ស្ថាប័នទទួលបន្ទុកក្នុងការបណ្តុះបណ្តាលឆ្មបទាំងអស់ សមាគមឆ្មប និងអង្គការដៃគូសុខាភិបាល មេត្តាចូលរួមក្នុងការអនវុត្តគោលការណ៍នៃការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តថ្មីនេះ ប្រកបដោយគុណភាព

លោកជំទាវសាស្ត្រាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាក្រសួងសុខាភិបាល និងជានាយកកម្មវិធីលើកកម្ពស់សុខភាពផ្លូវភេទ បន្តពូជ និងសិទ្ធិនៅកម្ពុជាបានថ្លែងយ៉ាងដូច្នេះនៅឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអភិវឌ្ឍន៍ វិជ្ជាជីវៈបន្តរបស់ឆ្មប ផ្តោតលើការអនុវត្តគ្លីនិក នៅថ្ងៃទី១៧ ខែមិថុនានៅសណ្ឋាគារសាន់វេ ព្រឹកមិញនេះ។ លោកជំទាវបន្ថែមថា សិក្ខាសាលានេះ ក៏ជាការឆ្លើយទៅតាមតម្រូវការរបស់រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងសុខាភិបាលក្នុងការកាត់បន្ថយ មរណៈភាពមាតា-ទារក ត្រឹមឆ្នាំ២០៣០ មកត្រឹម ៧០ ក្នុង ១សែនកំណើតរស់ ដែលបានរៀបចំ ដោយគណៈឆ្មបកម្ពុជា។
លោកជំទាវបន្តទៀតថា ដើម្បីសម្រេចបានការកាត់បន្ថយមរណភាពមាតានិងទារក ត្រឹមឆ្នាំ២០៣០ តាមរយៈ ការចូលរួមយ៉ាងសកម្មពី ប្រធានមូលដ្ឋានសុខាភិបាល ក៏ដូចជា ឆ្មប ទាំងផ្នែកសាធារណៈ និងឯកជន តាមរយៈការរៀបចំផែនការបណ្តុះបណ្តាលនៅនឹងមូលដ្ឋានសុខាភិបាល ផ្អែកតាម បច្ចុប្បន្នភាពនៃការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តរបស់ឆ្មប CPD ថ្មីនេះ។
លោកជំទាវបានសង្កត់ធ្ងន់ថា គណៈឆ្មបកម្ពុជាគ្រប់ជាន់ថ្នាក់ ត្រូវតាមដាន និងទំនាក់ទំនងជាមួយប្រធានមន្ទីរសុខាភិបាល ឬមូលដ្ឋានសុខាភិបាល ដែលមានអត្រាក្នុងការការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តរបស់ឆ្មបមានកម្រិត ទាប ដើម្បីធានាថាឆ្មបទទួលការបណ្តុះបណ្តាលជាទៀងទាត់ និងគោរពតាមលក្ខខណ្ឌនៃការ បន្តអជ្ញាបណ្ណ ជាពិសេសការអនុវត្តគ្លីនិក និងការសង្គ្រោះជីវិត។
លោកស្រី ប្រធានក្រុមប្រឹក្សាគណៈឆ្មបជាតិ បានគូសបញ្ជាក់ថា÷ អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល គណៈឆ្មបមានតួនាទីជា និយតករក្នុងការបង្កើតលក្ខខណ្ឌតម្រូវនានា សម្រាប់អ្នកវិជ្ជាជីវៈឆ្មប និងអ្នកប្រកបវិជ្ជាជីវៈឆ្មបក្នុង វិស័យ សុខាភិបាលក្នុងការផ្តល់សេវាប្រកបដោយសុវត្ថិភាព ដោយតួនាទីមួយក្នុងចំណោម៥ គឺធានាថាអ្នកប្រកបវិជ្ជា ជីវៈឆ្មបដែលបានចុះបញ្ជីការួច និងមានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈទាំងអស់ និងត្រូវបំពេញតាមលក្ខខណ្ឌតម្រូវ អប្បបរមាដើម្បីស្នើសុំបន្តអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈយ៉ាងទៀងទាត់ តាមរយៈការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តរបស់ធ្មប រៀងរាល់បីឆ្នាំ ដែលជាកាតព្វកិច្ចរបស់ឆ្មបទាំងអស់ក្នុងវិស័យទាំងសាធារណ និងឯកជន ក៏ដូចជាថ្នាក់ដឹកនាំ មន្ទីរសុខាភិបាលរាជធានី-ខេត្ត និងប្រធានគ្លីនិកឯកជនទាំងអស់ ក្នុងកិច្ចសហការណ៍ និងគាំទ្រក្នុងការបណ្តុះ បណ្តាលឆ្មបឱ្យមានជំនាញក្នុងការថែទាំ និងសង្គ្រោះអាយុជីវិតរបស់ស្ត្រី និងទារក ក្នុងអំឡុងពេលមានផ្ទៃ ពោះ ឈឺពោះសម្រាល សម្រាល និងក្រោយសម្រាល ។
លោកស្រី Sandra Bermklau បានលើកឡើងនូវទំនាក់ទំនងរវាការសម្រេចបានគោលដៅ និងប្រព័ន្ធនៃការកសាងសមត្ថភាពរបស់ឆ្មប និងអ្នកផ្តល់សេវាសុខាភិបាលផ្សេងទៀត ផ្អែកលើភស្តុតាង នៃបញ្ហាប្រឈមនៃសេវាឆ្មប ការគាំទ្រ និងការទទួលខុសត្រូវក្នុងការរៀបចំការបណ្តុះបណ្តាលទៅតាម រូបភាពផ្សេងៗ នៅនឹងមូលដ្ឋានសុខាភិបាល ការចូលរួមយ៉ាងសកម្មពីឆ្មប និងផ្តោតលើមូលដ្ឋាន សុខាភិបាលដែលប្រឈមនឹងបញ្ហាមរណភាពមាតានៅខ្ពស់។
យើងត្រូវប្រើប្រាស់ការស្រាវជាវថ្មី ដើម្បីពង្រឹងប្រព័ន្ធនៃការបណ្តុះបណ្តាល ឱ្យចំគោលដៅ និង មានប្រសិទ្ធិភាព ជាពិសេសមូលហេតុចំបងនៃមរណភាពមាតារួមមាន៖ ការគ្រប់គ្រងការធ្លាក់ឈាម ក្រោយសម្រាល ជំងឺបម្រុងក្រឡាភ្លើង និងក្រឡាភ្លើង និងការក្លាយរោគ តាមរយៈការរកឃើញថ្មីៗនៃការ ពិនិត្យមរណភាពមាតាក្នុងឆ្នាំ ២០២៣-២០២៥ សរុបប្រមាណជា១១០ករណី។
យើងក៏រកឃើញផងដែរ មរណភាពមាតាទាំងនេះក៏ចូលរួមចំណែកដោយសារការពន្យាពេលក្នុង ការផ្តល់សេវានៅមូលដ្ឋានសុខាភិបាល ដោយសារមូលហេតុផ្សេងៗរួមមាន៖ ការសម្រេចចិត្តយឺតយ៉ាវ ក្នុងការផ្តល់សេវា ការបញ្ជូនមិនបានត្រឹមត្រូវ មិនមានបុគ្គលិកជំនាញក្នុងពេលផ្តល់សេវា ខ្វះសម្ភាបរិក្ខារ និងជំនាញក្នុងការជួយសង្គ្រោះមាតា៕