបប្រពៃណីមួយចំនួនដែលជាប្រភេទអាហារឆៅ ដូចជាភ្លា ឡាប និងកយត្រីជាដើម។ ក្នុងនោះ សង្គមកម្ពុជា ជាពិសេសប្រជាពលរដ្ឋនៅតាម សហគមន៍មូលដ្ឋាននិយមបរិភោគសាច់ឆៅ ព្រោះពួកគាត់គិតថាម្ហូបទាំងនេះជួយប៉ូវកម្លាំង និងជំរុញផ្នែកផ្លូវភេទ។ ក្រៅពីនេះ ក៏មានជំនឿក្នុងការទទួលទានទាឈាមទាកាញ់ ឈាមពោះវែកលាយជាមួយស្រា ឈាមតេះផងដែរ ព្រោះគេគិតថាវាអាចព្យាបាលជំងឺ១០០មុខ។
ឯកឧត្តមវេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ការបរិភោគសាច់ឆៅដែលគ្មានការត្រួតពិនិត្យត្រឹមត្រូវពីមន្រ្តីជំនាញជាការព្រួយបារម្ហមួយចំពោះសុខភាពសាធារណៈ ព្រោះសាច់ឆៅអាចមានផ្ទុកមេរោគបីប្រភេទ គឺក្រុម បាក់តេរី ក្រុមវីរុស និងក្រុមប៉ារ៉ាស៊ីត។ ក្រុមបាក់តេរីដែលមានដូចជា Salmonella, E.coli និង Campylobacter អាចបង្ករឱ្យរាគរូស រាគមូល ហើមពោះ ជាពិសេស E.coli អាចធ្វើឱ្យប៉ះពាល់ដល់តម្រងនោម ខូចតម្រងនោម និងអាចបង្ករឱ្យស្លាប់បាន។ ក្រុមវីរុស Hepatitis ដែលមានក្នុងបន្លែឆៅ សាច់ឆៅ ធ្វើឱ្យឈឺក្បាល ក្តៅខ្លួន រលាកថ្លើម (កើតលឿង) និងវីរុសដែលផ្ទុះជាជំងឺឆ្លងទៅមនុស្ស ដូចជា H5N1 (ផ្តាសាយបក្សី), H1N1 (ផ្តាសាយជ្រូក) និងវីរុសផ្សេងៗទៀត។ ដោយឡែក ក្រុមប៉ារ៉ាស៊ីត ដូចជាព្រូន តេនញ៉ាក្នុងសាច់ជ្រូក សាច់គោឆៅ អាចសម្ងំរស់នៅជាមួយមនុស្សបានរាប់ឆ្នាំ ដែលវាអាចនាំឱ្យអ្នកបរិភោគខ្វះអាហាររូបត្ថម្ភ និងខ្វះឈាមក្រហមជាដើម។ ចំណែកពងតេនញ៉ាវិញ អាចបង្កឱ្យខ្វាក់ភ្នែក និងពេលចូលដល់ខួរក្បាលអាចធ្វើឱ្យសន្លប់ និងឈានដល់បាត់បង់ជីវិតផងដែរ។
ឯកឧត្តមវេជ្ជបណ្ឌិតបានគូសបញ្ជាក់ថា ប្រទេសកម្ពុជាធ្លាប់មានករណីស្លាប់បាត់បង់ជីវិត ដោយសារការឆ្លងបាក់តេរី Trichinellosis ពីការបរិភោគសាច់ជ្រូកព្រៃឆៅ ដោយសាច់នោះមានផ្ទុកមេរោគ។ មុនបាត់បង់ជីវិត ជនរងគ្រោះមានអការៈក្អួតចង្អោរ និងឈាមក្រហមឡើងខ្លាំង។ ករណីនេះ កើតឡើងលើប្រជាពលរដ្ឋរស់នៅតំបន់ព្រៃភ្នំ ភូមិភាគឦសាននៃប្រទេសកម្ពុជា។
ឯកឧត្តមវេជ្ជបណ្ឌិតបានបន្តថា សាច់ឆ្អិនល្អគឺត្រូវចំអិនក្នុងសីតុណ្ហភាពចាប់ពី៧០°Cឡើងទៅ ហើយមិនត្រូវយកសាច់ឆៅ និងសាច់ឆ្អិនដាក់លាយឡំគ្នាទេ ព្រោះវានាំឱ្យឆ្លងមេរោគទៅវិញទៅមក។ ដោយឡែក ការរក្សាសាច់ឆ្អិនក្នុងសីតុណ្ហភាពគ្រោះថ្នាក់ គឺក្នុងសីតុណ្ហភាពត្រជាក់ដែលលើសពី៥°C ឡើងទៅ និងក្នុងសីតុណ្ហភាពក្តៅតិចជាង៦០°C។ សីតុណ្ហភាពអាចធ្វើឱ្យមេរោគងាយនឹងដុះឡើង ហើយបង្ករឱ្យមានការពុលចំណីអារហារ។ ដើម្បីធានាសុវត្ថិភាព ការរក្សាអាហារឆ្អិនដែលលើសពី២ម៉ោងឡើងទៅ ត្រូវរក្សាក្នុងសីតុណ្ហភាពត្រជាក់ក្រោម៥°C ឬសីតុណ្ហភាពក្តៅលើសពី៦០°C។
ចំពោះសាច់សមុទ្រ ក្តាប បង្គារ មឹក ត្រី ជាដើម មានផ្ទុកបាក់តេរី Salmonella ។ ឯកឧត្តមវេជ្ជបណ្ឌិតបានណែនាំដល់ប្រជាពលរដ្ឋថា ប្រសិនបើចង់បរិភោគសាច់សមុទ្រ ឬសាច់សត្វឆៅត្រូវទិញពីប្រភពណាដែលបានសម្លាប់មេរោគរួច និងបានរក្សាទុកក្នុងសីតុណ្ហភាពត្រឹមត្រូវដូចខាងលើ។ ក្នុងនោះ អ្នកបរិភោគ ក៏ត្រូវពិនិត្យមើលលើកាលបរិច្ជេទឱុ្យបានច្បាស់លាស់មុនទិញ។ បន្ទាប់ពីទិញ ត្រូវធ្វើលាងសម្អាតសាច់នោះជាមួយទឹកស្អាត ហើយខ្លួនក៏ត្រូវលាងដៃដែរមុនពេលប៉ះសាច់នោះ។
គួរកត់សម្គាល់ផងដែរថា កាលពីឆ្នាំ២០១៧ ប្រទេសកម្ពុជាមានករណីស្លាប់ប្រជាពលរដ្ឋចំនួន៧នាក់ បន្ទាប់ពីទទួលទានសាច់ព្រៃឆៅ។ ហេតុការនេះ កើតឡើងនៅភូមិច្រកតោល ឃុំមានរិទ្ធ ស្រុកសណ្តាន់(តំបន់ព្រៃឡង់) ខេត្តកំពង់ធំ។ យោងតាមក្រសួងសុខាភិបាលបញ្ជាក់ថា ករណីស្លាប់នេះ បណ្តាលមកពីការឆ្លងជំងឺ ដង្កូវព្រូនទ្រីស៊ីណែឡា (Trichinellosis) ដែលមាននៅក្នុងសាច់ព្រៃឆៅ។
ដោយឡែកក្នុងឆ្នាំ២០២៥នេះ បុរសជនជាតិថៃវ័យ៥៣ឆ្នាំម្នាក់ រស់នៅខេត្ត Mukdahan ភាគខាងជើងប្រទេសថៃក្បែរព្រំដែនប្រទេសឡាវបានស្លាប់ដោយជំងឺអង់ត្រាក់ Anthras (ពិសធ្យូង) ក្រោយការបរិភោគសាច់គោឆៅដែលមានផ្ទុកជំងឺអង់ត្រាក់ក្នុងអំឡុងពេលបុណ្យសាសនា។ ជំងឺនេះកើតឡើងបណ្តាលមកពីឆ្លងបាក់តេរី Bacillas Anthracis ដែលមានពីសត្វគោ ក្របី ពពែ ចៀម។ វាឆ្លងទៅមនុស្សតាមរយៈការប៉ះពាល់ផ្ទាល់ រឺប្រយ៉ោល និងការបរិភោគឆៅនូវសាច់សត្វដែលមានមេរោគនោះ។ អការៈជំងឺរួមមាន ពងបែក ដំបៅដៃជើង ឈឺក្បាល រាគ ដង្ហើមខ្លី ។ល។
ជាមួយគ្នានេះ កន្លងមកអង្គការសុខភាពពិភពលោក (WHO) ក៏បានព្រមានពីការបរិភោគសាច់ឆៅផងដែរ ព្រោះវាបង្កឱ្យមានការពុលអាហារ (Foodborne) និងការឆ្លងជំងឺពីសាច់សត្វទៅមនុស្ស។ សាច់ឆៅអាចមានផ្ទុក វីរុស បាក់តេរី ប៉ារ៉ាស៊ីត ដែលប្រភេទមេរោគទាំងនោះរួមមាន Campylobacter Salmonella Yersinia Parasites (tapeworms and Trichinella) ។ល។ តាមរបាយការណ៍ ឆ្នាំ២០១៥ បានឱ្យដឹងថា ប្រជាជនលើពិភពលោកប្រហែល ៦០០ លាននាក់ បានធ្លាក់ខ្លួនឈឺបន្ទាប់ពីបរិភោគចំណីអាហារផ្ទុកដោយសារធាតុពុល និងមនុស្ស ៤២ម៉ឺននាក់បានស្លាប់រាល់ឆ្នាំ ដោយការពុលចំណីអាហារ។ ប្រទេសកម្ពុជា នៅចន្លោះឆ្នាំ ២០១៤ និងឆ្នាំ២០២៣ មានករណីពុលចំណីអាហារជាង៧,០០០ករណី៕
ដោយ លឹម ណារី