ស្ពានបេតុងដំរីផុងនឹងជួយលើកកម្ពស់ជីវភាពពលរដ្ឋជាង ២ពាន់គ្រួសារក្នុងឃុំចំនួន៣ក្នុងស្រុកទឹកឈូក្រោយសាងសង់រួច
នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាគណៈធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងដំរីផុង ដែលស្ថិតនៅផ្ទាល់លើភូមិសាស្រ្តព្រំប្រទល់រវាងឃុំស្ទឹងកែវ និងឃុំថ្មីនៃស្រុកទឹកឈូ ខេត្តកំពត។
មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតែងតែគិតគូរ និងយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខ ក៏ដូចជាតម្រូវការរបស់ប្រជាពលរដ្ឋ ពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមទីជនបទ និងទីដាច់ស្រយាលនានាដើម្បីបង្ករភាពងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនផលិតផលផ្សេងៗរបស់ពលរដ្ឋ។ ជាក់ស្តែងដោយមើលឃើញពីតម្រូវការចាំបាច់ ក៏ដូចជាការលំបាករបស់ប្រជាពលរដ្ឋដែលធ្វើដំណើរ និងដឹកកសិផលទៅកាន់ទីផ្សារឆ្លងកាត់ស្ពានដំរីផុង សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានផ្តល់ជូនស្ពានដំរីផុងនេះជាស្ពានបេតុងសម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែង ដែលនេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា ស្ពានបេតុងដំរីផុង ដែលជាអំណោយដ៏ដ្លៃថ្លារបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបើកការដ្ឋានសាងសង់នាពេលនេះ មានប្រវែង ៦០ម៉ែត្រ ទទឹង ៨ម៉ែត្រ រួមជាមួយនឹងផ្លូវបេតុងអមសងខាងក្បាលស្ពានប្រវែងសរុប ២០០ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់០.២ម៉ែត្រ។ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិកាបានបន្តថា ស្ពានបេតុងនេះគឺទទួលការសាងសង់ដោយបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ហើយបើតាមការគ្រោងទុកស្ពាននេះនឹងសាងសង់រួចរាល់ក្នុងរយៈពេល ៤ខែ។ ឯកឧត្តមបានបន្តថា សមិទ្ធផលថ្មីនេះក្រោយការសាងសង់រួចនឹងឆ្លើយតបនូវផលប្រយោជន៍ជាពហុបំណង និងប្រកបដោយសក្តានុពលដែលប្រជាពលរដ្ឋបានទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
លោក អ៊ឹម ច័ន្ធសោធន អភិបាលស្រុកទឹកឈូ បានឱ្យដឹងថា ស្ពានដំរីផុងគឺជាតម្រូវការដ៍ចាំបាច់ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដើម្បីដឹកកសិផលទៅកាន់ទីផ្សារ ធ្វើដំណើរទៅសាលារៀន ទៅមណ្ឌលសុខភាព និងឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយទៀតទាំងក្នុងខេត្ត និងក្រៅខេត្ត។ លោកអភិបាលស្រុកបានបន្តថា នារដូវវស្សាអ្នកធ្វើដំណើរមានការលំបាកខ្លាំង ហើយជាញឹកញាប់ស្ពានត្រូវបានបំផ្លាញដោយទឹកហូរ និងត្រូវចំណាយថវិកាជួសជុលទើបអាចធ្វើដំណើរបាន តែក៍មិនមានភាពរឹងមាំដែរ។ លោកអភិបាលស្រុកបានបញ្ជាក់បន្ថែមថា ចំពោះស្ពានមួយនេះអ្នកទទួលផលផ្ទាល់មានចំនួន ១២ភូមិ/៣ឃុំ ស្មើគ្រួសារ ២,៨៨០គ្រួសារ មានប្រជាពលរដ្ឋ ១២,២៥១នាក់ ដែលភាគច្រើនប្រកបរបរទទួលទានដាំដំណាំ និងធ្វើចំការ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត



