សេចក្តីប្រកាសព័ត៌មានស្តីពីការចុះអនុស្សរណៈយោគ យល់រវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និង ធនាគារជាតិអភិវឌ្ឍន៍ជនបទ និងកសិកម្ម ប្រទេសឥណ្ឌា (National Bank For Agriculture and Rural Development – NABARD)

ភ្នំពេញ÷នាថ្ងៃសុក្រ ៨រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងម៉ុមបៃ ប្រទេសឥណ្ឌា, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចូលរួមជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារជាតិអភិវឌ្ឍន៍ជនបទ និងកសិកម្ម ប្រទេសឥណ្ឌា (National Bank For Agriculture and Rural Development – NABARD) ដែលជាធនាគារអភិវឌ្ឍន៍ឥណ្ឌាផ្តោតលើការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍នៅតំបន់ជនបទ។

អនុស្សរណៈយោគយល់នេះ មានគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍នៃប្រទេសកម្ពុជា និងធនាគារអភិវឌ្ឍន៍នៃប្រទេសឥណ្ឌា ក្រោមទម្រង់ការបង្កើតជាថ្នាលសម្រាប់ការចែករំលែកឧត្តមានុវត្តន៍លើនវានុវត្តន៍ហិរញ្ញប្បទានកសិកម្ម ពិសេសការធ្វើឌីជីថលូបនីយកម្មទៅក្នុងការផ្តល់ហិរញ្ញប្បទានខ្សែច្រវាក់ផលិតកម្មកសិកម្ម និងកសិ-ឧស្សាហកម្ម។ លើសពីនេះទៅទៀត, អនុស្សរណៈយោគយល់នេះ នឹងសហការលើការជំរុញសកម្មភាពនៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) សំដៅចូលរួមការអភិវឌ្ឍតំបន់ប្រកបដោយចីរភាព។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានដឹកនាំគណៈប្រតិភូធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បំពេញទស្សនកិច្ចសិក្សានៅ កសិដ្ឋាន សាយ៉ាទ្រី ដែលជាកសិដ្ឋានដ៏ធំមួយក្នុងប្រទេសឥណ្ឌា ផ្តោតលើការធ្វើសមាហរណកម្មនៃខ្សែច្រវាក់តម្លៃផលិតកម្មបន្ថែ និងផ្លែ-ឈើ ដើម្បីដកស្រង់បទពិសោធន៍ និងបច្ចេកទេសកសិកម្ម ផងដែរ៕