ស.ស.យ.ក. ប្រកាសដាក់ឱ្យអនុវត្ត «ផែនទីបង្ហាញផ្លូវ ២.០» ឆ្ពោះទៅឆ្នាំ២០២៨ ក្នុងគោលដៅពង្រីកសមាជិកភាពឱ្យដល់ ១ លាននាក់

ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនទីបង្ហាញផ្លូវ ស.ស.យ.ក. ២.០ ឆ្ពោះទៅឆ្នាំ២០២៨» ដើម្បីពង្រឹងស្ថាប័នឱ្យកាន់តែមានភាពធន់ និងឆ្លើយតបទៅនឹងការវិវត្តយ៉ាងរហ័សនៃស្ថានភាពសង្គម-សេដ្ឋកិច្ចពិភពលោក។
ផែនទីបង្ហាញផ្លូវ ២.០ នេះ ត្រូវបានរៀបចំឡើងក្នុងស្មារតីបុរេសកម្ម ដើម្បីធានានិរន្តរភាពការងាររបស់ ស.ស.យ.ក. ក្នុងការបន្តកេរ្តិ៍ដំណែលពីយុវជនជំនាន់មុន និងរួមចំណែកយ៉ាងសកម្មក្នុងការកសាង ការពារ និងអភិវឌ្ឍន៍ជាតិ ជាពិសេសគឺការរក្សាសុខសន្តិភាពឱ្យបានយូរអង្វែង។
ឯកឧត្តមប្រធាន បានបញ្ជាក់ថា យុទ្ធសាស្ត្រនេះផ្ដោតលើសសរស្តម្ភចំនួន ០២ សំខាន់ៗ៖ ១.ពង្រឹង និងពង្រីកសមាជិកភាព ដោយកំណត់គោលដៅពង្រីកសមាជិកឱ្យកើនដល់ប្រមាណ ១ លាននាក់ ដោយផ្តល់ឱកាសដល់ក្រុមយុវជនវ័យក្មេង និងវ័យជំទង់ដែលមានសក្តានុពល ,២.ពង្រឹង និងពង្រីកសកម្មភាព កម្មវិធីការងារ ដោយ កែសម្រួលចំណុចខ្វះខាត និងពង្រីកវិសាលភាពការងារឱ្យកាន់តែទូលំទូលាយ។ ការរៀបចំឯកសារយុទ្ធសាស្ត្រនេះ គឺអនុវត្តតាមមាគ៌ាដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលប្រកាន់ខ្ជាប់នូវ សសរស្តម្ភចំនួន៣ធំៗ គឺ៖ ១). ភាពជាក់ស្តែងនិយម ២). ការរស់នៅក្បែរប្រជាជន និង៣). ការពារជាតិ តម្កល់ ប្រយោជន៍ប្រជាជនជាធំ ដោយកំណត់ និងដាក់ចេញនូវភាពច្បាស់លាស់ និងទិសដៅរួមគ្នា សម្រាប់គ្រប់រចនាសម្ព័ន្ធ នៃ ស.ស.យ.ក. យកទៅអនុវត្ត ដើម្បីប្រែក្លាយចក្ខុវិស័យឱ្យទៅជាលទ្ធផលជាក់ស្តែង។
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងអំពីការធ្វើទំនើបកម្មស្ថាប័នឱ្យស្របតាម “បរិបទយុវជនជំនាន់ថ្មី” គឺជាគន្លឹះដើម្បីធានាថា ស.ស.យ.ក នៅតែមានភាពទាក់ទាញ និងផ្តល់តម្លៃពិតប្រាកដដល់យុវជន។
ឯកឧត្តម ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសរបស់ ស.ស.យ.ក. ដែលតែងតែផ្តល់ការគាំទ្រ និងតម្រង់ទិសយ៉ាងជិតស្និទ្ធ។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសសយក បានស្នើឱ្យរចនាសម្ព័ន្ធ ស.ស.យ.ក. គ្រប់ជាន់ថ្នាក់ ទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់អនុវត្តផែនទីបង្ហាញផ្លូវនេះឱ្យបានខ្ជាប់ខ្ជួន និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ដើម្បីសម្រេចបាននូវបុព្វហេតុដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិ។


