ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា រៀបចំពិធីជូនដំណើរមន្ត្រីក្រសួងព័ត៌មាន ១៥រូប ទៅចូលរួមចូលរួមវគ្គសិក្សា «វិញ្ញាបនបត្រផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យាព័ត៌មានសម័យថ្មី» នៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា

ភ្នំពេញ៖ នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅនិវេសនដ្ឋានឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា មានរៀបចំពិធីជូនដំណើរមន្ត្រីក្រសួងព័ត៌មានចំនួន ១៥រូប មុនពេលចេញដំណើរទៅចូលរួមវគ្គសិក្សា «វិញ្ញាបនបត្រផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យាព័ត៌មានសម័យថ្មី (Certificate Course in New Age Media & IT)» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម វ៉ាន់ឡាល់វ៉ាវណា ប៊ែវីតឡុង (H.E. Mr. Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា និងរៀបចំឡើងក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការជាមួយក្រសួងការបរទេសនៃរដ្ឋាភិបាលឥណ្ឌា។

មន្ត្រីក្រសួងព័ត៌មានទាំង ១៥រូប ដែលនឹងចូលរួមវគ្គបណ្តុះបណ្តាលនេះ មកពីអង្គភាពពាក់ព័ន្ធនានារបស់ក្រសួង រួមមាន៖ ខុទ្ទកាល័យរដ្ឋមន្ត្រី ១រូប អគ្គលេខាធិការដ្ឋាន ១រូប អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ៣រូប អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ២រូប អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ២រូប អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា ២រូប លេខាធិការដ្ឋានសម្របសម្រួលកិច្ចសហប្រតិបត្តិការអន្តរជាតិ ២រូប និងមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន និងសោតទស្សន៍ ២រូប។

វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃការគាំទ្ររបស់រដ្ឋាភិបាលឥណ្ឌា តាមរយៈគម្រោងសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា (ITEC) ដែលផ្តល់ឱកាសដល់មន្ត្រីកម្ពុជា ក្នុងការពង្រឹងចំណេះដឹង ជំនាញ និងសមត្ថភាពវិជ្ជាជីវៈ តាមរយៈវគ្គបណ្តុះបណ្តាលដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។

វគ្គសិក្សា «វិញ្ញាបនបត្រផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យាព័ត៌មានសម័យថ្មី» នឹងរៀបចំនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍កុំព្យូទ័រកម្រិតខ្ពស់ (CDAC) ទីក្រុងញូវដែលី ប្រទេសឥណ្ឌា ដោយផ្តោតលើការពង្រឹងសមត្ថភាពក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យាព័ត៌មាន ដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ ក្នុងបរិបទឌីជីថលនាពេលបច្ចុប្បន្ន៕