ស្ថានទូតឥណ្ឌាប្រចាំកម្ពុជាការរៀបចំជំនួបអ្នកវិនិយោគឥណ្ឌា និងកម្ពុជា ដើម្បីស្វែងរកដៃគូវិនិយោគ

ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានដឹកនាំគណៈប្រតិភូជាអ្នកវិនិយោគមកពី ២៦ក្រុមហ៊ុន ពីប្រទេសឥណ្ឌា ដើម្បីស្វែងរកដៃគូវិនិយោគជាមួយភាគីកម្ពុជា។ ការរៀបចំជំនួប ពិភាក្សាវិនិយោគរួមគ្នារវាងក្រុមហ៊ុនមកពីប្រទេសឥណ្ឌា និងក្រុមហ៊ុនកម្ពុជា ធ្វើឡើងនាព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥។ ក្នុងពិធីនេះក៏មានការអញ្ចើញចូូលរួមជាអធិបតីភាពដោយ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ព្រមទាំង ឯកឧត្តម វ៉ាន់ឡាល់វ៉ាណា បាវីដលុង Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា។

ក្នុងពិធីបើកដែលរៀបចំឡើងនៅថ្ងៃនេះ ឯកឧត្តម វ៉ាន់ឡាល់វ៉ាណា បាវីដលុង Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ក៏បានសម្ដែងការស្វាគមន៍ចំពោះក្រុមហ៊ុនពីប្រទេសឥណ្ឌា ដែលមកស្វែងរកឱកាសវិនិយោគនៅកម្ពុជានាពេលនេះ។ ឯកឧត្តមក៏បានលើកឡើងកោតសសើរ និងប្រាប់ទៅកាន់ក្រុមអ្នកវិនិយោគឥណ្ឌាពីភាពរីកចម្រើនរបស់កម្ពុជា ពិសេសកំណើនសេដ្ឋកិច្ចដែលកម្ពុជាសម្រេចបាន។

ជាមួយគ្នានេះដែរ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស មើលឃើញថា វាជារឿងល្អសម្រាប់កម្ពុជា។ កម្មវិធីនេះ ជាផ្នែកបន្ថែមមួយទៀត សម្រាប់ការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់កម្ពុជា ដែលកម្ពុជា ចាប់យកគ្រប់ភាគី គ្រប់ប្រទេស សម្រាប់ការបន្តភាពរីកចម្រើន។

គួរបញ្ជាក់ឱ្យដឹងដែរថា ក្រុមហ៊ុនមកពីប្រទេសឥណ្ឌាទាំង ២៦ក្រុមហ៊ុននេះ គឺផ្តោតលើជំនាញ វិស័យផ្សេងគ្នា ដោយភាគច្រើនផ្តោតលើវិស័យកសិកម្ម។ ក្រុមហ៊ុនទាំងនោះ មានក្រុមហ៊ុន ផលិតជីកសិកម្ម ជីសេរីរាង្គ និង កែឆ្នៃ ផលិតផលកសិកម្ម វិស័យឪសថសាស្រ្ត វិស័យសុខាភិបាល វិស័យអេឡិចត្រូនិច និងវិស័យហិរញ្ញវត្ថុជាដើម។

សូមបញ្ជាក់ថា ក្រុមអ្នកវិនិយោគកម្ពុជា ជាច្រើនក៏បានចូលរួមក្នុងកម្មវិធីនេះដែរ។ ក្រោយបញ្ចប់កម្មវិធីបើកជាផ្លូវការ ក្រុមអ្នកវិនិយោគមកពីប្រទេសឥណ្ឌា និងក្រុមអ្នកវិនិយោគកម្ពុជា បានអង្គុយរួមគ្នា ពិភាក្សាលម្អិតពីក្រុមហ៊ុន ក៏ដូចជាផលិតផល ដើម្បីអាចឈានដល់ការវិនិយោគរួមគ្នា៕