ស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប ធ្វើការគោរពវិញ្ញាណក្ខន្ធ និងបង្សុកូលជូនដល់វីរកងទ័ពដែលបានពលីជីវិតដែលបានពលីជីវិតក្នុងជម្លោះព្រំដែន

វីរយុទ្ធជនខ្មែរយើង បានលះបង់យ៉ាងធំធេងក្រៃ ក្នុងបុព្វហេតុការពារបូរណភាពដែនដី ពីការឈ្លានពាន ។ ពួកគាត់ត្រូវចាកឆ្ងាយពីគ្រួសារ ស្ម័គ្រចិត្តដើរចូលសមរភូមិប្រយុទ្ធយ៉ាងអង់អាច ក្លាហាន សស្រាក់សស្រាំ ហាលខ្យល់ ហាលភ្លៀង ហាលថ្ងៃ បើទោះបីសង្ខារត្រូវក្ស័យក៏នៅធ្វើជារនាំង យ៉ាងរឹងមាំការពារប្រជាជន និងមាតុភូមិជាទីស្នេហា ដោយមិនខ្លាចរអា។
ដើម្បីជាការរំលឹកនឹកគុណ នៅការិយាល័យកណ្តាល ព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ លោកឧកញ៉ា ជា ធីឡាយ ស្ថាបនិក និងជាអគ្គនាយកស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប និងលោកជំទាវ បានដឹកនាំគណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក គ្រប់សេវាកម្មនៃ អ៊ិន ធី ស៊ី គ្រុប ធ្វើការគោរពវិញ្ញាណក្ខន្ធ និងនិមន្តព្រះសង្ឃ ធ្វើការបង្សុកូលជូនដល់វីរកងទ័ពដែលបានពលីជីវិតក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីជាការដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពកម្ពុជា ដែលបានពលីជីវិតនៅក្នុងសមរភូមិដើម្បីការពារបូរណភាពទឹកដី។
ក្នុងឱកាសនេះ លោកឧកញ៉ា ជា ធីឡាយ បានថ្លែងបញ្ជាក់ថា ក្នុងនាមជាប្រជាជនកម្ពុជាមួយរូបលោក ឧកញ៉ាពិតជាមានក្តីឈឺចាប់ជាពន់ពេកចំពោះការបង្កជម្លោះដោយឥតឈប់ឈរពីសំណាក់ប្រទេសជិតខាងមួយមកលើកម្ពុជាដែលជាប្រជាជាតិស្លូតត្រង់ ស្រឡាញ់សន្តិភាព ដែលអ្នកជិតខាងមួយនេះរហូត ដល់ឈានបើកការវាយប្រហារយ៉ាងកម្រោលមកលើកងកម្លាំងប្រដាប់អាវុធរបស់យើងដោយគ្មានត្រា ប្រណី ហើយជាការឆ្លើយតបវីរយុទ្ធជនរបស់យើងបានប្រើប្រាស់សិទ្ធិក្នុងការការពារខ្លួន និងវាយបកវិញ យ៉ាងអង់អាចក្លាហាន ហ៊ានលះបង់ជីវិតក្នុងបុព្វហេតុការពារបូរណភាពដែនដីពីការឈ្លានពានរបស់ ខ្មាំងសត្រូវ ធ្វើជារនាំងយ៉ាងរឹងមាំការពារប្រជាជន និងមាតុភូមិជាទីស្នេហាដោយមិនខ្លាចញញើត។
លោកឧកញ៉ា ជា ធីឡាយ ថាក្នុងនាមជាប្រជាជនកម្ពុជា និងក្នុងនាមជាអ្នកធ្វើការនៅក្នុងវិស័យអប់រំលោកឧកញ៉ាសូមធ្វើការប្រកាសជាថ្មីនូវការផ្តល់អាហារូបករណ៍១០០% ទៅដល់កូនៗរបស់វីរយុទ្ធជនពលីរបស់យើងចាប់ពីថ្នាក់មត្តេយ្យសិក្សារហូតដល់ថ្នាក់ទី១២ ហើយក៏អាចនឹងបន្តដល់ថ្នាក់មហាវិទ្យាល័យថែមទៀតផងដើម្បីជាការតបស្នងសងគុណចំពោះបងប្អូនដែលបានលះបង់អាយុជីវិតដើម្បីការពារជាតិពីសត្រូវឈ្លានពាន។ លោកឧកញ៉ា ជា ធីឡាយ ក៏បានប្រកាសពីការចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជួសជុលសាលារៀនដែលបានរងផលប៉ះពាល់ដោយសារជម្លោះប្រដាប់អាវុធកាលពីពេលថ្មីៗកន្លងទៅនេះផងដែរ។
ដើម្បីគោរពរំលឹកដល់គុណូបការៈដ៏ក្រៃលែង នៃវីរភាពកងទ័ពខ្មែរក្នុងការកម្ចាត់សត្រូវឈ្លានពាន រហូតបានពលីអាយុជីវិត ដើម្បីបុព្វហេតុជាតិដោយមិនរួញរា យើងខ្ញុំទាំងអស់គ្នា នឹងចងចាំភាពអង់អាច មោះមុត ជាគំរូវីរភាពដ៏ឧត្តុងឧត្តម ហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ ដ៏មហាអស្ចារ្យមួយនេះ ដាក់ជាប់ក្នុងក្រឳបេះដូង និងសន្យាបន្តការពារទឹកដីដ៏បវរមួយនេះឱ្យនៅជានិរន្តន៍។ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយគ្រួសារនៃសព ព្រមទាំង បង្ហាញក្តីអាឡោះអាល័យជាពន់ពេក ចំពោះការបាត់បង់នូវ ឪពុក កូន បងប្អូន សាច់ញាតិ ជាទីស្រឡាញ់ ពិសេសគឺវីរយុទ្ធជនដ៏អង់អាចនៃប្រទេសជាតិ។ សូមបួងសួង សូមឱ្យដួងវិញ្ញាណក្ខន្ធនៃវីរកងទ័ព ដែល បានពលីទាំងអស់ ទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕