ស្ថានទូតជប៉ុនប្រចាំកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញចុះហត្ថលេខាលើ កិច្ចសន្យាផ្តល់ជំនួយឥតសំណង សម្រាប់គម្រោងសន្តិសុខមនុស្សជាតិ

ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានរៀបចំចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណង សម្រាប់គម្រោងសន្តិសុខមនុស្សជាតិ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម អ៊ូអិណុ អាត់ ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំ ព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ។

ពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ ជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ ហៅថា គូសាណូណិ លើគម្រោងចំនួនពីររួមមាន

១.“គម្រោងធ្វើលទ្ធកម្មរថយន្តបាញ់ផ្សែងរបស់ជប៉ុន នៅរាជធានីភ្នំពេញ” ក្នុង ថវិកាគម្រោងចំនួន ៨៣.៦៧២ដុល្លាអាមេរិក។ រថយន្តនេះមានមុខងារនឹង ជួយឱ្យក្រុមការងារពន្លត់អគ្គិភ័យមានលទ្ធភាពបាញ់ផ្សែងចេញពីអគារមាន ឧប្បត្តិហេតុអគ្គិភ័យ និងបង្កលក្ខណៈងាយស្រួលដល់ប្រតិបត្តិការ សង្គ្រោះ
២. “គម្រោងធ្វើលទ្ធកម្មរថយន្តពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះបន្ទាន់ ដែលប្រើប្រាស់រួច ក្នុងរាជធានីភ្នំពេញ” ក្នុងថវិកាគម្រោងចំនួន ១៥៤.៣៧៦ដុល្លាអាមេរិក។ គម្រោងនេះនឹងផ្តល់ជូននូវរថយន្តសង្គ្រោះ បន្ទាន់ចំនួន ០១គ្រឿង ជាប្រភេទពន្លត់អគ្គិភ័យ និងរថយន្តពន្លត់អគ្គិភ័យ បំពាក់ជណ្តើរកម្ពស់ ៤០ម៉ែត្រចំនួន ០១គ្រឿង។

ឯកឧត្តម ឃួង ស្រេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈស្ថានទូតជប៉ុន ដែលបានផ្តល់ជំនួយឧបត្ថម្ភជា ថវិកា សម្ភារ និងបច្ចេកទេសក្នុងដំណើរការស្តារ កសាង និងអភិវឌ្ឍន៍ រាជធានីភ្នំពេញជារៀងរហូតមក ជាពិសេសគម្រោងដែលបានចុះហត្ថលេខា នាពេលនេះ គឺមិនត្រឹមតែបានគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពពន្លត់អគ្គិភ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការ រឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេស ទាំងពីរ “កម្ពុជា-ជប៉ុន” ឱ្យកាន់តែរឹងមាំ និងស្ថិតស្ថេរគង់វង្សជានិច្ចនិរន្តន៍។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលរាជធានីបានបង្ហាញក្តីសង្ឃឹមយ៉ាង មុតមាំថាតាមរយៈការផ្តល់ជំនួយបច្ចេកទេស និងរថយន្តពន្លត់អគ្គិភ័យនា ពេលនេះ គឺជាតម្រូវការចាំបាច់ចំពោះមុខ និងទាន់ពេលវេលា ដើម្បីធានាដល់ប្រសិទ្ធភាពនៃការអន្តរាគមន៍ពន្លត់អគ្គិភ័យក្នុងរាជធានីភ្នំពេញកាន់តែប្រសើរឡើង៕