ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា រៀបចំសិក្ខាសាលាអំពីការចាប់ផ្តើមបើកទទួលពាក្យសុំអាហារូបករណ៍អូស្ត្រាលី សម្រាប់មន្ត្រីរាជការកម្ពុជា
ស្ថានទូតអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា រៀបចំសិក្ខាសាលាអំពីការចាប់ផ្តើមបើកទទួលពាក្យសុំអាហារូបករណ៍អូស្ត្រាលី សម្រាប់មន្ត្រីរាជការកម្ពុជា ដោយសហការរួមគ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិអប់រំ។
ពិធីនេះមានការអញ្ជើញចូលរួមពី លោកជំទាវ សុខ ច័ន្ទឆវី រដ្ឋលេខាធិការក្រសួងកិច្ចការនារី ឯកឧត្តម សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ដេរិក យឹប ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីរាជការ សិស្ស និស្សិតជាច្រើនរូប។
អាហារូបករណ៍អូស្ត្រាលី គឺជាអាហារូបករណ៍អន្តរជាតិដ៏មានកិត្យានុភាពដែលរដ្ឋាភិបាលអូស្ត្រាលីផ្តល់ជូនដល់យុវជនជំនាន់ក្រោយដែលនឹងក្លាយខ្លួនជាថ្នាក់ដឹកនាំសាកលក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ តាមរយៈការសិក្សានិងស្រាវជ្រាវ និស្សិតអាហារូបករណ៍អាចអភិវឌ្ឍជំនាញ និងចំណេះដឹង ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរ និងជួយកសាងទំនាក់ទំនងឋិតថេរយូរអង្វែងរវាងប្រជាជនកម្ពុជា និងប្រជាជន អូស្ត្រាលី។
សិក្ខាសាលានេះនឹងផ្តោតលើទិដ្ឋភាពទូទៅរបស់អាហារូបករណ៍អូស្ត្រាលី (Australia Awards) ការរួមចំណែករបស់អាហារូបករណ៍ដល់ការពង្រឹងធនធានមនុស្សរបស់ប្រទេសកម្ពុជា និងអត្ថប្រយោជន៍របស់អាហារូបករណ៍ទៅដល់ទាំងបុគ្គល និងអ្នកទទួលបានអាហារូបករណ៍ ព្រមទាំងចែករំលែកព័ត៌មានអំពីដំណើរការដាក់ពាក្យ និងជ្រើសរើស និងលក្ខណៈវិនិច្ឆ័យសិទ្ធិ ទទួលបាន។
ឯកឧត្តម ដេរិក យឹប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា អាហារូបករណ៍អូស្ត្រាលីបើកទទួលបេក្ខជនមកពីគ្រប់វិស័យទាំងអស់ក្នុងប្រទេសកម្ពុជា រួមទាំង ភ្នាក់ងារវិស័យសាធារណៈ គ្រឹះស្ថានអប់រំ និងក្រុមជំនាញ អង្គការសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងវិស័យឯកជន។ ការផ្ដល់ជូនអាហារូបករណ៍នេះ មានចាប់ពីកម្រិតអនុបណ្ឌិត និងបណ្ឌិត ដែលមានសាកលវិទ្យាល័យលំដាប់ ពិភពលោកជាច្រើននៅក្នុងប្រទេសអូស្ត្រាលី។
ឯកឧត្តម ឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ផងដែរ អំពីគោលដៅអាទិភាពមានដូចជាស្ត្រី ជនមានពិការភាព ប្រជាជនដែលរស់នៅ និងធ្វើការក្រៅរាជធានីភ្នំពេញ ពលរដ្ឋជនជាតិដើមភាគតិច LGBTQIA+ និងប្រជាជនដែលមិនសូវទទួលបានឱកាសដទៃទៀត។ កម្មវិធីសមធម៌របស់កម្មវិធីអាហារូបករណ៍អូស្ត្រាលីប្រចាំកម្ពុជា ផ្តល់ការគាំទ្រផ្នែកភាសាអង់គ្លេស និងការអភិវឌ្ឍវិជ្ជាជីវៈ ដើម្បីសម្រួលឱ្យមានការចូលរួមស្មើភាពគ្នាសម្រាប់សមាជិកមកពីក្រុមប្រជាជនទាំងនេះ។
អូស្ត្រាលី បានផ្ដល់ជូនអាហារូបករណ៍ទៅបណ្តាក្រសួងស្ថាប័នជាច្រើន ដូចជាក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ក្រសួងសុខាភិបាល ក្រសួងបរិស្ថាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងរ៉ែ និងថាមពល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ការផ្ដល់ជូនអាហារូបករណ៍នេះមានលើវិស័យជាច្រើនដូចជា៖ គោលនយោបាយសាធារណ: សេដ្ឋកិច្ច អប់រំ ច្បាប់ និងសុខាភិបាល វិទ្យាសាស្រ្តឱសថ និងវិទ្យាសាស្រ្តជីវសាស្រ្ត ការស្តារនីតិសម្បទា និងការអនុវត្តចំពោះពិការភាព និងវិស័យថ្មីៗដូចជា៖ ការវិភាគ និងវិទ្យាសាស្រ្តទិន្នន័យ វិទ្យាសាស្រ្តវិស្វកម្មបរិស្ថាន ការផ្លាស់ប្តូរថាមពល ចីរភាពនិងភាពធន់ទៅនឹងគ្រោះមហន្តរាយ ខ្សែចង្វាក់ផ្គត់ផ្គង់ សហគ្រិនភាព ហើយនិងសន្តិភាពនិងទំនាស់ ស្របទៅតាមគោលការណ៍លើកទឹកចិត្តចំពោះការដាក់ពាក្យសើ្នសុំសម្រាប់វិស័យសិក្សាចម្រុះរបស់យើង។
គោលដៅរបស់អាហារូបករណ៍អូស្ត្រាលីប្រចាំនៅកម្ពុជា AAC គឺ “ដើម្បីជួយគាំទ្រប្រទេសកម្ពុជាឱ្យឈានទៅរកគោលដៅអភិវឌ្ឍន៍របស់ខ្លួន និងផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងរឹងមាំជាមួយប្រទេសអូស្ត្រាលី ដោយឆ្ពោះទៅសម្រេចបាននូវផលប្រយោជន៍ទៅវិញទៅមក”។ កម្មវិធីនេះ មានគោលបំណងជួយឱ្យអតីតនិស្សិតកម្ពុជា ប្រើប្រាស់ជំនាញ ចំណេះដឹង និងបណ្តាញដែលទទួលបានពីប្រទេសអូស្ត្រាលី ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយ ចីរភាពនៅកម្ពុជា និងរួមចំណែកដល់កិច្ចសហប្រតិបត្តិការរវាងអូស្ត្រាលី និងកម្ពុជា៕



