ស្ថានទូត ឥណ្ឌាប្រចាំកម្ពុជា រៀបចំជុំនួបនៃការផ្គូផ្គងអាជីវកម្ម (B2B Interaction)ឥណ្ឌា–កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចទ្វេភាគី

កិច្ចប្រជុំការជួបផ្គូផ្គងអាជីវកម្ម (B2B Interaction)ឥណ្ឌា–កម្ពុជា ក្នុងគោលបំណងបន្តពង្រឹង និងលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចទ្វេភាគីរវាងប្រទេសឥណ្ឌា និងព្រះរាជាណាចក្រកម្ពុជា រួមមានសហព័ន្ធអង្គការនាំចេញឥណ្ឌា (Federation of Indian Export Organisations – FIEO) ដោយសហការជាមួយស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំការជួបផ្គូផ្គងអាជីវកម្ម (B2B Interaction)ឥណ្ឌា–កម្ពុជា ជាមួយតំណាងសហគមន៍ធុរកិច្ចកម្ពុជា នៅសណ្ឋាគារ Fairfield by Marriott ទីក្រុងភ្នំពេញ។

កម្មវិធីនេះបានប្រមូលផ្តុំមន្ត្រីរាជការជាន់ខ្ពស់ តំណាងការទូត និងអ្នកតំណាងវិស័យធុរកិច្ចមកពីប្រទេសទាំងពីរ ដើម្បីផ្តល់វេទិកាដែលមានរចនាសម្ព័ន្ធច្បាស់លាស់ សម្រាប់ការផ្លាស់ប្តូរព័ត៌មាន លើកកម្ពស់ការសម្របសម្រួលពាណិជ្ជកម្ម ពង្រឹងការឈានចូលដល់ទីផ្សារ និងជំរុញភាពជាដៃគូពាណិជ្ជកម្មរយៈពេលវែង។

គណៈប្រតិភូធុរកិច្ចឥណ្ឌា តំណាងឱ្យវិស័យចម្រុះ រួមមាន វិស្វកម្មឧស្សាហកម្ម និងម៉ាស៊ីនឧបករណ៍ សម្ភារៈសំណង់ បច្ចេកវិទ្យាព័ត៌មាន និងដំណោះស្រាយបញ្ញាសិប្បនិម្មិត (AI) ឱសថ និងផលិតផលឱសថបុរាណ វាយនភ័ណ្ឌគេហដ្ឋាន ផលិតផលស្បែក ផលិតផលកសិកម្ម ទំនិញប្រើប្រាស់ប្រចាំថ្ងៃ (FMCG) និងឧស្សាហកម្មពាក់ព័ន្ធផ្សេងៗទៀត។

កិច្ចប្រជុំបានរៀបចំសកម្មភាពអន្តរកម្មពាណិជ្ជកម្ម B2B យ៉ាងទូលំទូលាយ ដែលអនុញ្ញាតឱ្យអ្នកនាំចេញឥណ្ឌា អាចជួបពិភាក្សាផ្ទាល់ជាមួយអ្នកនាំចូល អ្នកចែកចាយ និងដៃគូពាណិជ្ជកម្មកម្ពុជា ដើម្បីស្វែងរកឱកាសសហប្រតិបត្តិការថ្មីៗ និងបង្កើតទំនាក់ទំនងអាជីវកម្មជាក់ស្តែង។

លោក ស៊ុវិធ សា (Mr. Suvidh Shah) អគ្គនាយក FIEO បានបញ្ជាក់អំពីសមត្ថភាពនាំចេញដែលកំពុងរីកចម្រើនរបស់ប្រទេសឥណ្ឌា តួនាទីរបស់ FIEO ជាស្ថាប័នកំពូលសម្រាប់លើកកម្ពស់ពាណិជ្ជកម្មក្រោមក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម របស់រដ្ឋាភិបាលឥណ្ឌា និងសារៈសំខាន់នៃការរក្សាការចូលរួមជាបន្តបន្ទាប់រវាងស្ថាប័ន និងវិស័យឯកជន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។

ឯកឧត្តម ហូ ស៊ីវយ៉ុង( H.E. Ho Sivyong)  ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជ បានធ្វើបទបង្ហាញលម្អិត អំពីឱកាសពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ក្នុងក្របខណ្ឌគោលនយោបាយសម្រាប់វិនិយោគិនបរទេស និងវិធានការនានាដែលរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្ត ដើម្បីសម្រួលពាណិជ្ជកម្មអន្តរជាតិ និងបង្កើតបរិយាកាសធុរកិច្ចដែលមានភាពអំណោយផល និងប្រកបដោយការប្រកួតប្រជែង។

ឯកឧត្តម វ៉ាន់ឡាល់វ៉ាវណា បាវិតលុង ឯកអគ្គរដ្ធទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងអំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងការទូតដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ហើយបានគូសបញ្ចាក់ថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ គឺជាសសរស្តម្ភដ៏សំខាន់មួយនៃភាពជាដៃគូទ្វេភាគីយ៉ាងទូលំទូលាយ។ ឯកឧត្តមបានលើកទឹកចិត្តឱ្យសហគមន៍ធុរកិច្ចទាំងពីរ ប្រើប្រាស់អត្ថប្រយោជន៍ និងសមត្ថភាពបំពេញឲ្យគ្នាទៅវិញទៅមក ដើម្បីបំលែងការជួបពិភាក្សាអាជីវកម្មឱ្យក្លាយជាលទ្ធផលពាណិជ្ជកម្មដែលមានចីរភាព។

សូមគូសបញ្ជាក់ថា កិច្ចប្រជុំការជួបផ្គូផ្គងអាជីវកម្ម (B2B Interaction)ឥណ្ឌា–កម្ពុជា ស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តរួមរបស់រដ្ឋាភិបាល និងវិស័យធុរកិច្ចរវាងប្រទេសទាំងពីរ ក្នុងការពង្រីកពាណិជ្ជកម្មទ្វេភាគី និង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ព្រមទាំងលើកកម្ពស់ភាពជាដៃគូដែលផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក រវាងប្រទេសឥណ្ឌា និងព្រះរាជាណាចក្រកម្ពុជា៕