សោកនាដកម្មគួរឲ្យរន្ធត់! យន្តហោះឥណ្ឌាដែលធ្លាក់ចុះជ្រុលទៅបុកអគារអន្តេវាសិកដ្ឋាននិស្សិតពេទ្យសម្លាប់មនុស្សសរុបជាង២៩០នាក់ កុមារ១១នាក់ និងមានតែម្នាក់ប៉ុណ្ណោះដែលនៅរស់

ជើងហោះហើរ Air India លេខ AI171 ដែលធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ដោយផ្ទុកមនុស្សសរុប២៤២នាក់បានធ្លាក់ភ្លាមៗ បន្ទាប់ពីវាហោះចេញពីទីក្រុង Ahmedabad រដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌាកាលពីល្ងាចថ្ងៃព្រហស្បតិ៍នេះ។ ជើងហោះហើរនេះបានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Sardar Vallabhbhai Patel ក្នុងទីក្រុង Ahmedabad ចម្ងាយប្រហែលជា១៧គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុង Gandhinagar ក្នុងរដ្ឋ Gujarat ។ យោងតាមក្រុមហ៊ុនអាកាសចរណ៍ Air India យន្តហោះ Boeing 787-8 បានចាកចេញពីអាកាសយានដ្ឋាន Ahmedabad នៅវេលាម៉ោង១៣និង៣៨នាទី ម៉ោងក្នុងស្រុក ហើយបានដឹកជញ្ជូនអ្នកដំណើរចំនួន២៣០នាក់ ព្រមទាំងអាកាសយានិក២នាក់ និងសមាជិកបម្រើការងារលើយន្តហោះចំនួន១០នាក់ផងដែរ។ ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា ក្នុងចំណោមទាំងអស់មានអ្នកដំណើរជនជាតិឥណ្ឌា ១៦៩នាក់ ជនជាតិអង់គ្លេស៥៣នាក់ កាណាដាម្នាក់ និងព័រទុយហ្គាល់៧នាក់ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានក្រុមហ៊ុន Air India លោក Chandrasekaran បានបញ្ជាក់ផ្ញើសាររំទុក្ខសោក យ៉ាងជ្រាលជ្រៅបំផុតជូនក្រុមគ្រួសារជនរងគ្រោះនិងបានលើកឡើងថាជើងហោះហើរដែលធ្វើដំណើរទៅកាន់អាកាសយានដ្ឋាន London Gatwick បានជាប់ពាក់ព័ន្ធក្នុងឧបទ្ទវហេតុដ៏សោកនាដកម្មមួយនេះ គឺពិតជាសោកស្តាយខ្លាំងណាស់។ លោកបាននិយាយទៀតថា “វាជាការពិតដែលយើងត្រូវតែទទួលយក ហើយខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ជ្រាលជ្រៅបំផុតជាមួយគ្រួសារសព និងបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍នៅក្នុងតួរយន្តហោះ និងមនុស្សជាទីស្រលាញ់របស់ពួកគេទាំងអស់ដែលរងផលប៉ះពាល់ដោយព្រឹត្តិការណ៍ដ៏មហន្តរាយនេះ។ លោក Chandrasekaran បាននិយាយបន្ថែមថា យោងតាមការធ្វើបច្ចុប្បន្នភាពបន្ថែមទៀត ហេតុការណ៍នេះនឹងត្រូវបានចែករំលែកភ្លាមៗនៅពេលដែលព័ត៌មានបន្ថែមមាន។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថាយន្តហោះនេះបានហោះឡើងដល់កម្ពស់ប្រហែលជា៨២៥ហ្វីតប៉ុណ្ណោះរួចក៏បានធ្លាក់ចុះមកភ្លាមៗ ក្នុងតំបន់ Meghani នៃទីក្រុង Amedabad។ ប៉ូលិសបាននិយាយថាយន្តហោះនេះបានធ្លាក់បុកនិងទើលើអគារស្នាក់នៅ ឬ អន្តេវាសិកដ្ឋាននិស្សិតរៀនពេទ្យនិងវេជ្ជបណ្ឌិតឥណ្ឌានៅក្នុងស្រុក ដែលក្នុងអាគារនេះគឺមានមនុស្សស្នាក់នៅរហូតដល់២០០នាក់។ យោងតាមព័ត៌មានបឋមចុងក្រោយបានឲ្យដឹងថាមានតែមនុស្សម្នាក់គត់ប៉ុណ្ណោះបានរួចផុតពីសេចក្តីស្លាប់ និងមនុស្សសរុបជាង២៩០នាក់ត្រូវគេជឿជាក់ថាបានស្លា.ប់ទាំងអស់(ក្នុងយន្តហោះ២៤២នាក់ ក្រៅពីនោះជាជនរងគ្រោះនៅលើដី) ហើយចំនួនមនុស្សស្លាប់អាចនឹងកើនឡើងទៀតដោយសាររថយន្តសង្រ្គោះទៅកាន់មន្ទីរពេទ្យនៅតែសកម្ម និង ការព្យាបាលកំពុងតែមមាញឺកដូចគ្នា ដែលវាជាសោកនាដកម្មដ៏អាក្រក់មួយកម្រកើតមានខ្លាំងណាស់នៅប្រទេសឥណ្ឌា៕
សម្រួលអត្ថបទ៖ សុផារិន្ទ