សេចក្ដីប្រកាសព័ត៌មានកម្ពុជាប្រកាសពីការបង្កើតអង្គប្រជុំអគ្គព្រះរាជអាជ្ញា/អគ្គរដ្ឋអាជ្ញាអាស៊ាន

មហាអយ្យការអមតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសជាផ្លូវការអំពីការចុះហត្ថលេខាលើ សេចក្តីប្រកាសសានូបាលី (Sanu Bali Declaration) ដែលបានធ្វើឡើងនៅថ្ងៃទី១៥-១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។ សេចក្ដីប្រកាសនេះបានបង្កើតជាផ្លូវការនូវ អង្គប្រជុំ អគ្គព្រះរាជអាជ្ញា/អគ្គរដ្ឋអាជ្ញាអាស៊ាន (APAGM) ជាស្ថាប័នថ្នាក់រដ្ឋមន្ត្រីតាមវិស័យផ្លូវការរបស់អាស៊ាន(ASMB)ការវិវឌ្ឍន៍ស្ថាប័នដ៏សំខាន់នេះ គឺជាលទ្ធផលនៃកិច្ចពិគ្រោះយោបល់យ៉ាងយកចិត្តទុកដាក់ក្នុងចំណោមបណ្តារដ្ឋជាសមាជិកអាស៊ានអស់រយៈពេលជាច្រើនឆ្នាំ។ ជំហានគន្លឹះមួយគឺកិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៅខេត្តសៀមរាបក្នុងឆ្នាំ២០២៤ ដែលក្នុងនោះកិច្ចព្រមព្រៀងជាឯកច្ឆន្ទត្រូវបានសម្រេចលើការបង្កើតអង្គប្រជុំ APAGM និងការរៀបចំឯកសារគ្រឹះ រួមមានសេចក្តីប្រកាស និងលក្ខខណ្ឌយោង (ToR)។ វេទិកាថ្មីសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ក្នុងតំបន់អាស៊ាន ការបង្កើតអង្គប្រជុំ APAGM នេះតំណាងឱ្យស្នាដៃដ៏សំខាន់មួយនៅក្នុងកិច្ចសហប្រតិបត្តិការរបស់អាស៊ានលើផ្នែកច្បាប់ យុត្តិធម៌ និងការកសាងសហគមន៍។ វេទិកាស្ថាប័នថ្មីនេះ ផ្តល់ឱកាសពិសេសសម្រាប់ព្រះរាជអាជ្ញា និងអគ្គព្រះរាជអាជ្ញារបស់អាស៊ានដើម្បី៖

-ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអយ្យការឆ្លងដែនក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន។

-លើកកម្ពស់ការឆ្លើយតបរួមចំពោះបទឧក្រិដ្ឋឆ្លងដែនជាច្រើនប្រភេទ រួមមានឧក្រិដ្ឋកម្មតាមអ៉ីនធឺណែត ការជួញដូរមនុស្ស ការលាងលុយកខ្វក់ អំពើពុករលួយ និងឧក្រិដ្ឋកម្មបរិស្ថានជាដើម។ -លើកកម្ពស់នីតិរដ្ឋ និងការការពារប្រជាពលរដ្ឋ ស្របតាមធម្មនុញ្ញអាស៊ាន និងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។

ការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះយុត្តិធម៌ក្នុងតំបន់

ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគន្លឹះក្នុងឆ្នាំ២០២៤ នៅខេត្តសៀមរាប និងជាអ្នកគាំទ្រយ៉ាងខ្ជាប់ខ្ជួន ចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់កាន់តែប្រសើរ ព្រះរាជាណាចក្រកម្ពុជាមានការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះភាពជោគជ័យរួមនេះ។ មហាអយ្យការអមតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់ ឡើងវិញនូវការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុង៖

-ចូលរួមយ៉ាងសកម្មក្នុងកិច្ចការ និងគំនិតផ្តួចផ្តើមរបស់អង្គប្រជុំ APAGM។

-គាំទ្រការអភិវឌ្ឍ និងការអនុវត្តកម្មវិធីជាក់ស្ដែង វគ្គបណ្តុះបណ្តាលរួម និងគំនិតផ្តួចផ្តើមសហការ។ -ប្រកាន់ខ្ជាប់នូវស្តង់ដារខ្ពស់បំផុតនៃសុចរិតភាព វិជ្ជាជីវៈ និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យយុត្តិធម៌របស់អាស៊ាន។ជំហានបន្ទាប់ និងទស្សនវិស័យនាពេលអនាគតការចុះហត្ថលេខាលើសេចក្ដីប្រកាសសានូបាលី គឺជាជំហានដ៏សំខាន់ឆ្ពោះទៅរកការបញ្ចូលអង្គប្រជុំ APAGM ជាផ្លូវការទៅក្នុងរចនាសម្ព័ន្ធស្ថាប័នរបស់អាស៊ាន។ សេចក្តីប្រកាសនេះត្រូវបានរំពឹងថានឹងត្រូវបានទទួលស្គាល់ដោយកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ ដែលវានឹងត្រូវបានដាក់បញ្ចូលក្រោមឧបសម្ព័ន្ធ ទី១ នៃធម្មនុញ្ញអាស៊ាន។ មហាអយ្យការអមតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអាស៊ាន ដើម្បីធានាថាអង្គប្រជុំ APAGM ពង្រឹងប្រសិទ្ធភាពនូវភាពធន់រួមរបស់តំបន់ ប្រឆាំងនឹងបទឧក្រិដ្ឋឆ្លងដែន និងផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋអាស៊ានទាំងអស់៕