ស្ងាត់ ស្ងាត់…ជប៉ុនដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយជាលើកដំបូងរបស់ខ្លួនប្រភេទ Type-12 ដែលមានសមត្ថភាពបាញ់ពីដីទៅកាន់កប៉ាល់លើទឹកបានចំងាយជាង១០០០គីឡូម៉ែត្រ

ស្របពេលដែលលោកប្រធានាធិបតីឥណ្ឌូណេស៊ី Prabowo Subianto បានជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នៅទីក្រុងតូក្យូនៅថ្ងៃអង្គារនេះ សម្រាប់ទស្សនកិច្ច៣ថ្ងៃរបស់លោកនៅប្រទេសជប៉ុន និងដើម្បីស្វែងរកការពង្រឹងចំណងមិត្តភាពទ្វេភាគីរវាងប្រទេសទាំងពីរបន្ថែមទៀតដែរ ហើយក្នុងនាមប្រទេសជប៉ុនជាមិត្តបានសន្យានឹងធ្វើការងារជាមួយឥណ្ឌូណេស៊ីឆ្ពោះទៅរកការកសាងតំបន់ “ឥណ្ឌូ-ប៉ាស៊ីហ្វិក ដ៏សេរីនិងបើកចំហ ” ផងដែរនោះ ប្រទេសទាំងពីរក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងចំណងមិត្តភាពសេដ្ឋកិច្ចនិងសន្តិសុខ។ ស្រាប់តែមន្ត្រីជាន់ខ្ពស់ជប៉ុនបាននិយាយនៅថ្ងៃអង្គារនេះដូចគ្នាថា៖ មីស៊ីលរយៈចម្ងាយឆ្ងាយដំបូងរបស់ខ្លួនត្រូវបានដាក់ពង្រាយហើយនៅជំរំកងទ័ពនាភាគនិរតីប្រទេស ខណៈដែលប្រទេសនេះកំពុងជំរុញឱ្យមានការពង្រឹងសមត្ថភាពវាយលុករបស់ខ្លួនបន្ថែម។ មីស៊ីលប្រភេទ Type-12 ដែលវាមានសមត្ថភាពបាញ់ឡើងពីដីទៅកាន់កប៉ាល់បាន ត្រូវបានជប៉ុនអភិវឌ្ឍ និងផលិតដោយក្រុមហ៊ុន Mitsubishi Heavy Industries របស់ជប៉ុន ដោយចាប់ផ្តើមដំណើរការនៅជំរំ Kengun ក្នុងខេត្ត Kumamoto។ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនលោក Shinjiro Koizumi បានប្រាប់អ្នកយកព័ត៌មានថា “ការដាក់ពង្រាយម៉ីស៊ីលនេះគឺបង្ហាញពីការតាំងចិត្តយ៉ាងមុតមាំ និងសមត្ថភាពរបស់ជប៉ុនក្នុងកិច្ចការពារខ្លួន”។ ភាពវិវឌ្ឍន៍នៃមីស៊ីលប្រភេទ Type-12 បានពង្រីកខ្លួនក្នុងចម្ងាយប្រហែលជា១០០០គីឡូម៉ែត្រ ដែលវាជាការពង្រីកខ្លួនដ៏សំខាន់ពីចម្ងាយ ២០០គីឡូម៉ែត្រនៃមីស៊ីលដើម ដែលនឹងអនុញ្ញាតឱ្យវាអាចទៅដល់ដែនដីគោករបស់ចិនបាន។ ការដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយនៅពេលនេះ ហាក់បានកំពុងផ្តល់ឱ្យជប៉ុននូវសមត្ថភាព “ប្រឈមមុខដាក់គ្នា” ដែលមានន័យថា វាអាចវាយប្រហារមូលដ្ឋានមីស៊ីលរបស់សត្រូវពីចម្ងាយបាន ដែលវាជាការបំបែកចេញពីគោលនយោបាយការពារខ្លួនតែមួយគត់ដែលប្រទេសនេះបានអនុវត្តតាមជាយូរមកហើយក្រោមរដ្ឋធម្មនុញ្ញសន្តិភាពនិយមរបស់ខ្លួនដែរ។ ប្រជាពលរដ្ឋដែលប្រឆាំងនឹងការដាក់ពង្រាយនៅជិតតំបន់លំនៅដ្ឋាន ក៏បានចេញមកធ្វើបាតុកម្មនៅខាងក្រៅជំរំ Kengun ដោយនិយាយថាវានឹងបង្កើនភាពតានតឹង និងបង្កើនហានិភ័យផងដែរ នៅក្នុងតំបន់ទាំងនោះ ប្រសិនបើសត្រូវចង់កំណត់គោលដៅវាយប្រហារបកមកវិញ៕ 

សម្រួលអត្ថបទ៖សុផារិន្ទ