ស្ថានភាពអាកាសធាតុអាក្រក់នៅប្រទេសអាហ្វហ្គានីរយៈពេល១២ថ្ងៃកន្លងមកនេះ បានធ្វើឱ្យមនុស្សស្លាប់កើនឡើងជាង១១០នាក់ហើយ និងប៉ះពាល់ដល់គ្រួសារចំនួន៦១២២គ្រួសារ

អាជ្ញាធរបាននិយាយថា ចំនួនមនុស្សស្លាប់ដោយសារអាកាសធាតុអាក្រក់ដែលបានបង្កឱ្យមានទឹកជំនន់ និងការបាក់ដីដ៏សម្បើមក្នុងតំបន់ជាច្រើននៃប្រទេសអាហ្វហ្គានីស្ថានបានកើនឡើងដល់១១០នាក់ហើយ ដោយក្នុងនោះមានមនុស្ស ៧នាក់ផ្សេងទៀតបានបាត់ខ្លួន ដោយការព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត។ ព្យុះ និងភ្លៀងធ្លាក់ខ្លាំងបានចាប់ផ្តើមនៅទូទាំងប្រទេសអាហ្វហ្គានីស្ថានប្រហែលជា១២ថ្ងៃមុន ដែលប៉ះពាល់ដល់ខេត្តចំនួន ៣៤ របស់ប្រទេស។ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ មនុស្ស ១១នាក់បានស្លាប់ និង ៦នាក់បានរងរបួស។ មនុស្ស ៧នាក់ត្រូវបានរាយការណ៍ថាបានបាត់ខ្លួននៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកពីគ្នា ដែលត្រូវបានគេជឿថាទឹកជំនន់បានបោកបក់យកពួកគេទៅ។ ទឹកជំនន់ បាក់ដី និងរន្ទះបាញ់បានសម្លាប់មនុស្ស ១១០នាក់ និងរបួស ១៦០នាក់ក្នុងរយៈពេល ១២ថ្ងៃកន្លងមកនេះ ដោយអាជ្ញាធរបាននិយាយថាមានខ្នងផ្ទះចំនួន៩៥៨ខ្នង ត្រូវបានបំផ្លាញទាំងស្រុង និង ៤១៥៥ខ្នងផ្សេងទៀតបានរងការខូចខាតជាផ្នែកៗ។ ក្រសួងការពារជាតិបាននិយាយកាលពីថ្ងៃចន្ទនេះថា ពួកគេបានប្រើឧទ្ធម្ភាគចក្រដើម្បីដឹកជញ្ជូនមនុស្ស២នាក់ទៅកាន់កន្លែងសុវត្ថិភាព បន្ទាប់ពីពួកគេបានជាប់គាំងដោយសារទឹកជំនន់នៅខេត្ត Herat ភាគខាងលិច។ចំណែកផ្លូវថ្នល់ប្រវែងជាង ៣២៥ គីឡូម៉ែត្រ ត្រូវបានបំផ្លាញ ខណៈដែលអាជីវកម្ម ដីកសិកម្ម ប្រឡាយធារាសាស្ត្រ និងអណ្តូងទឹកសាបក៏ត្រូវបានខូចខាតផងដែរ ធ្វើឲ្យប៉ះពាល់ដល់គ្រួសារចំនួន ៦.១២២ គ្រួសារ។ អាជ្ញាធរបាននិយាយថា តួលេខទាំងនេះគឺគ្រាន់តែជាចំនួនបឋមប៉ុណ្ណោះ។ អាជ្ញាធរបានចេញសេចក្តីព្រមានពីអាកាសធាតុសម្រាប់ថ្ងៃអង្គារនេះស្ទើរតែទូទាំងប្រទេស ដោយតម្រូវឲ្យប្រជាជនស្ថិតនៅឱ្យឆ្ងាយពីទន្លេ និងតំបន់ដែលងាយនឹងលិចទឹក។ សូមបញ្ជាក់ថាកាលពីដើមឆ្នាំនេះ អាហ្វហ្កានីស្ថានក៏មានព្រិលធ្លាក់ខ្លាំង និងទឹកជំនន់ភ្លាមៗដែរ ដែលបានធ្វើឱ្យមនុស្សរាប់សិបនាក់ស្លាប់នៅទូទាំងប្រទេស។ ផ្លូវហាយវេធំៗចំនួនពីរត្រូវបានបិទអស់រយៈពេលជាច្រើនថ្ងៃដោយសារតែហេតុការណ៍រអិលបាក់ដី និងទឹកជំនន់ ដែលបង្ខំឱ្យអ្នក ដំណើរត្រូវវៀងផ្លូវវែងឆ្ងាយ ដើម្បីទៅដល់គោលដៅរបស់ពួក។ បញ្ហាព្រិល និងភ្លៀងធ្លាក់ខ្លាំងជារឿយៗតែងតែបង្កឱ្យមានទឹកជំនន់ភ្លាមៗដែលសម្លាប់មនុស្សរាប់សិបនាក់ ឬរាប់រយនាក់ក្នុងពេលតែមួយនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដូចកាលពីឆ្នាំ ២០២៤ មានមនុស្សជាង ៣០០ នាក់បានស្លាប់នៅក្នុងទឹកជំនន់ភ្លាមៗនៅក្នុងនិទាឃរដូវផងដែរ៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ