ស្ត្រីកំពុងសម្រាកឆ្លងទន្លេនៅ ក្នុងមន្ទីរពេទ្យបង្អែក សរុបចំនួន២៥នាក់ ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ

អំណោយសប្បុរសធម៍របស់សាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះសីហនុ ត្រូវបានឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នាំយកមកផ្តល់ជូនស្ត្រីកំពុងសម្រាកឆ្លងទន្លេនៅ ក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ សរុបចំនួន២៥នាក់ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥នេះ។
ឯកឧត្តម ប្រធានគណ:កម្មាធិការសាខា បានជួបសំណេះសំណាលជាមួយស្ត្រីកំពុងសម្រាកឆ្លងទន្លេនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ព្រមទាំងបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួសុខទុក្ខ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជាឥស្សរ:ជនឆ្មើមថ្នាក់ជាតិ ដែលសម្តេចតែងតែគិតគូរអំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិ
ព្រឹទ្ធបណ្ឌិត បានណែនាំដល់សាខាត្រូវយក ចិត្តទុកដាក់ចំពោះស្ត្រី ដែលចូលមកសម្រាក និងរៀបនឹងសម្រាលកូន ដើម្បីជាការលើក ទឹកចិត្ត ក្រៅពីនោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។
ឯកឧត្តម បានបញ្ជាក់ថា ចំពោះបងប្អូនមានបណ្ណក្រីក្រ ឬបណ្ណ ប.ស.ស និងបណ្ណហានីភ័យ បងប្អូននឹងទទួលបានអត្ថប្រយោជន៍ច្រើន ពិសេសនៅពេលមានផ្ទៃពោះ ពេលសម្រាល និងកូនអាយុ ២ឆ្នាំ ។ ចាប់ពីមាន ផ្ទៃពោះត្រូវមកពិនិត្យសុខភាពចំនួន ៤ដង ក្នុងម្តងទទួលបានថវិកាចាប់ពី ៤ម៉ឺន ដល់ ៨ម៉ឺនរៀល នៅពេលសម្រាលទទួលបានថវិកាពី៤០មុឺន ទៅ ៨០ម៉ឺនរៀល និងក្រោយសម្រាល និងត្រូវទៅពិនិត្យចំនួន ៦ដងថែម ទៀត ហើយការទៅពិនិត្យសុខភាព ក៏ទទួលបានថវិកាពីរាជរដ្ឋាភិបាលផងដែរ។
អំណោយដែលត្រូវចែកជូនស្រ្តីកំពុងសម្រាក សម្រាលកូននៅក្នុងមន្ទីរពេទ្យបង្អែកខេត្តចំនួន ២៥នាក់ គឺក្នុងម្នាក់ៗទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ កន្ទេល១ សម្ភារៈទារកមួយកញ្ចប់ និងថវិកា ៥ម៉ឺនរៀល ៕