សៀវភៅ ស សង្គមកិច្ច ជាសៀវភៅបង្ហាញពីការពិតនៃតម្រូវការ និងការផ្គត់ផ្គង់សេវាសង្គមកិច្ចនៅកម្ពុជាដោយផ្អែកលើភស្តុតាង និងឧត្តមានុវត្តន៍ដែលបានសិក្សាស្រាវជ្រាវទាំងនៅក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ

ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការសៀវភៅ ស សង្គមកិច្ច ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថា សៀវភៅ ស សង្គមកិច្ច ជាសៀវភៅបង្ហាញពីការពិតនៃតម្រូវការ និងការផ្គត់ផ្គង់សេវាសង្គមកិច្ចនៅកម្ពុជាដោយផ្អែកលើភស្តុតាង និងឧត្តមានុវត្តន៍ដែលបានសិក្សាស្រាវជ្រាវទាំងនៅក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ជាមួយនឹងការចូលរួមផ្ដល់ធាតុចូល និងការគាំទ្រពីក្រសួង ស្ថាប័ន សមាគម និងអង្គការមិនមែនរាជរដ្ឋាភិបាលពាក់ព័ន្ធ។ សៀវភៅនេះ ក៏បង្ហាញពីប្រវត្តិរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចាប់តាំងពីការបញ្ចប់នៃសម័យអាណានិគមបារាំង មកដល់បច្ចុប្បន្ន ដែលអាចចាត់ទុកថាជាឯកសារប្រវត្តិសាស្ត្រមួយសម្រាប់វិស័យសង្គមកិច្ច និងការបណ្ដុះបណ្ដាលព្រមទាំងការសិក្សាស្រាវជ្រាវនានារបស់សិស្សានុសិស្សនៅគ្រប់កម្រិតឧត្តមសិក្សា។

ឯកឧត្តម ជា សុមេធី បន្តថា សៀវភៅ ស សង្គមកិច្ច គឺជាការបែងចែករវាងសេវាសង្គម និងសេវាឯកទេសសង្គមកិច្ច។ ការបែងចែកនេះ បានជួយឲ្យអ្នករៀបចំគោលនយោបាយយល់ឃើញថា មកទល់ពេលនេះវិស័យសង្គមកិច្ចនៅតែខ្វះខាតអ្នកឯកទេសផ្ដល់សេវាសង្គមកិច្ចជាច្រើនប្រភេទសម្រាប់អតិថិជន និងក្រុមគ្រួសាររបស់គេ។ សម្រាប់ប្រទេសកម្ពុជា ប្រជាពលរដ្ឋពិតជាមានតម្រូវការខ្លាំងដែលយើងទាំងអស់គ្នាត្រូវចាប់ផ្ដើមគិតគូរពីការវិនិយោគលើសេវាឯកទេសសង្គមកិច្ចដែលចាំបាច់ក្នុងការដោះស្រាយបញ្ហាមុខងារកាយសម្បទា មុខងារផ្លូវចិត្ត និងមុខងារសង្គម។ សេវាឯកទេសសង្គមកិច្ចក៏ជាកត្តាលិករដ៏សំខាន់ក្នុងការជំរុញឲ្យសេវាសុខាភិបាលកាន់តែមានប្រសិទ្ធភាព ព្រោះថាមនុស្សដែលរងគ្រោះដោយសារបញ្ហាសង្គម ឬបញ្ហាជីវិតភាគច្រើនមានតម្រូវការទាំងការព្យាបាល និងថែទាំផ្នែកវិជ្ជសាស្ត្រ រួមនឹងការស្ដារ និងថែទាំផ្នែកសង្គម ទើបពួកគេអាចវិលត្រឡប់ទៅរស់នៅក្នុងគ្រួសារ និងសហគមន៍ក្នុងភាពប្រក្រតី និងឯករាជ្យឡើងវិញ។ តាមរយៈទិន្នន័យក្នុងសៀវភៅនេះ រាជរដ្ឋាភិបាលបានបង្កើនកញ្ចប់ថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់វិស័យសង្គមកិច្ចដោយជាមធ្យម 91% នៃថវិកាសរុបរបស់ក្រសួងត្រូវបានប្រើប្រាស់ដោយផ្ទាល់សម្រាប់កម្មវិធីជាតិជំនួយសង្គមនិងរបបសោធននិវត្តន៍។
នេះបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំថា រាជរដ្ឋាភិបាលមិនទុកឲ្យពលរដ្ឋណាម្នាក់រងគ្រោះដោយឯកោឡើយ។

ដើម្បីឲ្យការប្រើប្រាស់សៀវភៅ ស សង្គមកិច្ច បានទូលំទូលាយ ព្រមទាំងរៀបចំគោលនយោបាយជាតិ ស្ដីពីសង្គមកិច្ចឲ្យមានប្រសិទ្ធភាពនិងអនុវត្តបានជោគជ័យ អគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ចត្រូវបោះពុម្ពសៀវភៅនេះបន្ថែមទៀត ដើម្បីចែកជូនគ្រប់ក្រសួង ស្ថាប័ន គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល ទាំងរដ្ឋ ឯកជន និងអង្គការដៃគូឲ្យបានទូលំទូលាយទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ក្រុមការងាររៀបចំគោលនយោបាយត្រូវដាក់បញ្ចូលយុទ្ធសាស្ត្រសម្រាប់ការវិនិយោគ និងពង្រីកទីផ្សារការងារនៃសេវាឯកទេសសង្គមកិច្ចទាំងក្នុងវិស័យរដ្ឋ ឯកជន សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទៅក្នុងគោលនយោបាយជាតិស្ដីពីសង្គមកិច្ចដែលកំពុងរៀបចំ។ វិទ្យាស្ថានជាតិសង្គមកិច្ច ត្រូវពង្រឹងការបណ្ដុះបណ្ដាលជំនាញនានាសម្រាប់ការផ្ដល់សេវាឯកទេសដោយផ្ដោតមុខងារបុគ្គល ការស្ដារចិត្តសាស្ត្រសង្គម និងការថែទាំសង្គមសម្រាប់មនុស្សវ័យចាស់ ជនមានពិការភាព ជនវិបល្លាសស្មារតីជាដើម។