ស្ថានភាពទឹកជំនន់នៅប្រទេសកេនយ៉ាកាន់តែអាក្រក់ទៅៗ! ខណៈដែលទន្លេចំនួន២ឡើងហើមប៉ោងហូរហៀរទឹកចេញក្រៅពន្លិចផ្ទះសម្បែងប្រជាពលរដ្ឋជាង២៦០គ្រួសារ
រដ្ឋាភិបាលកេនយ៉ាបាននិយាយថា ទន្លេចំនួនពីរបានហើមហូរហៀរទឹកពេញច្រាលលើច្រាំងទន្លេ និងជន់លិចកសិដ្ឋាន បានធ្វើឱ្យគ្រួសារជាច្រើនគ្រួសារត្រូវផ្លាស់ទីលំនៅ ខណៈដែលចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់នៅក្នុងប្រទេសអាហ្វ្រិកខាងកើតមួយនេះបានកើនឡើងដល់ ៨៨ នាក់ហើយ។ យ៉ាងហោចណាស់មានស្រុកចំនួន ២១ បានរងផលប៉ះពាល់ដោយសារទឹកជំនន់ ដែលបង្កើនការព្រួយបារម្ភអំពីសុវត្ថិភាពសាធារណៈ ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងតម្រូវការមនុស្សធម៌កាន់តែកើនឡើងដែរ។ ក្រសួងមហាផ្ទៃបាននិយាយថា ចំនួនមនុស្សដែលត្រូវបានផ្លាស់ទីលំនៅពីផ្ទះរបស់ពួកគេ ដោយសារទឹកជំនន់បានចាប់ផ្តើមនៅដើមខែមីនា ឥឡូវនេះវាបានកើនឡើងដល់ជាង ៣៤.០០០នាក់ហើយ។ ឧប្បត្តិហេតុទឹកជំនន់ចុងក្រោយបំផុតបានកើតឡើងនៅភាគខាងលិចប្រទេសកេនយ៉ា ជាទីកន្លែងដែលទន្លេ Nyando (នីយ៉ាន់ដូ) បានហៀរទឹកចេញមកក្រៅកាលពីថ្ងៃចន្ទនេះ ដោយពន្លិចផ្នែកខ្លះនៃស្ពាន Ahero តាមបណ្តោយផ្លូវ Kericho-Awasi-Kisumu និងរំខានដល់ការដឹកជញ្ជូននៅក្នុងតំបន់ផងដែរ។ រដ្ឋាភិបាលបានចេញសេចក្តីថ្លែងការណ៍មួយដោយព្រមានចំពោះអ្នកបើកបរកុំឱ្យប្រើប្រាស់ផ្លូវលិចទឹក និងណែនាំពួកគេឱ្យស្វែងរកផ្លូវជំនួសវិញ ជាពិសេសនៅពេលយប់ពិបាកនឹងមើលឃើញទីតាំងគ្រោះថ្នាក់ជាងពេលថ្ងៃ ។ កិច្ចខិតខំប្រឹងប្រែងឆ្លើយតបបន្ទាន់បានធ្វើឡើងនៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត ដែលដឹកនាំដោយសមាគមកាកបាទក្រហមកេនយ៉ា និងបានជួយសង្គ្រោះអ្នកស្រុកដែលជាប់គាំង និងផ្លាស់ប្តូរគ្រួសារនីមួយៗទៅកាន់កន្លែងដែលមានសុវត្ថិភាពជាងនេះ។ ចំណែកនៅក្នុងតំបន់ Nyando ក្រុមជួយសង្គ្រោះបានជម្លៀសមនុស្សជាង ២០០នាក់ចេញ និងជម្លៀសសត្វពាហនៈជាង ២០០ក្បាលដែរ ខណៈដែលមានគ្រួសារចំនួន២ ត្រូវបានទាញចេញពីគ្រោះថ្នាក់ទឹកជំនន់ភ្លាមៗ។ មកដល់ពេលនេះអាជ្ញាធរកំពុងធ្វើការជម្លៀសសិស្សជាង ៩០០នាក់ផ្សេងទៀត ស្ថិតក្នុងសាលាជាតិក្មេងស្រី Ahero ខណៈដែលទឹកជំនន់នៅតែបន្តកើនឡើង។ ក្រសួងមហាផ្ទៃ និងរដ្ឋបាលជាតិបាននិយាយថា យ៉ាងហោចណាស់មានគ្រួសារចំនួន ២៦៥គ្រួសារបានរងផលប៉ះពាល់នៅក្នុងតំបន់នោះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



