ស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីបើកមហោស្រពភាពយន្តឥណ្ឌា ឆ្នាំ២០២៦ ចាប់ផ្ដើមបើកជាផ្លូវការនៅរោងភាពយន្ត លេជេន អូឡាំព្យ៉ា រាជធានីភ្នំពេញ
ល្ងាច ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីបើកមហោស្រពភាពយន្តឥណ្ឌា ឆ្នាំ២០២៦ នៅរោងភាពយន្ត លេជេន អូឡាំព្យ៉ា រាជធានីភ្នំពេញ ជាមួយនឹងការចាក់បញ្ចាំងភាពយន្ត Bollywood ដ៏ល្បី គឺរឿង Zindagi Na Milegi Dobara។ ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម Vanlavawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌា និងដោយមានការអញ្ជើញចូលរួមពី លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីបានមានប្រសាសន៍ថា ភាពយន្តឥណ្ឌាធ្លាប់ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា កាលពីអំឡុងទសវត្សរ៍ទី៩០ ដែលក្នុងនោះសូម្បីតែរូបលោកជំទាវផ្ទាល់ក៏ជាអ្នកគាំទ្រម្នាក់ដែរ។
លោកជំទាវបានគូសបញ្ជាក់ថា ការរៀបចំមហោស្រពភាពយន្តនេះ មានសារៈសំខាន់ណាស់សម្រាប់វិស័យសិល្បៈនៃប្រទេសទាំងពីរ។ វាក៏ជាឱកាសដ៏ល្អសម្រាប់ផលិតករភាពយន្តឥណ្ឌា ក្នុងការចែករំលែកបទពិសោធន៍ដល់ផលិតករកម្ពុជា ទាំងអ្នកធ្វើការក្នុងប្រព័ន្ធ និងផលិតករឯករាជ្យ ដើម្បីពង្រឹងសមត្ថភាពផលិតឱ្យកាន់តែប្រសើរឡើង។
លើសពីនេះ មហោស្រពភាពយន្តនេះ ក៏មានគោលបំណងបើកផ្លូវឱ្យផលិតករនៃប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌា អាចមានឱកាសសហការគ្នាផលិតភាពយន្តរួមគ្នានៅពេលអនាគតផងដែរ។
មហោស្រពភាពយន្តឥណ្ឌាឆ្នាំ២០២៦ ត្រូវបានរំពឹងថានឹងជួយរឹតចំណងមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធថែមទៀត។
នៅក្នុងពិធីបើកសម្ពោធ ឯកឧត្តម Vanlavawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌា បានមានប្រសាសន៍លើកឡើងពីសារៈសំខាន់នៃព្រឹត្តិការណ៍នេះ ព្រោះវាផ្នែកមួយជាការតភ្ជាប់ទំនាក់ទំនងប្រជាជន និងវប្បធម៌នៃប្រទេសទាំងពីរ។ លោកក៏បានសម្តែងក្តីសង្ឃឹមថា មហោស្រពនេះនឹងរួមចំណែកក្នុងការបង្កើនចំណាប់អារម្មណ៍ឡើងវិញលើភាពយន្តឥណ្ឌា ពីសំណាក់សាធារណជនកម្ពុជា។ លោកក៏បានលើកឡើងថា ភាពយន្តឥណ្ឌានឹងត្រូវបានចាក់បញ្ចាំងម្តងទៀតនៅក្នុងរោងភាពយន្តសំខាន់ៗទូទាំងប្រទេសកម្ពុជា ដូចដែលបានធ្វើកាលពីអតីតកាល។
វិស័យភាពយន្តឥណ្ឌាគឺជាវិស័យសំខាន់មួយដែលផ្តល់ទេសភាពវប្បធម៌ដ៏សម្បូរបែបរបស់ឥណ្ឌាទៅកាន់ពិភពលោក។ ខណៈពេលដែលខ្សែភាពយន្តបូលីវូដ ជាភាសាហិណ្ឌីត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយបំផុតនៅទូទាំងពិភពលោក ឧស្សាហកម្មនេះក៏បន្តផ្តោតលើឧស្សាហកម្មភាពយន្តក្នុងតំបន់ជាច្រើនភាសាផងដែរ ដូចជាភាសាតាមីល តេលូហ្គូ ម៉ាឡាយ៉ាឡាម បេងហ្គាលី និងផ្សេងៗទៀត ដែលរួមចំណែកដល់សិល្បះរស់រវើក។
ព្រឹត្តិការណ៍នេះនឹងបន្តរហូតដល់ថ្ងៃទី 18 ខែមករា ឆ្នាំ 2026 ដោយមានខ្សែភាពយន្តបូលីវូដសរុបចំនួនប្រាំដើម្បីបង្ហាញពីភាពរស់រវើកនៃរោងកុនឥណ្ឌាដល់ទស្សនិកជនកម្ពុជា។
កាលវិភាគចាក់បញ្ចាំងសម្រាប់ថ្ងៃដែលនៅសល់គឺ៖ ថ្ងៃទី១៧ ខែមករា – Khaali Peeli វេលាម៉ោង ៥:០០ ល្ងាច និង Gadar 2 វេលាម៉ោង ៧:៣០ ល្ងាច ។ ថ្ងៃទី១៨ ខែមករា – Suraj Pe Mangal Bhari វេលាម៉ោង ៥:០០ ល្ងាច និង Rakshabandhan វេលាម៉ោង ៧:៣០ ល្ងាច។



