ស្ថានភាពសេរីភាពសារព័ត៌មានកម្ពុជា ក្នុងឆ្នាំ២០២៥ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងក្របខណ្ឌកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ The 20th AMS 2025

នៅកម្ពុជា ស្ថានភាពសេរីភាពសារព័ត៌មាន និងសណ្តាប់ធ្នាប់សារព័ត៌មាន ក្នុងឆ្នាំ២០២៥ ត្រូវបានវាយតម្លៃថា មានភាពល្អប្រសើរ ដែលជាការឆ្លុះបញ្ចាំងតថភាពពិតស្តែងចេញពីការវាស់វែងបែបវិទ្យាសាស្ត្រស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា។ តម្លៃនិងសារៈសំខាន់នៃការសិក្សានេះ គឺការវាយតម្លៃដោយផ្ទាល់ពីអ្នកសារព័ត៌មានសរុបចំនួន ៤៦៧នាក់ តំណាងឱ្យអ្នកសារព័ត៌មានទូទាំងប្រទេសដែល កំពុងអនុវត្តការងារនៅទូទាំងប្រទេស។
នេះជាប្រសាសន៍របស់ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែង ទៅកាន់អ្នកចូលរួមទាំងអស់ក្នុងសិក្ខាសាលាមុនព្រឹត្តិការណ៍កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ The 20th AMS 2025 នៅលើទឹកដីអង្គរខេត្តសៀមរាបនៅពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។ សម្រាប់ព្រឹត្តិការណ៍អន្តរជាតិនេះមានអ្នកតំណាងចូលរួមមកពី ៣៧ ប្រទេស រាប់បញ្ចូលអ្នកជំនាញផ្នែកគោលនយោបាយ អ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកា និងអ្នកសារព័ត៌មាន មកពីទ្វីបអាស៊ី និងលើពិភពលោក។
អង្គសិក្ខាសាលាទាំងមូលបានទទួលជ្រាប អំពីលទ្ធផលនៃសិក្សានេះថា អ្នកសារព័ត៌មានចំនួន ៨១,៤% ក្នុងចំណោមអ្នកស្ទង់មតិសរុប បានវាយតម្លៃថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ក្នុងនោះ ៧២,២% បានឆ្លើយថា សេរីភាពសារព័ត៌មាន នៅកម្ពុជាមានស្ថានភាពល្អ ខណៈ ៩,២% បានឆ្លើយថា សេរីភាពសារព័ត៌មានមាន ស្ថានភាពល្អបំផុត។
រំលេចអំពីសារៈសំខាន់នៃការសិក្សាជូនសិក្ខាកាមអន្តរជាតិ ឯកឧត្តម ទេព អស្នារិទ្ធ បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖«ការសិក្សានេះជាលទ្ធផលដែលបានស្តែងចេញពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្រសួងព័ត៌មាន អ្នកសារព័ត៌មាន សមាគមសារព័ត៌មាន ដៃគូនិងតួអង្គពាក់ព័ន្ធក្នុងការការពារសិទ្ធិ និងលើកកម្ពស់សេរីភាពសារព័ត៌មាន ក្នុងលំហសេរីភាពពេញលេញសម្រាប់ការបំពេញការងាររបស់អ្នកសារព័ត៌មាន ប្រកបដោយការទទួលខុសត្រូវវិជ្ជាជីវៈ ដើម្បីនាំយកព័ត៌មានពីរាជរដ្ឋាភិបាល ទៅកាន់ប្រជាពលរដ្ឋ និងនាំយកព័ត៌មានពីប្រជាពលរដ្ឋមករាជរដ្ឋាភិបាល ដោយបានរួមចំណែកដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។ រីឯការលើកឡើងដោយអង្គការឬសមាគមខ្លះ គឺគ្រាន់តែជាផ្នែកនៃភាពមានគំនិតចម្រុះ ដែលជារឿងធម្មតានៅក្នុងសង្គមប្រជាធិបតេយ្យ នីតិរដ្ឋ ប៉ុណ្ណោះ។ ម៉្យាង អង្គការសង្គមស៊ីវិលណានោះកំពុងជួបវិបត្តិផ្នែកហិរញ្ញវត្ថុ ហើយអាចថាត្រូវស្វែងរកមូលនិធិសម្រាប់សកម្មភាព ដូច្នេះត្រូវព្យាយាមបង្ហាញភាពផ្ទុយខ្លះ ដើម្បីជជែកជាមួយដៃគូ។
ឯការពិតពាក់ព័ន្ធនឹងសុវត្ថិភាពការងារ យោងតាមរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា អ្នកសារព័ត៌មានចំនួនជាង ៨៦% បានអះអាងថាខ្លួនមានសេរីភាពពេញលេញក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មាន ដោយមានសុវត្ថិភាព និងភាពងាយស្រួលក្នុងការប្រមូលព័ត៌មានពីប្រភពផ្សេងៗ សម្រាប់ការសរសេរ ផលិត និងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដោយសេរី។ ផ្អែកតាមលទ្ធផលនេះ កម្រិតនៃសុវត្ថិភាពការងាររបស់អ្នកសារព័ត៌មានមានការកើនឡើងចំនួន ៦,២% បើធៀបនឹងលទ្ធផលនៃរបាយការណ៍ឆ្នាំ២០២៤ ដែលមានចំនួន ៧៩,៨%។ សុវត្ថិភាពនេះក៏ដោយសារតែអ្នកសារព័ត៌មានបានអនុវត្តការងារដោយគោរពតាមច្បាប់ស្តីពីរបបសារព័ត៌មាន ក្រមសីលធម៌ និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន បានត្រឹមត្រូវ មិនដើរលើសដែនដែលច្បាប់កំណត់។
រាជរដ្ឋាភិបាលដែលមានក្រសួងព័ត៌មានជាសេនាធិការ មានប្រព័ន្ធ និងយន្តការរឹងមាំដើម្បីលើកកម្ពស់សិទ្ធិមនុស្ស ការពារអ្នកសារព័ត៌មានស្របច្បាប់ទាំងអស់ ដែលអនុវត្តការងារដោយគោរពច្បាប់ ប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ។ ដូច្នេះអ្នកសារព័ត៌មាន ទទួលបានការយកចិត្តទុកដាក់ តាមរយៈកម្មវិធីគាំពារទាំងផ្នែកសង្គម និងផ្លូវច្បាប់ ដោយមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ៕