ស្ទឹងព្រែកត្នោត និងប្រព័ន្ធប្រឡាយមួយចំនួន ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានពិនិត្យឃើញថា មានការកើនឡើងនូវកម្ពស់ទឹក ដោយនៅស្ថានីយទឹកមួយចំនួនឈានដល់កម្រិតជិតដល់កម្ពស់ប្រកាសប្រុងប្រយ័ត្ន។

ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកតាមសណ្តស្ទឹងព្រែកត្នោត តំបន់រលាំងជ្រៃស្លាគូ តំបន់កំពង់ទួលទំនប់៧មករា និងប្រព័ន្ធប្រឡាយមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ ដោយមានវត្តមានឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងថ្នាក់ដឹកនាំផ្សេងទៀតចុះពិនិត្យដោយផ្ទាល់។

កម្រិតកម្ពស់ទឹកស្ទឹងព្រែកត្នោតគិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នេះរួមមាន៖ ទី១)ទំនប់អាងទឹកតាសាលទឹកមានកម្ពស់ ១៥,៥៥ម៉ែត្រ កើនឡើង ០,៩០ម៉ែត្រ ខណៈកម្ពស់ប្រកាសប្រុងប្រយ័ត្ន ២០,០០ម៉ែត្រ ទី២)ស្ថានីយពាមឃ្លៃ ទឹកមានកម្ពស់ ៤,១០ម៉ែត្រ កើនឡើង ០,៦០ម៉ែត្រ ខណៈកម្ពស់ប្រកាសប្រុងប្រយ័ត្ន ៨,០០ម៉ែត្រ ទី៣)ស្ថានីយរលាំងជ្រៃ ទឹកមានកម្ពស់ ៧,២៩ ម៉ែត្រ កើនឡើង ០,០៣ម៉ែត្រ ខណៈកម្ពស់ប្រកាសប្រុងប្រយ័ត្ន ៧,៥០ម៉ែត្រ និងទី៤)ទំនប់៧មករា ទឹកមានកម្ពស់ ១១,៨៥ម៉ែត្រ ស្រកចុះ ០,០៧ម៉ែត្រ ខណៈកម្ពស់ប្រកាសប្រុងប្រយ័ត្ន ១២,៤០ម៉ែត្រ។

គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសប្រទេសកម្ពុជា ដែលបាននិងកំពុងទទួលរងឥទ្ធិពលសម្ពាធទាបនៅសមុទ្រចិនខាងត្បូង ហើយដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងធ្វើឱ្យកម្ពស់ទឹកស្ទឹងសំខាន់ៗមួយចំនួនមានការកើនឡើង ដែលតម្រូវឱ្យបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕